បុរីវិមានសំណាងចុះMOUជាមួយធនាគារហ្វីលីព ត្រាស់ធីអនុញ្ញាតឱ្យជនបរទេសអាចទិញដីនិងផ្ទះនៅកម្ពុជាបាន

0

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ថ្នាក់ដឹកនាំបុរីវិមានសំណាង បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុនហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក ជាមួយប្រកបដោយការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សេវាកម្មបរធនបាលកិច្ច (Phillip Trustee) ប្រកប​ដោយវិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការ ក្នុងវិស័យអចលនទ្រព្យ​នៅកម្ពុជា​ពីសំណាក់​វិនិយោគិន​បរទេស។

ជាពិសេស​គឺ​អាច​ធ្វើ​ឱ្យ​ជនបរទេស អាច​ទិញដីឬ​ទិញ​ផ្ទះ ​នៅ​ប្រទេស​កម្ពុជា​បាន។

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង អគ្គនាយក​បុរី វិមានសំណាង បាន​ថ្លែង​ឱ្យ​ដឹងបន្ទាប់ពីពិធីចុះហត្ថលេខា កាលពីសប្តាហ៍មុន​ថា កន្លង​មក​បុរី វិមានសំណាង បាន​ធ្វើ​កិច្ចសហការជាមួយ ធនាគារ ហ្វីលីព គឺដើម្បីផ្តល់ឥណទានដល់អ្នកទិញបុរី វិមានសំណាង មានន័យថាខ្មែរ​យើង​ដែល​ចង់​ទិញ​បុរី វិមានសំណាង ធនាគារហ្វីលីព ផ្តល់ជូន​ឥណទាន​​ពី៧០ ដល់ ៨០% នៃតម្លៃ​ទិញ​លក់។

ឧទាហរណ៍​ថា បើ​ទិញ​ផ្ទះ​តម្លៃ១លាន​ដុល្លារ ធនាគារ​ផ្តល់​ជូន​ឥណទាន​ពី៧០ ដល់៨០​ម៉ឺន​ដុល្លារ។

លោក​ឧកញ៉ាបាន​បន្ត​ថា បន្ទាប់មកធនាគារហ្វីលីព មានសេវាកម្មមួយ​ទៀត គឺ​ហ្វីលីព ត្រាសធី ជាសេវាកម្ម​មួយ ដែល​ជួយ​ដល់​ភ្ញៀវ​បរទេស ​អាច​ទិញ​ផ្ទះ​ឬ​ទិញ​ដី​នៅ​ប្រទេស​ខ្មែរ​ តាម​រយៈ​ហ្វីលីព ត្រាស់ធី មក​ទិញ​បុរី វិមានសំណាង។ ការសហការ​នេះ​ ​ក្នុង​គោល​បំណង​​ជំរុញ​ការ​លក់​របស់​បុរី វិមាន​សំណាង​ ទៅ​កាន់​ទីផ្សារ​ជនជាតិ​​សិង្ហបុរី។ ​សម្រាប់​ជនជាតិ​​​​សិង្ហបុរី ពីដើម​មក ភាគ​ច្រើន​ពួកគេ​​តែង​​ទិញ​ខុនដូ ហើយ​នៅ​ពេល​​គេ​ចង់​ទិញ​ផ្ទះ ឬ​ទិញ​បុរី ទិញ​មិន​បាន។ ទោះ​យ៉ាងណា នៅ​ពេល​​​សហការ​ជាមួយ​ ហ្វីលីព ត្រាស គឺ​យើង​ជួយ​សម្រួល​ដល់​អតិថិជន​សិង្ហបុរី អាច​ទិញ​ផ្ទះ​បុរី វិមានសំណាងបាន។ នេះ​ហើយ​ជា​មូលហេតុ​​​នៃ​កិច្ច​​សហការ​គ្នា ដើម្បី​ជំរុញ​ការ​លក់​ឱ្យ​បាន​ច្រើន​ជាង​មុន។

