ផ្លូវលេខ២០០៤ប្រែពីតំបន់ឃ្លាំងលក់រថយន្តជជុះ ក្លាយជាតំបន់ លំនៅឋានប្រណីតៗ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់តាមបណ្ដោយផ្លូវ២០០៤ពីមុន គ្រាន់តែជាតំបន់ដាក់តាំងលក់រថយន្តជជុះ ឬមួយទឹកប៉ុន្តែបច្ចុប្បន្ននេះ តំបន់តាមបណ្ដោយផ្លូវ២០០៤ បានក្លាយជាតំបន់លំនៅដ្ឋានប្រណីតៗ ដ៏គួរឱ្យទាក់ទាញ ដោយមានក្រុមហ៊ុនក្នុងស្រុកជាច្រើន បានអភិវឌ្ឍន៍លំនៅឋាននៅតំបន់នេះ យ៉ាងមមាញឹក និងបានធ្វើឱ្យតំបន់នេះកាន់តែមានភាពស៊ីវិល័យ។

បើយើងធ្វើដំណើរពីចំណុផ្លូវ២៧១ ឬផ្លូវខេមរភូមិន្ទ មកកាន់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ តាមបណ្ដោយផ្លូវនេះកំពុងមានការកែប្រែយ៉ាងឆាប់រហ័ស ដោយមានផ្សារទំនើប ហាងកាហ្វេល្បីៗ សាលារៀនអន្តរជាតិ និងលំនៅដ្ឋានលំដាប់អភិជនជាច្រើន ដែលខុសពីកាលពីប៉ុន្មានឆ្នាំមុននេះ តំបន់តាមបណ្ដោយផ្លូវ២០០៤ ភាគច្រើនជាងឃ្លាំងលក់រថយន្តជជុះៗតែប៉ុណ្ណោះ ។

តំបន់នេះត្រូវបានចាប់ផ្ដើមមានការអភិវឌ្ឍ ចាប់តាំងពីមានគម្រោងខុនដូមួយរបស់សិង្ហបុរី បានបោះទីតាំងវិនិយោគនៅទីនោះ ហើយបន្តបន្ទាប់ក៏មានគម្រោងផ្សេងៗទៀត បានចាប់ផ្ដើមអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលនឹងធ្វើឱ្យតំបន់នេះ កាន់តែមមាញឹក និងកាន់តែទំនើបនាពេលឆាប់ៗនេះ  ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាបានមើលឃើញថា តំបន់ផ្លូវ២០០៤នេះគឺជាតំបន់ល្អ និងមានសក្ដានុពល ដោយបច្ចុប្បន្ននេះ មានមន្ទីរពេទ្យ សាលារៀនអន្តរជាតិធំៗ មានផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្មនិងអាពាហ៍ពិពាហ៍ ក៏ដូចជានៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលធ្វើដំណើរចេញចូលទៅ ព្រលានយន្តហោះបានលឿនរហ័ស។ តំបន់នេះ ក៏ងាយស្រួល ក្នុងការធ្វើដំណើរទៅបណ្ដាខេត្តងាយស្រួល ក្នុងការចេញនិងចូលក្នុងទីក្រុងជាដើម។

លោកច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងថា  នៅពេលរាជធានីភ្នំពេញកាន់តែរីកសាយ តំបន់ជាយក្រុងកាលពីមុន នឹងក្លាយជាតំបន់ទីប្រជុំជន ឬកណ្ដាលក្រុងវិញ ហើយតំបន់ជាយក្រុង នឹងកាន់តែខិតទៅឆ្ងាយពីទីប្រជុំជនឬកណ្ដាលក្រុង។

លោកបន្តថា ការអភិវឌ្ឍរាជធានីភ្នំពេញ យើងឃើញថានៅកណ្ដាលក្រុង នឹងត្រូវបានយកសម្រាប់អភិវឌ្ឍន៍ តំបន់ពាណិជ្ជកម្មឬអគារខ្ពស់ៗ ហើយតំបន់ជាយៗ នឹងត្រូវអភិវឌ្ឍន៍ជាលំនៅដ្ឋាន ប្រភេទជាផ្ទះជាប់ដី ប៉ុន្តែតំបន់ណា ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះនឹងទទួលបានការអភិវឌ្ឍនិងចាប់អារម្មណ៍ខ្លាំង ពីប្រជាពលរដ្ឋនិងអ្នកវិនិយោគ ។

ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance បានមានប្រសាសន៍កន្លងមកដែរថា កាលណាទីក្រុងកាន់តែរីកចម្រើន ការប្រែសក្ដានុពលនៅក្នុងតំបន់មួយនឹងកើតឡើង ជាក់ស្ដែងតំបន់រោងចក្រ ឧស្សាហកម្មនៅជិតៗក្រុង នឹងត្រូវរើទីតាំងទៅកាន់តំបន់ជាយក្រុង ហើយជំនួសមកវិញនូវលំនៅឋានឬតំបន់ពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here