លោកស៊ុន ចាន់ថុលលើ់កពីផែនការនិងហេដ្ឋារចនាសម្ព័ន្ឋលំអិតក្នុងការជីកព្រែកពីទន្លេបាសាក់ ទៅកាន់ខេត្តកែប

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញអំពីគម្រោងប្រវិត្ដសាស្ដ្រ នៃការដឹកជញ្ជូនតាមផ្លូវទឹកទៅសមុទ្រ ដែលបានសិក្សារយៈពេល២ឆ្នាំមកហើយ ដើម្បីកាត់បន្ថយចំងាយ និងកាត់បន្ថយតម្លៃ ព្រមទាំងកាត់បន្ថយនីតិវិធី។

ការបង្ហាញអំពីគម្រោងប្រវិត្ដសាស្ដ្រ របស់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើ​កទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា “ខ្ញុំសុំយកឱកាសនេះ ដើម្បីជម្រាបជូនអំពី គម្រោងប្រវត្តិសាស្ត្ររបស់យើង។ បើធ្វើបាននេះនឹងប្តូរមុខមាត់ ក៏ដូចជាប្ដូរនៃការដឹកជញ្ជូនតាមផ្លូវទឹក ទៅសមុទ្ររបស់យើង។​លោកបន្តថា ការរៀបចំឲ្យមានដឹកទំនិញផ្លូវមួយទៀត យើងប្រើទន្លេមេគង្គ ឥឡូវនេះ យើងចង់ប្រើទន្លេបាសាក់មួយថែមទៀត ដើម្បីកាត់បន្ថយចំងាយនៃការដឹកជញ្ជូន កាត់បន្ថយតម្លៃ និងកាត់បន្ថយនីតិវិធី

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងផងដែរថា ផ្លូវទឹកកម្ពុជាមានទាំងអស់ ដោយមានព្រែកដែលតភ្ជាប់ពីទន្លេមេគង្គ មកទន្លេបាសាក់ ហើយមានប្រព័ន្ធធារាសាស្ត្រ ប៉ុន្តែប្រព័ន្ធធារាសាស្ត្រមួយចំនួន ក៏ដូចជាទន្លេបាសាក់មិនសូវជ្រៅ និងកន្លែងខ្លះមិនសូវមានទឹកពេលរដូវប្រាំង ក៏ប៉ុន្តែបើស្ដារព្រែកជីក ស្ដារប្រព័ន្ធធារាសាស្ត្រ ហើយជីកព្រែកថ្មីប្រវែង៧គីឡូ​ម៉ែត្រនឹងទៅដល់កែបតែម្ដង។


បន្ថែមពីនោះទៀត ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា បន្ទាប់ពីធ្វើបានបែបនេះ ហើយការដឹកទំនិញពីភ្នំពេញ មិនឆ្ងាយនោះទេ ព្រោះថានៅជិតផែភ្នំពេញ នឹងមានព្រែកមួយ ហើយព្រែកនោះតភ្ជាប់ពីទន្លេមេគង្គទៅទន្លេបាសាក់ ហើយចុះទៅត្រង់ទៅខេត្តតាកែវ ចេញទៅកែប តែ ៧គីឡូម៉ែត្រប៉ុណ្ណោះ។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា ក្រសួងបានខួងដីនៅទីនោះ ដើម្បីសិក្សាថាទីតាំងនោះមានថ្ម ឬយ៉ាងណា ហើយបន្ទាប់ពីខួងរួចហើយ គឺពុំមានបញ្ហានោះទេ។

ទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការសិក្សានេះ បានធ្វើអស់រយៈពេល២ឆ្នាំមកហើយ ជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក-សមុទ្រ និងកំពង់ផែ ជាមួយនឹងក្រុមហ៊ុន ហើយចំពោះលក្ខណៈបច្ចេកទេស គឺអត់មានបញ្ហាទាំងអស់ ដែលការសិក្សាមកដល់ពេលនេះ ជិតចប់សព្វគ្រប់១០០ភាគរយហើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here