ដោយ: គង់ លាងហួរ
ភ្នំពេញ: តម្រូវការសម្ភារៈសំណង់ ដូចជា ស៊ីម៉ងត៍កំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលសេដ្ឋកិច្ចរបស់បណ្តាប្រទេស នៅក្នុងតំបន់អាស៊ី រួមទាំងប្រទេសកម្ពុជា កំពុងបន្តងើបឡើងវិញ។
លើសពីនេះ វិធានការរបស់រដ្ឋាភិបាលក្នុងការកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គ្រាន់តែបន្ថែមការបង្កើនតម្រូវការតែប៉ុណ្ណោះ។
-->

យោងតាមរបាយការណ៍ស្រាវជ្រាវស្តីពី ឧស្សាហកម្មស៊ីម៉ងត៍នៅតំបន់អាស៊ីអាគ្នេយ៍បានឱ្យដឹងថា តម្រូវការស៊ីម៉ងត៍ នឹងបន្តកើនឡើងក្នុងរយៈពេល១០ឆ្នាំខាងមុខ។
របាយការណ៍ខាងលើនេះ បានផ្តោតលើបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនដូចជា សិង្ហបុរី ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា ប្រ៊ុយណេ ឡាវ និងកម្ពុជា។
ការអភិវឌ្ឍន៍នៃឧស្សាហកម្មស៊ីម៉ងត៍ មានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រទេសកម្ពុជា បានបំពេញផ្នែកសំខាន់មួយនៃតម្រូវកាស៊ីម៉ងត៍របស់ខ្លួន តាមរយៈផលិតកម្មក្នុងស្រុក។

កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ ហើយរោងចក្រទាំងនោះបំពេញតម្រូវការស៊ីម៉ងត៍ ក្នុងស្រុកបានប្រហែល៩០ភាគរយ។នេះបើយោងតាមរបាយការណ៍របស់សមាគមផលិតស៊ីម៉ងត៍កម្ពុជា (CCMA) ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
ចំណែកឯ តម្រូវការស៊ីម៉ងត៍ចំនួន១០ភាគរយទៀតរបស់កម្ពុជា ត្រូវបានបំពេញតាមរយៈការនាំចូល ភាគច្រើនមកពីប្រទេសវៀតណាម ប្រទេសឥណ្ឌា និងប្រទេសអាល្លឺម៉ង់៕