ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២១ ពោលគឺក្នុងអំឡុងពេលផ្ទុះរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ ទោះបីជាមានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ ក្នុងរយៈពេលដ៏ខ្លី ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងដំបូងរបស់ខ្លួនដែលមានឈ្មោះថាបុរី ដឹ រ៉េស៊ីដិន និងបានត្រៀមរួចជាស្រេចសម្រាប់ការបើកសម្ពោធនៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះ ។ លោកស្រី លី ដាលីន ដែលជាសហគ្រិនឆ្នើមមួយរូប គឺជាស្ថាបនិក និងអគ្គនាយិកានៃក្រុមហ៊ុននេះ ហើយលោកស្រីបានចែករំលែកអំពីដំណើរការរបស់ក្រុមហ៊ុនដោយឆ្លងកាត់ស្ថានភាពលំបាកជាសកល និងការត្រៀមខ្លួនរួចរាល់ក្នុងការបោះជំហានទៅមុខនៅឆ្នាំ ២០២៣ និងឆ្នាំខាងមុខទៀត។
- តើលោកស្រីអាចណែនាំខ្លួនបន្ថែមបានទេ ហើយហេតុអ្វីបានជាលោកស្រីសម្រេចចិត្តចូលក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនេះ?
ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូប នាងខ្ញុំបានសង្កេតឃើញពីភាពរីកចម្រើនលើគ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជា ដែលស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះនាងខ្ញុំតែងតែចង់ធ្វើអ្វីមួយ តាមសមត្ថភាព និងលទ្ធភាពដែលនាងខ្ញុំអាចធ្វើបានដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងនាំមកនូវផលវិជ្ជមានដល់សហគមន៍ និងមនុស្សជុំវិញខ្លួន។
នៅក្នុងឆ្នាំ ២០១៤ នាងខ្ញុំបាននាំយកហាងនំ BreadTalk មកប្រទេសកម្ពុជា ហើយជាច្រើនឆ្នាំមកនេះ ក្រុមការងាររបស់នាងខ្ញុំក៏បាននាំមកនូវគុណតម្លៃជាច្រើន ជូនដល់ប្រជាជនតាមរយៈផលិតផលដែលមានគុណភាពខ្ពស់ ឱកាសការងារ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀតសម្រាប់សហគមន៍។ បន្ថែមពីនេះ នាងខ្ញុំក៏មានតួនាទីជាគណៈគ្រប់គ្រងនៅក្នុងអាជីវកម្មមួយចំនួនទៀតក្នុងវិស័យផ្សេងៗគ្នា ដូចជាសណ្ឋាគារ និងបដិសណ្ឋារកិច្ច អគារស្នាក់នៅ និងពាណិជ្ជកម្ម និងអចលនទ្រព្យជាដើម។
ដោយ ការជឿទុកចិត្ត និងការគាំទ្រពីក្រុមការងារ ដៃគូអាជីវកម្ម និងអតិថិជន រួមជាមួយនឹងបទពិសោធដែលនាងខ្ញុំទទួលបានពី អាជីវកម្មផ្សេងៗគ្នាជាច្រើន នាងខ្ញុំបានសម្រេចចិត្តបើកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កនៅក្នុងឆ្នាំ ២០២១ ក្រោមការប្ដេជ្ញាចិត្តរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបង្កើតឱកាស ក៏ដូចជាគុណតម្លៃបន្ថែមសម្រាប់ប្រជាជន និងសហគមន៍។
- តើលោកស្រីអាចប្រាប់ បន្ថែមអំពីក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និងគម្រោងបុរី ដឹ រ៉េស៊ីដិន ដែលជាគម្រោងដំបូងរបស់លោកស្រីបានទេ?
ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យដែលផ្តោត ទៅលើការសាងសង់លំនៅដ្ឋាន និងអគារពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងទីតាំងសំខាន់ៗដែលមានសក្តានុពល សេដ្ឋកិច្ច។ នាងខ្ញុំ និងក្រុមការងារមានចក្ខុវិស័យច្បាស់លាស់ក្នុងការបង្កើតនូវសហគមន៍លំនៅដ្ឋាន និងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលរួមបញ្ជូលនូវគុណភាព ប្រណីតភាព ផាសុកភាព និងគុណតម្លៃប្រចាំថ្ងៃជាច្រើនទៀតសម្រាប់អតិថិជន។
យើងខ្ញុំនឹងខិតខំផ្ដល់ជូននូវ លំនៅដ្ឋានដែលមានគុណភាព ដោយរួមបញ្ចូលនូវប្រណីតភាព សុវត្ថិភាព និងឯកជនភាព ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរកការរស់នៅតាមបែបជឿនលឿន ក៏ដូចជានៅជិតតំបន់ដែលព័ទ្ធទៅដោយបរិយាកាសពាណិជ្ជកម្ម សម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។ គម្រោងបុរី ដឹ រ៉េស៊ីដិនគឺជាការវិនិយោគដំបូងរបស់យើងទៅលើសហគមន៍លំនៅដ្ឋាននៅតាមបណ្តោយផ្លូវទំនប់ ៧មករា (ផ្លូវ ៥០ ម៉ែត្រ) ដែលជាតំបន់រីកចម្រើនលឿនបំផុតមួយក្នុងទីក្រុង និងកំពុងទាក់ទាញអាជីវកម្មក្នុងស្រុក និងក្រៅស្រុកចម្រុះគ្នាជាច្រើន។ តំបន់នេះកំពុងវិវត្តទៅជាទីតាំងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍទីក្រុង។ សាលារៀនអន្តរជាតិ មន្ទីរពេទ្យ សហគ្រាសធុនមធ្យម និងធុនធំ បានមានវត្តមានក្នុងតំបន់នេះរួចជាស្រេច រួមទាំងព្រលានយន្តហោះអន្តរជាតិថ្មី ផ្សារទំនើប AEON Mall មានជ័យ និងអាជីវកម្មជាច្រើនទៀតក៏នឹងកំពុងចូលមកបង្ហាញខ្លួនក្នុងតំបន់នេះផងដែរ ដែលធ្វើឱ្យបុរី ដឹ រ៉េស៊ីដិននឹងចូលរួមចំណែកក្នុងការធ្វើទំនើបកម្មលើផ្លូវ ៦០ ម៉ែត្រ ក៏ដូចជាប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ជាមួយនឹងទំហំអចលនទ្រព្យ ៤១៧ ខ្នង។
- តើលោកស្រីមានជំនឿយ៉ាងណាដែរក្នុងការចាប់ផ្តើមក្រុមហ៊ុននេះឡើង ខណៈពេលដែលកំពុងមានការប្រកួតប្រជែងខ្លាំង?
យើងខ្ញុំបានដឹងថាក្នុងវិស័យនេះមានការប្រកួតប្រជែងខ្លាំង ដូច្នេះក្រុមការងារទាំងអស់ត្រូវតែបន្តខិតខំប្រឹងប្រែង និងធ្វើការរួមគ្នា ដើម្បីផ្តល់ជូននូវអ្វីដែលពិសេសលើសពីការរំពឹងទុករបស់អតិថិជនយើង។ ជាមួយការចាប់ផ្តើមដ៏រឹងមាំរបស់គម្រោងបុរី ដឹ រ៉េស៊ីដិន បទពិសោធនៃភាពជោគជ័យ ការត្រៀមខ្លួនសម្រាប់អនាគត រួមជាមួយនឹងការគាំទ្រ ការជឿទុកចិត្តពីអតិថិជន និងដៃគូសហការទាំងអស់ យើងមានសុទិដ្ឋិនិយមថា ពួកយើងប្រាកដជាអាចបង្កើតលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមគ្រប់លទ្ធភាពដែលយើងអាចធ្វើបាន។
មានមេរៀនភាពជាអ្នកដឹកនាំសំខាន់ៗមួយចំនួន ដែលនាងខ្ញុំបានរៀន អភិវឌ្ឍបន្ថែម និងអនុវត្តជាក់ស្ដែងចំពោះអាជីវកម្មរបស់ខ្ញុំផ្ទាល់គឺ៖ ភាពស្មោះត្រង់ យុត្តិធម៌ ទំនួលខុសត្រូវខ្ពស់ ការលើកទឹកចិត្ត ការគោរព ការធ្វើការងារជាក្រុម និងការទំនាក់ទំនង។ តាមរយៈការបន្តអនុវត្តចំណុចទាំងនេះ ខ្ញុំមានសុទិដ្ឋិនិយមជាខ្លាំងថាយើងនឹងសម្រេចបានជោគជ័យជាច្រើនទៀតក្នុងដំណើរខាងមុខ។
- តើលោកស្រីមានទស្សនៈយ៉ាងណាចំពោះភាពខ្លាំង និងភាពខ្សោយនៃអាជីវកម្មរបស់លោកស្រី?
