លំនៅដ្ឋានកាន់តែច្រើននៅសិង្ហបុរី អាចនឹងត្រូវដាក់លក់ឡាយឡុង ខណៈចំនួនញត្តិប្រកាសក្ស័យធនកើនឡើង

0

ដោយៈ សុខុម

សិង្ហបុរី: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអង់គ្លេស Knight Frank បានទម្លាយឱ្យដឹងថា លំនៅដ្ឋានកាន់តែច្រើននៅក្នុងប្រទេសសិង្ហបុរី អាចនឹងត្រូវដាក់លក់ឡាយឡុង ខណៈចំនួនញត្តិប្រកាសក្ស័យធនកើនឡើង។

ផ្អែកតាមរបាយការណ៍ចុងក្រោយ របស់ក្រុមហ៊ុន Knight Frank ស្តីពីទីផ្សារលក់ឡាយឡុង កាលពីថ្ងៃទី៣០ ខែមករា បង្ហាញថា ស្ថានភាពនេះកើតឡើង ស្របពេលថ្លៃចំណាយជីវភាព កើនឡើងកាន់តែខ្ពស់ អត្រាការប្រាក់ក៏កាន់តែកើនឡើង ហើយវិធានការជួយគាំទ្រ ដើម្បីសម្រាលវិបត្តិកូវីដ-១៩ ត្រូវបានកាត់បន្ថយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ។

ទិន្នន័យរបស់ក្រសួងច្បាប់ (Ministry of Law) នៃប្រទេសសិង្ហបុរី ដែលទទួលបន្ទុកផ្នែកយុត្តិធម៌ នីតិរដ្ឋ សេដ្ឋកិច្ច និងសង្គមតាមរយៈគោលនយោបាយ ច្បាប់ និងសេវាកម្មបង្ហាញថា ពលរដ្ឋចំនួន៣.៦៤៨នាក់បានដាក់ញត្តិ ប្រកាសក្ស័យធនក្នុងឆ្នាំ២០២២ ដោយកើនឡើង១៥%បើធៀបនឹងចំនួនញត្តិ៣.១៦០ញត្តិ ដែលត្រូវបានដាក់ក្នុងឆ្នាំ២០២១។

ក្រុមហ៊ុន Knight Frank បានលើកឡើងតាមរយៈរបាយការណ៍របស់ខ្លួនថា មានការចុះបញ្ជីលក់ឡាយឡុ ងចំនួន៤២០ក្នុងឆ្នាំ២០២២ ហើយចំនួននេះ អាចនឹងកើនឡើងពី៤០% ទៅ៥០%ឈានរហូតដល់ប្រមាណ៦០០នៅឆ្នាំនេះ។

ចំនួនចុះបញ្ជីលក់ឡាយឡុងនោះ រួមមាន ទាំងលំនៅដ្ឋានឯកជនចំនួន១៨៤យូនីតដែលម្ចាស់ ឬធនាគារបានដាក់លក់ឡាយឡុង ព្រមទាំងតូបលក់រាយ ការិយាល័យ កន្លែងផលិតកម្មចំនួន២១១យូនីត ផ្ទះអាជីវកម្មចំនួន១១ អាផាតម៉ិនចំនួន១២ និងផ្ទះផ្សេងទៀតចំនួន២ផងដែរ។

ក្នុងចំណោមនោះ  អចលនទ្រព្យចំនួន៤០ ត្រូវបានលក់ឡាយឡុងក្នុងតម្លៃសរុប៦៨លានដុល្លារអាមេរិក៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here