ក្រុមហ៊ុនចិនបញ្ចប់ការសិក្សាគំរោងដ៏សំខាន់ចំនួន២ និងកំពុងសិក្សាពីផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញសៀមរាប និងប៉ោយប៉ែត

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ លំដាប់យក្សចិនធំៗចំនួនបីបានបញ្ចប់ការសិក្សា លើការសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ និងបញ្ចប់ការសិក្សាលើការស្តារទន្លេសាប ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាបផងដែរ។

ថ្នាក់ដឹកនាំ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group និងក្រុមហ៊ុនChina Metro Group បានជួបសម្តេចតេជោនិងលើកឡើងបែបនេះ ក្នុងជំនួបសម្តេចកាលពីចុងសប្តាហ៍មុន។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋម គម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិ​វឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងបី ក៏បានជំរាបជូនសម្តេចតេជោ ពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូន ១ខ្នង កំពស់៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២លាន៥សែនដុល្លាអាមេរិក។ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមហ៊ុនចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោម កិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។

ជាមួយ នឹងទិសដៅនៃការវិនិយោគ ក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់ នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here