ចំណុចខ្លាំងរបស់យើងពឹងផ្អែកលើគុណតម្លៃស្នូលដែលយើងប្រកាន់ខ្ជាប់ទូទាំងស្ថាប័នទាំងមូល រួមមាន៖
១ ក្រុមការងារ៖ យើងមានមោទនភាពដែលមានក្រុមការងារមួយពោរពេញទៅដោយសមត្ថភាព ហើយពួកយើងមានការប្ដេជ្ញាចិត្តរួមគ្នាដើម្បីនាំមកនូវស្ដង់ដារអន្តរជាតិជូនដល់អតិថិជនតាមរយៈរាល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលយើងមាន។ ដើម្បីសម្រេចបាននូវគុណតម្លៃមួយនេះ ពួកយើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ និងពង្រឹងធនធានមនុស្សរបស់យើងទាំងផ្នែកបុគ្គលិកលក្ខណៈ និងផ្នែកវិជ្ជាជីវៈ។
២ គុណភាព៖ យើងខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានលើសពីការរំពឹងទុករបស់អតិថិជនរបស់យើង ព្រោះពួកយើងចង់ផ្ដល់ជូនពួកគាត់នូវលំនៅដ្ឋានដែលមានគុណភាពខ្ពស់ស្របតាមស្ដង់ដារអន្តរជាតិ។ សុភមង្គលរបស់អតិថិជន និងសហគមន៍គឺជាភាពជោគជ័យសំខាន់មួយដែលយើងចង់បាន។
៣ ទំនុកចិត្ត៖ យើងប្រកាន់ខ្ជាប់នូវទំនុកចិត្តសម្រាប់រាល់ប្រតិបត្តិការអាជីវកម្ម ការសហការ ជាមួយក្រុមការងារ និងដៃគូអាជីវកម្មរបស់យើងផងដែរ។ យើងតែងតែគិតអំពីអតិថិជនជាសំខាន់ និងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានទំនុកចិត្តពីពួកគាត់រាល់គម្រោងដែលពួកយើងអភិវឌ្ឍន៍។
៤ ការច្នៃប្រឌិត៖ ដោយសារតែប្រទេស និងសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន និងលូតលាស់ខ្លាំង យើងក៏ត្រូវតែមានការច្នៃប្រឌិតសម្រាប់បំពេញតម្រូវការរបស់អតិថិជនរបស់យើងដែរ ពោលគឺការផ្ដល់នូវបទពិសោធន៍ថ្មីជូនដល់អតិថិជន។ អតិថិជនរបស់យើងនឹងអស់ក្ដីបារម្ភពីស្ដង់ដារនៃការរស់នៅរបស់ពួកគាត់ ព្រោះពួកយើងយកចិត្តទុកដាក់ខ្លាំងលើសុភមង្គល និងសុវត្ថិភាពប្រចាំថ្ងៃរបស់ពួកគាត់។
៥ ការរីកចម្រើន៖ អ្វីដែលជម្រុញទឹកចិត្តរបស់យើងក្នុងការបោះជំហានទៅមុខ គឺការរីកចម្រើន និងភាពជោគជ័យនៃអាជីវកម្មរបស់យើង អតិថិជន និងដៃគូសហការដែលយើងមាន។ យើងបានវិនិយោគទៅលើធនធាន ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីអនុវត្តនូវយុទ្ធសាស្រ្តអាជីវកម្មមួយដែលអាចឱ្យយើងទាំងអស់គ្នារីកចម្រើនទៅមុខជាមួយគ្នាប្រកបដោយនិរន្តរភាព។
ចំពោះភាពទន់ខ្សោយ នាងខ្ញុំនឹងមិនរៀបរាប់ពីបញ្ហាប្រឈមណាមួយថាជាចំណុចខ្សោយនោះទេ ប៉ុន្តែខ្ញុំគិតថាចំណុចទាំងនេះជាឱកាសទៅវិញ។ ខ្ញុំនៅតែមើលឃើញឱកាសជាច្រើនសម្រាប់យើង នៅពេលសេដ្ឋកិច្ចបន្តរីកចម្រើន ជាមួយនឹងតម្រូវការកើនឡើងនៃសហគមន៍លំនៅដ្ឋាន និងអគារពាណិជ្ជកម្មក្នុង និងក្រៅរាជធានីភ្នំពេញ។
- តើអ្វីជាសមិទ្ធផលធំបំផុតរបស់ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ក្នុងឆ្នាំ ២០២២? ហើយតើលោកស្រីបានរៀបចំផែនការអ្វីខ្លះសម្រាប់ឆ្នាំ ២០២៣ នេះ?
