ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសន្ទស្សន៍អំណាចអាស៊ីឆ្នាំ២០២៣ ដែលចេញផ្សាយលើកទី៥ បានឱ្យដឹងថា កម្ពុជាបានក្លាយទៅជាប្រទេសមានឥទ្ឋិពលលំដាប់ទី២០នៅក្នុងតំបន់អាស៊ី។
យោងតាមវិទ្យាស្ថាន Lowy ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បានឱ្យដឹងថា “ជាមួយនឹងពិន្ទុសរុប៧,៨ ក្នុងចំណោម១០០ កម្ពុជាទទួលបាន០,៧ពិន្ទុ ដែលជាការប្រសើរឡើង១០ភាគរយនៃពិន្ទុសរុប ដើម្បីឡើងពីចំណាត់ថ្នាក់ទី២២ កាលពីឆ្នាំមុន”។
នៅឆ្នាំ២០២៣នេះ កម្ពុជាគឺជាប្រទេសតែមួយគត់ ដែលធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់អំណាចដ៏ទូលំទូលាយរបស់ខ្លួន ដែលក្នុងនោះបណ្តាប្រទេសសមាជិកអាស៊ាន ដូចជា ប្រ៊ុយណេកើនឡើង០,៤ភាគរយ និងឡាវ០,៣ភាគរយ។
លើសពីនេះទៀត កម្ពុជាបានវ៉ាដាច់ប្រទេសស្រីលង្កា និងមីយ៉ាន់ម៉ា ដើម្បីក្លាយជាប្រទេសមានឥទ្ឋិពលលំដាប់ទី២០ នៅក្នុងតំបន់នៅឆ្នាំ២០២២។
យោងតាមរបាយការណ៍នេះ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំមួយនៅក្នុងតំបន់ ដែលបានផ្លាស់ប្តូរនូវពិន្ទុសរុបរបស់ខ្លួន។
វិទ្យាស្ថាន Lowy បានអះអាងថា “នេះគឺដោយសារការកើនឡើងយ៉ាងខ្លាំង នៃពិន្ទុឥទ្ធិពលការទូតរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីទស្សនៈវិជ្ជមានអំពីការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២”។
នៅឆ្នាំ២០២២ ប្រទេសកម្ពុជាបានមើលឃើញ ពីភាពប្រសើរឡើងដ៏ធំបំផុតរបស់ខ្លួននៅក្នុងឥទ្ធិពលការទូត ដែលប្រទេសនេះបានបង្កើនចំណាត់ថ្នាក់របស់ខ្លួនចំនួន៤។

កម្ពុជាក៏បានឡើង២ចំណាត់ថ្នាក់ផងដែរ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច ដែលភាគច្រើនជំរុញមកពីការចូលរួម ក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ជាមួយប្រទេសចិន។
ប្រទេសកម្ពុជា ដែលបានរាយការណ៍ពីកំណើនសេដ្ឋកិច្ច ជាប់ៗគ្នាអស់រយៈពេលជាង២ទសវត្សរ៍នេះ ព្រមទាំងបានដំណើរការយ៉ាងល្អបំផុតក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងវិធានការឥទ្ធិពលការទូត បានជំរុញឱ្យប្រទេសនេះជាប់ចំណាត់ថ្នាក់ទី១៦។
ទោះបីជាយ៉ាងនេះក្តី របាយការណ៍របស់វិទ្យាស្ថាន Lowy ក៏បានបញ្ជាក់ថា ចំណាត់ថ្នាក់ដ៏ទាបបំផុតរបស់កម្ពុជា ស្ថិតនៅក្នុងរង្វាស់ភាពធន់ ដែលកម្ពុជាបានធ្លាក់មកនៅចំណាត់ថ្នាក់ទី២៥។
ចំណែកឯ ចំណាត់ថ្នាក់ផ្នែកឥទ្ធិពលវប្បធម៌ របស់ប្រទេសកម្ពុជាបានធ្លាក់ចុះចំនួន៤ មកនៅចំណាត់ថ្នាក់លេខ២១ ដោយសារតែផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩លើឧស្សាហកម្មទេសចរណ៍របស់ខ្លួន៕