លោកឧកញ៉ា គីម ហ៊ាង បាន​ឱ្យ​ដឹង​បន្ថែម​​ថា ពីដើម​មក​នៅ​ពេល​ជន​បរទេស​ចង់​ទិញ​​ផ្ទះ ឬ​ទិញ​ដី​នៅ​កម្ពុជា គឺជា​រឿង​មហា​លំបាក។ បើ​ថៅកែ​ធំៗ​តែ​ម្តង ពួកគេ​អាច​ជួយ​ជាតិ ដើម្បី​បាន​សញ្ជាតិ​ខ្មែរ (ការសុំ​សញ្ជាតិ) ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ គឺ​ចំណាយ​​ខ្ពស់​ណាស់ ដែល​អ្នក​ល្មមៗ​គ្មាន​លទ្ធភាព​នោះ​ទេ។ ប៉ុន្តែ​ពេល​នេះ​ នៅ​ពេល​មាន​សេវាកម្ម ហ្វីលីព ត្រាសធី​ គឺ​មាន​ភាព​ងាយស្រួល​សម្រាប់​ជនបរទេស ​ឧទាហរណ៍​បើ​​ផ្ទះ​មួយ​តម្លៃ​កន្លះ​លាន​ដុល្លារ ​​​បើ​ពួកគាត់​មាន​កន្លះ​លាន​ដុល្លារ គឺ​គាត់​អាច​ទិញ​​ផ្ទះ​បាន​តែ​ម្តង ហើយ​គាត់​ជា​ម្ចាស់​ផ្ទះ​ហ្នឹង​តែ​ម្តង។

លោកឧកញ៉ាបានបញ្ជាក់ថា ជាពិសេស​ពេល​ប្លង់​រឹង​ចេញ​មក គឺជា​កម្មសិទ្ធិ​របស់​ពួកគាត់​តាម​រយៈ​ ហ្វីលីព ត្រាស់ធី ហើយ​បើ​នៅ​បួន​ដប់​ឆ្នាំ ថ្ងៃក្រោយ​ចង់​លក់​ឱ្យ​ខ្មែរ​វិញ អាច​លក់​ផ្ទេរ​ឈ្មោះ​បាន​យ៉ាង​ងាយ​ស្រួល​ដូច​គ្នា។

សេវាកម្ម ហ្វីលីពត្រាសធី នឹង​ជួយ​ជំរុញ​ឱ្យ​​ការ​ទិញ​លក់ ផ្ទះ​សម្បែង​ដីធ្លី​នៅ​ស្រុកខ្មែរ មាន​ការ​កើន​ឡើង​ច្រើន ព្រោះ​បរទេស​អ្នកមាន​ខ្លាំងៗ គេ​ចូល​សញ្ជាតិ រី​ឯ​អ្នកមាន​ល្មមៗ​​​ជា​ច្រើន​ចង់​ទិញ​ផ្ទះ គឺ​មាន​តែ​តាម​រយៈ ហ្វីលីព ត្រាស។ ដូច្នេះ​សេវាកម្ម​ ហ្វីលីព ត្រាស នឹង​ជួយ​ឱ្យ​វិនិយោគិន​បរទេស ដែល​ចង់​​ទិញ​ផ្ទះឬ​ដី​នៅ​ប្រទេស​កម្ពុជា នឹង​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង។ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់​បន្ថែម។

ហ្វីលីពកាពីតាល់ គ្រុប ​​បាន​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​ដំបូង កាលឆ្នាំ២០០៩ ​​ជាមួយ​នឹង​ទុន​វិនិយោគ​ប្រមាណ​​១០​ម៉ឺន​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​ធនាគារ​ ហ្វីលីព នៅកម្ពុជាមាន​ទុន​សរុប​ប្រមាណ​ដល់ចន្លោះពី១៧០ ទៅ១៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ចំណែក​ឯ​សេវាកម្ម​ ត្រាសធី ​​​ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​ធនាគារ ហ្វីលីព នឹង​អនុញ្ញាត​ឱ្យ​​ភ្ញៀវ​បរទេស ​​អាច​ចុះ​បញ្ជី​អចលនទ្រព្យ​បាន តាម​រយៈ ហ្វីលីព ត្រាស ​ដែល​បច្ចុប្បន្ន​នេះ​សេវាកម្ម​ ត្រាសធី មាន​តែ​៣​ធនាគារ​ប៉ុណ្ណោះ។ វិនិយោគិន​បរទេស ​​ដែល​ត្រូវការ​ទិញ​អចលនទ្រព្យ​ផ្ទះ ឬ​ដីតាម​រយៈ​​ ហ្វីលីពត្រាស់ធី ​អាច​ទុក​ចិត្ត​​បាន១០០% ព្រោះ​​​ធនគារ ហ្វីលីព ជា​ធនាគារ​ដែល​​​មាន​ទុន​វិនិយោគ​ច្រើន និង​​​ចាស់​វស្សា​​នៅ​ប្រទេសកម្ពុជា។

បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ ប្រិយមិត្តអាចអញ្ជើញ​ទៅ​កាន់ការិយាល័យរបស់គម្រោង បុរី វិមានសំណាង ផ្ទាល់ ដែលមានទីតាំងស្ថិតលើមហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក ព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត៤០% នៃផ្ទៃដីសរុប ដែលស័ក្តិសមបំផុត សម្រាប់គ្រួសារអភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕

    

LEAVE A REPLY

Please enter your comment!
Please enter your name here