មហាយក្សចិន ខឹងអាមេរិកជុំវិញបម្រាមមិនឱ្យពលរដ្ឋចិនទិញ អចលនទ្រព្យ

0

ដោយៈ សុខុម

ប៉េកាំង: ក្រសួងការបរទេសចិន បានចេញមុខប្រកាសអះអាងក្ដែងៗកាលពីថ្ងៃសុក្រ ទី១០កុម្ភៈថា សហរដ្ឋអាមេរិក កំពុងតែរំលោភបំពានគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ចំពោះការចេញបម្រាមមិនឱ្យពលរដ្ឋចិន ទិញអចលនទ្រព្យនៅក្នុងសហរដ្ឋអាមេរិក។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា “ការយកបញ្ហាទូទៅមកធ្វើជាបញ្ហាសន្តិសុខជាតិ និងយកបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមកធ្វើជាបញ្ហានយោបាយ គឺជាការរំលោភបំពានច្បាប់សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ”។

អ្នកនាំពាក្យរូបនេះបានលើកឡើងបែបនេះ ដើម្បីឆ្លើយតបទៅសំណួរចោទសួរអំពីរដ្ឋតិចសាស (Texas) និងរដ្ឋហ្វ្លរីដា (Florida) ដែលពិចា​រណាចេញបម្រាមមិនឱ្យពលរដ្ឋចិន នៅក្នុងសហរដ្ឋអាមេរិក ទិញអចលនទ្រព្យ។

យោងតាមរបាយការណ៍មួយចំនួនឱ្យដឹងថា រដ្ឋតិចសាស រដ្ឋហ្វ្លរីដា រដ្ឋអាខាន់សាស (Arkansas) និងរដ្ឋមួយចំនួនទៀត កំពុងពិចារណាចេញបម្រាមហាមឃាត់មិនឱ្យពលរដ្ឋចិន ទិញអចលនទ្រព្យ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កើនឡើងកាន់តែខ្លាំងជុំវិញបញ្ហាសន្តិសុខជាតិ។

លោកស្រី Mao Ning លើកឡើងថា “ខ្ញុំចង់សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក បានផ្ដល់ផលប្រយោជន៍ទៅវិញទៅមក”។ លោកស្រីបន្តថា “រយៈពេលប៉ុន្មានឆ្នាំមកនេះ បណ្ដាក្រុមហ៊ុនសហគ្រាសចិន បានវិនិយោគនៅក្នុងសហរដ្ឋអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ការងារក្នុងស្រុក និងការអភិ​វ ឌ្ឍសេដ្ឋកិច្ចក្នុងសហរដ្ឋអាមេរិក”។

ចំណាត់ការនេះធ្វើឡើង នៅពេលសហរដ្ឋអាមេរិក ស្នើឱ្យបង្កើនវិធានការសងសឹក បន្ទាប់ពីបាឡុងចិន ដ៏ធំមួយដែលជាប់សង្ស័យថា ជាបាឡុងចារកម្ម ត្រូវបានបាញ់ទម្លាក់ បន្ទាប់ពីហោះចូលក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here