ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យបង្កើតក្រុងថ្មីៗមួយចំនួន នៅតាមបណ្ដាខេត្តជាពិសេសក្រុងថ្មីៗ នៅក្នុងខេត្តកណ្ដាលជុំវិញរាជធានីភ្នំពេញ ដូចជា ក្រុងអរិយក្សត្រ ទីក្រុងសំពៅពូន ទីក្រុងឧត្តុងម៉ែជ័យជាដើម។
អ្នកជំនាញនៃវិស័យអចលនទ្រព្យ បានបង្ហាញទស្សនថា ការបង្កើតក្រុងថ្មីៗ នឹងផ្ដល់ផលជាវិជ្ជមានដល់ទីផ្សារអចលនទ្រព្យបន្ថែមទៀត។
-->
លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឱ្យដឹង កាលពីថ្ងៃទី៩ កុម្ភៈថា ទីក្រុងថ្មី ដែលរដ្ឋាភិបាលបានបង្កើតឡើងជាពិសេសក្រុងថ្មីមួយចំនួន ក្នុងខេត្តកណ្ដាលរួមមានអរិយក្សត្រ ក្រុងសំពៅពូន និងក្រុងឧដុង្គម៉ែជ័យ នឹងផ្ដល់ផលល្អដល់ទីផ្សារអចលនទ្រព្យ ជាពិសេសនៅតំបន់ទាំងនោះផ្ទាល់។
លោកបន្តថា “ការបង្កើតទីក្រុងទាំងនេះ វានឹងជំរុញឱ្យការមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីក្រុងថ្មីៗទាំងនោះ ហើយការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះហើយ ដែលជំរុញឱ្យទីផ្សារអចលនទ្រព្យមានហាងឆេងបន្ថែមទៀត”។
លោកសន សៀបបានបន្តថា ដើម្បីឱ្យស័ក្តិសមជាទីក្រុង តំបន់នោះគឺត្រូវតែមានភាពអ៊ូអរ ហើយដើម្បីឱ្យមានភាពអ៊ូអរ គឺត្រូវតែមានមនុស្សទៅរស់នៅច្រើន ដូច្នេះទាំងរដ្ឋនិងឯកជន នឹងចាប់អារម្មណ៍លើតំបន់ទីក្រុងថ្មីនិងអភិវឌ្ឍន៍តំបន់ ឱ្យកាន់តែមានការទាក់ទាញកាន់តែខ្លាំង ។
លោកបញ្ជាក់ថា “អ្នកវិនិយោគមិនថាក្នុង និងក្រៅស្រុកពេលលឺថាតំបន់ណាបង្កើតទីក្រុងភ្លាម ពួកគេនឹងចាប់អារម្មណនៅតំបន់នោះ នឹងអាចសិក្សាស្វែងរកការវិនិយោគនានាភ្លាមផងដែរ”។

លោកបន្ថែមថា ទីក្រុងទាំងបីក្នុងខេត្តកណ្ដាល ដែលរាជរដ្ឋាភិបាលទើបនឹងបង្កើតឡើង គឺជាទីក្រុងសំខាន់ក្នុងការជម្លៀសពលរដ្ឋ ចេញពីភ្នំពេញទៅកាន់តំបន់ទាំងនោះ ហើយក៏អាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញបានច្រើន។ តំបន់នៃទីក្រុងទាំងបីនេះ គឺមានដីធំទូលាយច្រើន ដែលអាចទទួលអ្នកចំណូលថ្មីៗ ទៅកាន់នោះថែមទៀត។ ដូច្នេះការវិនិយោគអចលនទ្រព្យ នឹងមានសកម្មភាពច្រើនឡើង នៅតំបន់ទីក្រុងទាំងបីនេះ ។
ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance បានឱ្យដឹងថា ការអភិវឌ្ឍដំបូងនៅទីក្រុងថ្មី គឺហេដ្ឋារចនាសម្ព័ន្ធ ហើយបន្ទាប់មកគឺលំនៅឋាន។ នៅពេលមានហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ទឹក ភ្លើង គ្រប់គ្រាន់ នោះអ្នកអភិវឌ្ឍន៍លំនៅឋាន នឹងចូលទៅអភិវឌ្ឍន៍ សម្រាប់ផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន ជាបន្តបន្ទាប់ផងដែរ ។
ជាការកត់សម្គាល់ តំបន់ក្រុងថ្មីៗដែលរាជរដ្ឋាភិបាលបង្កើតឡើងតែងទទួលបានការវិនិយោគពីឯកជនបន្ថែម។ ជាក់ស្តែង ក្រុងបូកគោនៅក្នុងខេត្តកំពត ក៏ឃើញថាមានការចាប់អារម្មណ៍ ពីវិនិយោគិនក្នុងនិងក្រៅប្រទេសច្រើនផងដែរ និងបានធ្វើឱ្យតំបន់នោះ មានភាពទាក់ទាញជាងមុន ។
យ៉ាងណាក្ដីក្រុងថ្មីៗ ដែលទើបបង្កើត ក៏រំពឹងថានឹងទទួលបានការអភិវឌ្ឍលឿនដូចនឹងទីក្រុងដែលបង្កើតមុនផងដែរ៕
