ចំណេះដឹងអចលនទ្រព្យៈ មុនសម្រេចទិញផ្ទះសូមមើលលក្ខខណ្ឌទាំង៣យ៉ាងនេះឱ្យច្បាស់សិន

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍លំនៅឋាន កំពុងកើនឡើងជាបន្តបន្ទាប់ សម្រាប់បំពេញតម្រូវការអតិថិជន ដែលកំពុងមានតម្រូវការ ដោយអ្នកអភិវឌ្ឍន៍ទាំងនោះ តែងតែប្រើគ្រប់មធ្យោបាយ ក្នុងការធ្វើទីផ្សារទាក់ទាញអតិថិជនគោលដៅរបស់ខ្លួន ឱ្យទិញលំនៅឋានរបស់ពួកគេ។

ប្រសិនបើលោកអ្នកកំពុងចង់ស្វែងរកទិញផ្ទះ សូមពិចារណាលើចំណុចសំខាន់ទាំង៣នេះសិន ចៀសវាងជួបផលពិបាកក្រោយពេលទិញ។

១.កុំឆាប់ជឿពេក

ជាធម្មតាអ្នកលក់ តែងតែពូកែវោហាស័ព្ទបញ្ចុះបញ្ចូលអ្នកទិញ ដោយពួកគេព្យាយាមនិយាយអួត អំពីគម្រោងលំនៅឋានរបស់គេថា ល្អអីចេះល្អអីចុះ ! ហើយប្រសិនបើលោក អ្នកជាមនុស្សស៊ីជោរ ពូកែជឿពាក្យបញ្ជោរទៀតនោះនឹង លោកអ្នកនឹងអាចនឹងសម្រេចចិត្តភ្លាមៗ ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយ។

ក្នុងន័យនេះ មិនមែនឱ្យលោកអ្នកមិនស្តាប់នូវអ្វី ដែលអ្នកលក់រៀប​រាប់រ៉ាយរ៉ាប់នោះទេ តែលោកអ្នកត្រូវគិតថា អ្វីដែលគេនិយាយអំពីគម្រោងលំនៅឋាននោះ តើវាត្រូវនឹងអ្វីដែលលោក អ្នកកំពុងតែត្រូវការដែរឬទេ?។

២. ប្រយ័ត្នលើការបង់រំលស់

ការបង់រំលស់ គឺជាលក្ខខណ្ឌបង់ប្រាក់មួយដ៏ពេញនិយម សម្រាប់អ្នកអភិវឌ្ឍន៍គម្រោង ដាក់ចេញក្នុងការធ្វើទីផ្សារ ផ្សព្វផ្សាយសម្រាប់លក់គម្រោ​ងលំនៅឋាននីមួយៗ។ ប៉ុន្តែសម្រាប់ការបង់រំលស់ មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ក៏ព្រោះតែអតិថិជនដែលជ្រើសរើស យកលក្ខខណ្ឌបង់រំលស់នេះ ដោយសារពួកគេមិនមានលុយដុំគ្រប់គ្រាន់ សម្រាប់បង់ផ្តាច់ ឬទុកលុយ សម្រាប់បង្វែរវិនិយោគលើអ្វីផ្សេងៗជាដើម តែអ្វីដែលលោកអ្នកត្រូវគិតគូរឱ្យបានម៉ត់ចត់នោះគឺ ៖ ចំនួនប្រាប់បង់រម្លស់, ការប្រាក់ និងរយៈពេលបង់រំលស់។

៣. មើលឱ្យច្រើនចាំសម្រេច

គម្រោងផ្ទះនីមួយៗ តែងតែមានចំណុចល្អផ្សេងៗគ្នា ដូច្នេះលោកអ្នកអាចប្រើវិធីសាស្ត្រ១០-៣-១ ដើម្បីជ្រើសរើសផ្ទះ ដែលត្រូវនឹងតម្រូវការរបស់លោកអ្នក។

វិធីសាស្ត្រ១០ -៣- ១ នេះមានន័យថា លោកអ្នកអាចទៅមើលគម្រោងផ្ទះ ដោយផ្ទាល់តែម្តងឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន រួចលោកអ្នកជ្រើសរើសផ្ទះចំនួន៣ ដែលល្អបំផុត ដើម្បីយកមកប្រៀបធៀបគ្នា​។

ចុងក្រោយត្រូវជ្រើសរើសយកតែ១ប៉ុណ្ណោះ ដែលលោកអ្នកគិតថាផ្ទះនោះល្អស័ក្តិសម ទៅនឹងតម្រូវការរបស់លោកអ្នក។ ការធ្វើដូច្នេះអាចនឹងឱ្យអ្នកទទួលបានផលល្អ និងមិនស្តាយក្រោយក្នុងការទិញផ្ទះ។

ទាំងនេះ គ្រាន់តែចំនុចមួយចំនួនប៉ុណ្ណោះ យ៉ាងណានៅមានកត្តាមួយចំនួនទៀតដែលគួរពិចារណា ដូចជាប្លង់កម្មសិទ្ធិ សិក្សាពីគុណភាពសំណង់ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here