ដោយៈ ជេស៊ីកា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ខេត្តព្រះសីហនុ បានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងរៀបចំតំបន់រាម ខេត្តព្រះសីហនុជាទីក្រុងថ្មីមួយ នាពេលអនាគត។
អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានមានប្រសាសន៍ក្នុងកម្មវិធីThe Great Debate ដែលរៀបចំឡើងដោយ សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា នៅក្នុងគំរោងអភិវឌ្ឍន៍The Factory Phnom Penhកាលពីថ្ងៃទី៨ កុម្ភៈថា ស្របនឹងការរៀបចំMaster Plan ខេត្តព្រះសីហនុ តាមលំនាំទីក្រុងស៊ិនជិន នៅប្រទេសចិន ដើម្បីទាក់ទាញលុយបន្ថែម មកវិនិយោគនៅខេត្តនេះ រដ្ឋាភិបាលបាននិងកំពុងរៀបចំតំបន់រាមជាទីក្រុងថ្មី។
លោកបន្តថា “យើងរៀបចំតំបន់នេះជាទីក្រុងថ្មី ស្របពេលហេដ្ឋារចនាសម្ព័ន្ឋនានាបាន និងកំពុងអភិវឌ្ឍន៍តាមនិន្នាការនេះ”។ លោកបន្តថា “ចំណែកទីក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ន នឹងរក្សាជាទីក្រុងចាស់ ដែលនឹងមានការអភិវឌ្ឍតាមផែនការមេ ដែលបាននិងកំពុងរៀបចំ”។
លោកឡុង ឌីម៉ង់បានបន្តថា ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឈន៍ខេត្តព្រះសីហនុ ជាទីក្រុងពហុបំណង មានគោលដៅទាក់ទាញទុនវិនិយោគបន្ថែម ស្របពេលខេត្តនេះ ជាខេត្តមានសក្តានុពលសេដ្ឋកិច្ច ដោយមានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា មានព្រលានយន្តហោះលំដាប់អន្តរជាតិ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ដែលចំណាយពេលត្រឹម២ម៉ោងក្នុងការធ្វើដំណើរ និងមានហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដើម្បីបំរើដល់ការអភិវឌ្ឍន៍ឧស្សាហកម្ម ទេសចរណ៍នៅក្នុងខេត្តនេះ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនPrince Holding Groupបានសហការជាមួយក្រុមហ៊ុនលំដាប់យក្សមួយទៀត ដើម្បីចាប់ផ្តើមកសាងទីក្រុងថ្មីមួយ ដែលមានទំហំជាង៨០០ហិកតា ដោយដាក់ឈ្មោះថា Light of The Bay៕
