ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Property Perfect Plc (PF) ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនថៃ (SET) គ្រោងបោះទុនប្រមាណ៥៩,៦៦លានដុល្លារ ដើម្បីបង្កើតគម្រោងប្រើប្រាស់ចម្រុះ និងទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅលើផ្លូវ Ratchadaphisek ស្ថិតក្នុងទីក្រុង Huai Khwang។
លោក Sanith Adhyanasakul នាយកប្រតិបត្តិក្រុមហ៊ុន PF បានមានប្រសាសន៍ថា គម្រោងនេះនឹងក្លាយជាការអភិវឌ្ឍន៍ បែបពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន ហើយគម្រោងនេះ នឹងត្រូវចំណាយពេលសាងសង់ចំនួន២ឆ្នាំ និងចាប់ផ្តើមបង្កើតប្រាក់ចំណូលនៅឆ្នាំ២០២៥។
លោកបន្តថា “យើងបានជួលដីនេះកាលពី១០ឆ្នាំមុន ហើយបានស្វែងរកដៃគូ ដើម្បីគ្រប់គ្រងកន្លែងលក់រាយ នៅក្នុងគម្រោងរបស់យើង”។លោកបញ្ជាក់ថា “យើងក៏បានចំណាយរយៈពេល២ខែ ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ជាមួយប្រតិបត្តិករក្រុមហ៊ុន Jodd Fairsផងដែរ”។
WeRetail ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធលក់រាយ របស់ក្រុមហ៊ុនមេ PF បានចុះកិច្ចសន្យាជាមួយលោក Pairoj Roykaew ដែលជាប្រតិបត្តិករក្រុមហ៊ុន Jodd Fairs ដែលនឹងគ្រប់គ្រងតំបន់ទិញទំនិញ នៅក្នុងគម្រោង រួមមានផ្ទៃ ក្នុងទំហំ២៥.០០០ម៉ែត្រការ៉េ ដែលមាន៣ជាន់ និងផ្ទៃខាងក្រៅទំហំ៥,៦រ៉ៃ នៅខាងមុខប៉ម។
ប៉មនេះមានកម្ពស់១២ជាន់ ដែលជាន់ចំនួន៥ត្រូវបានបែងចែកសម្រាប់ការិយាល័យ ដែលមានទំហំសរុប២០.០០០ម៉ែត្រការ៉េ និងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន PF ជាការិយាល័យកណ្តាលថ្មីរបស់ខ្លួន។
ចំណែក ការិយាល័យមួយចំនួនទៀត ត្រូវបានបែងចែកទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Grande Asset Hotels & Property Plc.។

គម្រោងមិនបញ្ចេញឈ្មោះនេះ ស្ថិតនៅលើដីទំហំ១៣រ៉ៃ នៅលើផ្លូវ Ratchadaphisek ជិត Big C Extra Ratchadaphisek និងស្ថានីយ៍ MRT របស់ប្រទេសថៃ ដែលក្រុមហ៊ុន PF បានជួលពីម្ចាស់ដីអស់រយៈពេល៣០ឆ្នាំមកហើយ៕