ដោយៈ សុខុម
ភ្នំពេញ: បុរសម្នាក់នៅខេត្តសៀមរាប ដែលមានក្ដីស្រមៃពេញមួយជីវិតចង់ស្គាល់រសជាតិជិះយន្តហោះ ប៉ុន្តែគ្មានវាសនា ឬគ្មានឱកាសបានជិះសូម្បីតែម្ដងនោះ បានសាងសង់ផ្ទះយន្តហោះផ្ទាល់ខ្លួន ដើម្បីបំពេញក្ដីសុបិន។
ពេលនេះ ផ្ទះយន្តហោះដែលសាងសង់ នៅកណ្ដាលវាលស្រែស្ថិតក្នុងភូមិសាស្ត្រភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប នេះមិនត្រឹមតែល្បីល្បាញក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងល្បីល្បាញដល់ក្រៅប្រទេសថែមទៀត រហូតត្រូវសារព័ត៌មានអន្តរជាតិធំៗដូចជា Reuters និង CNA យកទៅចុះផ្សាយ។
ផ្ទះយន្តហោះ ដែលមានកម្ពស់ផុតពីដី៦ម៉ែត្រ និងមានបន្ទប់គេង២ ព្រមទាំងបន្ទប់ទឹក២នេះ ត្រូវបានសាងសង់ឡើង ដោយម្ចាស់ផ្ទះផ្ទាល់ឈ្មោះ ច្រាច ពៅ វ័យ៤៣ឆ្នាំ។
លោក ច្រាច ពៅ ដែលមានការងារជាជាងសំណង់ និងដែលជាម្ចាស់ផ្ទះយន្តហោះនេះ បានប្រាប់ទីភ្នាក់ព័ត៌មាន Reuters ថា រហូតមកទល់ពេលនេះ គាត់បានចំណាយប្រាក់អស់ប្រមាណ២០.០០០ដុល្លារ សម្រាប់ការសាងសង់ផ្ទះនេះ ក្រោយពីខំសន្សំប្រាក់រហូត ដល់ទៅ៣០ឆ្នាំសម្រាប់គម្រោងនេះ។
គាត់បាននិយាយដោយក្ដីរីករាយថា “ខ្ញុំពិតជារំភើបណាស់ ដែលអាចសម្រេចក្តីសុបិនរបស់ខ្ញុំពេលនេះ ទោះជាវាមិនទាន់សម្រេចបាន១០០%ក៏ដោយ”។
បុរសរូបនេះបានបង្ហើបឱ្យដឹងថា គាត់មានគម្រោងសាងសង់ហាងកាហ្វេមួយ នៅក្បែរផ្ទះយន្តហោះនេះ សម្រាប់ភ្ញៀវដែលមកទស្សនាផ្ទះរបស់គាត់ ហើយគាត់នៅតែមានសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃណាមួយគាត់នឹងមានវាសនា បានជិះយន្តហោះពិត ទោះជាសារភាពថា គាត់ភ័យខ្លាចក្នុងការជិះយន្តហោះក៏ដោយ៕ Reuters៕