សមិទ្ធផលមួយដែលខ្ញុំមានមោទនភាពបំផុត គឺការអភិវឌ្ឍគម្រោងបុរី ដឹ រ៉េស៊ីដិន ព្រោះគម្រោងនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង សាមគ្គីភាព និងភាពជឿជាក់ដែលក្រុមការងាររបស់យើងទាំងមូលរួមគ្នាសម្រេចបាន ។
បន្ថែមពីនេះ យើងមានក្រុមការងារដ៏រឹងមាំមួយដែលមានបទពិសោធ និងជំនាញផ្សេងៗគ្នា ប៉ុន្តែយើង មានបេសកកម្មរួមក្នុងការលើកកម្ពស់ការរស់នៅក្នុងសហគមន៍តាមរយៈកិច្ចការងារ និងសេវាកម្មដែលយើងផ្ដល់ជូន។
ពួកយើងបានសហការគ្នារៀបចំកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យជាច្រើន ហើយក៏បានបញ្ចប់ការសាងសង់ផ្ទះគំរូ និងគម្រោងផ្ទះអាជីវកម្មប្រភេទ A ដើម្បីត្រៀមប្រគល់ផ្ទះជូនអតិថិជនរបស់យើង ទោះបីមានបញ្ហាប្រឈមនានាដែលបណ្តាលមកពីជំងឺកូវីដ-១៩ក៏ដោយ។
ខ្ញុំក៏មានមោទនភាពយ៉ាងខ្លាំងផងដែរ ចំពោះសមិទ្ធផលដែលក្រុមការងារ និងអាជីវកម្មរបស់យើងបាននាំទៅកាន់ក្រុមគ្រួសារខ្មែរតាមរយៈសកម្មភាពសហគមន៍របស់យើងដែលមានឈ្មោះថា “Share The Love” ដែលយើងបានប្តេជ្ញាចិត្តចែករំលែកក្តីស្រលាញ់ និងរីកចម្រើនទៅមុខរួមគ្នាជាមួយសហគមន៍កម្ពុជារបស់យើង។ ទោះបីជាយើងទើបតែចាប់ផ្តើមក្តី តែយើងបានផ្ដល់ការគាំទ្រជាច្រើនក្នុងអំឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមានការបរិច្ចាគដល់ក្រុមអាជ្ញាធរដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺនេះ លោកតាស៊ីក្លូ ជនចាស់ជរា និងប្រជាជនជាច្រើនទៀតដែលត្រូវការជំនួយ។ នៅក្នុងកម្មវិធី “Share The Love” យើងផ្តោតលើការជួយគាំទ្រក្នុងផ្នែកសំខាន់ៗ ៣ គឺ៖ សហគមន៍ដែលកំពុងខ្វះខាត, សុខភាព និងសុខុមាលភាព, និងការអភិវឌ្ឍន៍ធនធានមនុស្សជំនាន់ក្រោយ។
ឆ្នាំ ២០២៣ គឺជាពេលវេលាដ៏គួរឱ្យរំភើបមួយទៀតសម្រាប់យើង ដោយសារយើងមានគម្រោងអភិវឌ្ឍសហគមន៍លំនៅដ្ឋាន និងពាណិជ្ជកម្មបន្ថែមទៀតនៅក្នុង និងក្រៅរាជធានីភ្នំពេញ។ ខេត្តព្រះសីហនុក៏ជាជាចំណុចសំខាន់មួយរបស់យើងផងដែរ។ នាងខ្ញុំនឹងអាចចែករំលែកព័ត៌មានបន្ថែមអំពីគម្រោងទាំងនេះ នៅប៉ុន្មានខែខាងមុខទៀត។
- តើលោកស្រីមានទស្សនៈយ៉ាងណាចំពោះអនាគតនៃវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា?
ការទិញអចលនទ្រព្យ គឺជាការវិនិយោគ និងជាផែនការរយៈពេលវែងដ៏ល្អមួយសម្រាប់ក្រុមគ្រួសារ។ ខ្ញុំបានអានលទ្ធផលពីការស្ទង់មតិមួយធ្វើឡើងដោយ Realestate.com.kh ដែលចេញផ្សាយនៅលើកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីឆ្នាំមុន ដោយអ្នកឆ្លើយតបជាង ៩០% បាននិយាយថាការទិញអចលនទ្រព្យគឺជាការវិនិយោគដ៏ល្អប្រសើរមួយនៅកម្ពុជា។ ខណៈពេលនេះពួកយើងទាំងអស់គ្នាកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីបោះជំហានទៅមុខក្រោយវិបត្តិជំងឺកូវីដ ១៩ ហើយតាមរយៈការប្ដេជ្ញាចិត្តខ្ពស់ពីក្រុមការងារ និងការបន្តគាំទ្រពីអតិថិជន ខ្ញុំជឿជាក់យ៉ាងច្បាស់ថា មានឱកាសជាច្រើនទៀតកំពុងរង់ចាំយើងនៅក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនេះនៅក្នុងឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត។