សញ្ញាវិជ្ជមានជាច្រើនដែលនឹងទាក់ទាញលំហូរវិនិយោគ និងទេសចរណ៍ចិនកាន់តែច្រើនចូលមកកាន់កម្ពុជា

0

ដោយៈ ​ច្រាយ ចំណាន

       ភ្នំពេញៈ សញ្ញាវិជ្ជមានជាច្រើនបានលេចឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិនកាលពីចុងសប្តាហ៍មុន។

ជាមួយនឹងចំណងមិត្តភាពដ៏ជ្រាលជ្រៅ ជាមិត្តដែកថែប ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងការពន្លឿននូវ “ការបង្កើតសហគមន៍ នៃជោគវាសនារួម” បាននិងកំពុងធ្វើឲ្យកម្ពុជាមានភាពកក់ក្តៅ ជាមួយក្តីសង្ឃឹមខ្ពស់ ដោយមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបានរំពឹងថា អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ចិននឹងមកវិនិយោគ និងទស្សនាកម្ពុជាយ៉ាងច្រើនកុះករនាពេលខាងមុខ។

លទ្ឋផលទទួលបានតាមការរំពឹងទុក

ជាមួយនឹងគោលបំណងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋធំៗ និងស្នើសុំឲ្យមានការគាំទ្រ ពីមិត្តចិនរបស់សម្តេតេជោ លើការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ សៀមរាប និងតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែត គឺទទួល​បានការគាំទ្រពីប្រធានាធិបតីចិន ខណៈក្រុមហ៊ុនចិនធំមួយបានសិក្សាពីការស្ថាបនាផ្លូវនេះរួចទៅហើយ ជាមួយទុនវិនិយោគប្រមាណ៤០០០លានដុល្លារអាមេរិក។

លើសពីនេះ ក្រុមហ៊ុនចិនក៏បានបញ្ចប់​​ ការសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ បញ្ចប់ការសិក្សាគំរោងស្តារទន្លេរសាប ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប បញ្ចប់និងត្រៀមសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតជាដើម។

លោកស៊ី ជិនពីង បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

ពង្រឹងបន្ថែមនូវទំនាក់ទំនងដ៏កក់ក្តៅ

       ជាមួយនឹងជំនួបរយៈពេល១០០នាទី នៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានផ្តល់សារដ៏កក់ក្តៅជាច្រើន ដល់សម្តេ​ចតេជោបានមានប្រសាសន៍ សំដែងនូវការស្វាគមន៍ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១ ដែលបានអញ្ជើញមកបំពេញទស្ស​នកិច្ចនៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។

មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោ​គវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១ នយោ​បាយ និងការទូត ទី២ វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ទី៣កសិកម្ម ទី៤ថាមពល ទី៥ សន្តិសុខ និងទី៦ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

នៅក្នុងជំនួបគ្នានេះ លោកស៊ី ជីនពីង បានគាំទ្រចំពោះជំហគោលនយោបាយរបស់កម្ពុជា ចំពោះភាពឯករាជ្យ បូរណភាពទឹកដី របស់កម្ពុជា។

ប្រធានាធិបតីមានប្រសាសន៍ ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌ នៅតំបន់ជុំវិញបឹងទន្លេសាប។

ប្រធានាធិបតីចិនអនុញ្ញាត្តឲ្យកម្ពុជាចូលជាសមាជិកCIPS

ក្នុងជំនួបពិភាក្សាការ​ងាររបស់សម្តេចតេជោ ហ៊ុន សែន ជាមួយលោកប្រធានាធិបតីចិន លោកស៉ី ជិនពីង សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យកម្ពុជា បានចូលជាសមាជិកអង្គការCIPS ដែលសមាជិកភាពនេះមានសារសំខាន់ខ្លាំងណាស់ ព្រោះនឹងបង្កលក្ខណៈងាយស្រួល ក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិនផងដែរ។

ជាការឆ្លើយតបនឹងសំណើរ របស់សម្តេចតេជោហ៊ុន សែន លោកប្រធានាធិបតីចិន បានបង្ហាញភាពវិជ្ជមាន ដោយស្វាគមន៍នូវសំណើនេះ និងជំរុញក្រុមការងារបច្ចេកទេសពិនិត្យ និងសិក្សាអំពីកិច្ចសហប្រតិបត្តិការនេះ។

សារវិជ្ជមានកាន់តែច្រើន

       រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភាបានមានប្រសាសន៍ឲ្យដឹងក្នុងសន្និ​សីទសារព៌តមានស្តីពី លទ្ឋផលនៃដំណើរទស្សនកិច្ច របស់សម្តេចតេជោកាលពីចុងសប្តាហ៍មុនថា អ្នកវិនិយោគចិន និងភ្ញៀវទេសចរណ៍ចិនច្រើនកុះករ នឹងមកវិនិយោគ និងធ្វើដំណើរទេសចរណ៍មកកាន់កម្ពុជា។

លោកបានថ្លែងថា ក្នុងវេទិកាជួបជាមួយអ្នកធុរកិច្ចចិន នៅទីក្រុងប៉េកាំង ក្រោមអធិបតីភាពសម្តេចតេជោ ក្រុមអ្នកវិនិយោគចិនជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ដោយពួកគេបានចាប់អារម្មណ៍នូវអ្វី ដែលជាការលើកឡើងរបស់សម្តេចតេជោ ពិសេសពេលចប់កម្មវិធីពួកគេមិនបានចាកចេញភ្លាមៗទេ គឺក្រុមអ្នកធុរកិច្ចចិនបាននៅរហូតដល់ចប់កម្មវិធី។

លោកបន្តថា “ខ្ញុំមានក្តីសង្ឃឹម ដំណើរទស្សនកិច្ចរបស់សម្តេច បញ្រ្ចា​សទិស នៅពេលគេរត់ចោលចិន សម្តេចចូលទៅ។ នេះគេដឹងទាំងអស់នៅស្រុកចិន”។ លោកបន្តថា “នៅប្រទេសចិន ប្រជាជនចិនហៅប្រធានាធិបតីចិនថា “ពូស៊ី” ហើយពួកគេហៅសម្តេចតេជោថា “ពូ”ដែរ មានន័យថាពួកគេគោរព ស្រលាញ់សម្តេចតេជោដូចគ្នា”។

យើងបានធ្វើកិច្ចការច្រើនណាស់ ដោយលោកសុខ ចិន្តាសោភាបានលើកឡើងនូវពាក្យពុំនោលខ្មែរថា “ទំពក់ទៅ ទើបព្នៅ វាមក”៕

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here