ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលរដ្ឋាភិបាល កំពុងស្វែងរកដំណោះស្រាយលើបញ្ហាអគារជាប់គាំងនៅក្រុងព្រះសីហនុ អភិបាលរងខេត្តលោកឡុង ឌីម៉ង់បានបង្ហើបខ្លះៗពីដំណោះស្រាយលើបញ្ហានេះ។
លោកឡុង ឌីម៉ង់បានមានប្រសាសន៍ឲ្យដឹងក្នុងវេទិកាThe Great Debate ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា និងបានរៀបចំឡើងនៅក្នុងគំរោងThe Urban Village កាលពីថ្ងៃទី៨ កុម្ភៈ កន្លងមកថា រដ្ឋាភិបាលកំពុងរៀបចំដំណោះស្រាយ ចំពោះបញ្ហាអគារជាប់គាំងទាំងនេះ ដែលមានចំនួនចន្លោះពី១០០០ ទៅ១១០០អគារ ដើម្បីកំណត់អត្តសញ្ញាណថា អគារជាប់គាំងទាំងនោះគួរធ្វើបែបណា ដើម្បីអាចដំណើរការឡើងវិញ។
លោកបន្តថា ជាផែនការយើងនឹងរៀបចំ អគារជាប់គាំងទាំងនោះ បែងចែកជាZone ដោយZoneទី១ នឹងរៀបចំជាតំបន់លំនៅដ្ឋានតម្លៃសមរម្យ។ Zone ទី២ នឹងរៀបចំជាទីតាំងនៃសេវាកម្មផ្ទះសំណាក់ ភោជនីយដ្ឋាន មន្ទីរពេទ្យ ដើម្បីបំរើវិស័យទេសចរណ៍។ ចំណែកZone ទី៣ ជាតំបន់កណ្តាលទីក្រុងនឹងរៀបចំតាមសភាពជាក់ស្តែងនៅនឹងកន្លែង។
លោកឡុង ឌីម៉ង់បានបញ្ជាក់ថា វាជាបញ្ហាដ៏ស្មុគស្មាញ ប៉ុន្តែយើងបានគោះទ្វាររដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ហើយដំណោះស្រាយបែបណា និងអាចទទួលយកបានពីប្រជាពលរដ្ឋ ដែលជាម្ចាស់អគារជាប់គាំងបានឬមិនបាន យើងនឹងសិក្សាបន្ថែមទៀត ដើម្បីអាចដោះស្រាយបញ្ហានេះ ដោយឈរលើ់មូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា៕