ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ជាមួយនឹងកំនើនឥតឈប់ឈរនៃតម្លៃដីធ្លី និងការវិនិយោគអចលនទ្រព្យពីសំណាក់អ្នកវិនិយោគធំៗពីបរទេស ឧកញ៉ាធំៗដែលកំពុងមានឈ្មោះបោះសម្លេងក្នុងវិស័យនេះ នៅតែមានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនរយៈពេល១០ទៅ២០ឆ្នាំទៀត។

-->
លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបនិងបាននិងកំពុងវិនិយោគបុរីវិមានភ្នំពេញ យ៉ាងជោគជ័យបានថ្លែងអោយដឹងកាលពីពេលថ្មីៗនេះថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារកំនើនប្រជាសាស្ត្រ ការកើនឡើងផ្នែកនគរូបនីយកម្ម និងកំនើនសេដ្ឋកិច្ច ពិសេសការកើនឡើងនូវចំនួនអ្នកវិនិយោគមកពីបរទេស។
លោកបន្តថា “ខ្ញុំគិតថាបើស្ថានភាពសេដ្ឋកិច្ចរបស់យើង នៅតែរក្សាបានកំនើនល្អប្រសើរក្នុងរង្វង់៧ភាគរយ និងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយដូចសព្វថ្ងៃនេះ។
យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងរយៈពេល៩ខែឆ្នាំនេះមានទឹកប្រាក់៥៦៣៦លានដុល្លារអាមេរិក កើនឡើង២២ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះដែរ លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Group បានសម្តែងសុទិដ្ឋិនិយមផងដែរថា ទីផ្សារអចលនទ្រព្យនៅតែមានសញ្ញាវិជ្ជមាននៅកម្ពុជា ដោយលោកមើលឃើញថា ការរីកចម្រើនវិស័យនេះនឹងបន្តរក្សាកំនើនក្នុងរយៈពេលវែងបន្តទៀត ដោយសារសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានកំនើនរ៉ឹងមាំ កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសប្រជាជនកម្ពុជាដែលមានវ័យក្រោម៣០ឆ្នាំមានប្រមាណ៦០ទៅ៧០ភាគរយ។
លោកបន្តថា “ទោះជាយ៉ាងណាអ្នកវិនិយោគ គួរផ្តោតលើទីតាំងជាសំខាន់ និងត្រូវមានមូលដ្ឋានថវិការ៉ឹងមាំ ដើម្បីគំរោងរបស់ខ្លួនទទួលបានជោគជ័យ ទន្ទឹមនឹងការយកចិត្តទុកដាក់លើគុណភាព និងសោភ័ណភាពសំណង់ផងដែរ។
អគ្គនាយកក្រុមហ៊ុនអ៊ែតវូត និងជាប្រធានតំបន់សេដ្ឋកិច្ចភ្នំពេញ និងក្រុមហ៊ុនជាច្រើនទៀត គឺលោកជំទាវ លឹម ឈីវហូរ បានថ្លែងថា កំណើននៃការវិនិយោគដោយផ្ទាល់ពីបរទេស កំនើនសេដ្ឋកិច្ច និងកំនើននៃការវិនិយោគក្នុងវិស័យនេះ ពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ កំពុងធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែរីកចម្រើន ហើយនឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត។

លោកជំទាវបានបន្តថា “ខ្ញុំគិតថាវិស័យសំណង់ និងអចលនវត្ថុនឹងបន្តរីកចម្រើនរយៈពេល១០ឆ្នាំខាងមុខទៀត ដោយសារលំហួរចូលនៃអ្នកវិនិយោគចិន ពិសេសក្រុមហ៊ុនចិនធំៗជាច្រើនបាននិងកំពុងចូលមកកាន់កម្ពុជា”៕