ការសិក្សាៈមហាយក្សចិនត្រូវបានចាត់ទុកជាមហាអំណាចដ៏មានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍

0

ដោយៈ សុខុម

សិង្ហបុរី: ការស្ទង់មតិបង្ហាញថា មហាយក្សចិន ត្រូវបានចាត់ទុកជាមហាអំណាច ដ៏មានឥទ្ធិពលបំផុតផ្នែកសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប៉ុន្តែអ្នកឆ្លើយភាគច្រើន នៅក្នុងការស្ទង់មតិនេះ បានបង្ហាញការមិនសូវពេញចិត្តប៉ុន្មានឡើយ ចំពោះការពង្រីកឥទ្ធិពលរបស់ប្រទេសនេះ។

របាយការណ៍ស្ទង់មតិចុងក្រោយបង្អស់ ដែលត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលសិក្សាអំពីអាស៊ាន (ASEAN Studies Centre) នៃវិទ្យាស្ថាន ISEAS-Yusof Ishak Institute ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី នេះបានរកឃើញថា អ្នកឆ្លើយជិត៦០%បានចាត់ទុកប្រទេសចិន ជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុត។ នេះបើយោងតាមសារព័ត៌មាន CAN ចុះផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ។

ទោះជាយ៉ាងណា តួលេខដែលចាត់ទុកប្រទេសចិន ជាមហាអំណាចដ៏មានឥទ្ធិពលបំផុតនេះបានធ្លាក់ចុះខ្លាំង បើធៀបនឹង៧៦,៧%ក្នុងឆ្នាំ២០២២ ហើយការធ្លាក់ចុះនេះ បានកើតមានឡើងក្រោយប្រទេសចិន បានអនុវត្តវិធានការសូន្យ-កូវីដ ដ៏តឹងរ៉ឹងរបស់ខ្លួន។

ប្រទេសចិន ក៏ត្រូវបានចាត់ទុកជាមហាអំណាច យុទ្ធសាស្ត្រនយោបា​យ ដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់ផងដែរ (៤១,៥%) បើធៀបនឹង៥៤,៤%ពីឆ្នាំមុន។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែកុម្ភៈ នេះបង្ហាញថា តំបន់អាស៊ីអាគ្នេយ៍ “ហាក់មិនសូវពេញចិត្ត” ចំពោះការពង្រីកឥទ្ធិពលរបស់ប្រទេសចិន ប៉ុន្មានឡើយ ដោយអ្នកឆ្លើយភាគច្រើន ដែលចាត់ទុកមហាយក្សចិន ជាប្រទេសមានឥទ្ធិពលបំផុតនៅក្នុងតំបន់ បានសម្តែងការព្រួយបារម្ភអំពីការពង្រីកឥទ្ធិពលរបស់ប្រទេសនេះ។

ទោះជាយ៉ាងណា វិសាលភាពនៃការប្រុងប្រយ័ត្ន ចំពោះឥទ្ធិពលរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដោយបានថយចុះពី៨៦,៥%ក្នុងឆ្នាំ២០២១ និងពី៧៦,៤%ក្នុងឆ្នាំ២០២២ ធ្លាក់មកនៅត្រឹម៦៨,៥%។

ការស្ទង់មតិដដែលបានរកឃើញថា ប្រទេសព្រុយណេ (៩៤,៤%) និងកម្ពុជា (៤៧,៤%) បានបង្ហាញពីការទទួលយកឥទ្ធិពល របស់ប្រទេសចិន ដោយក្ដីសាទរខ្លាំងបំផុត។

ប៉ុន្តែប្រសិនបើអាស៊ាន ត្រូវបង្ខំចិត្តជ្រើសរើសរវាងមហាអំណាចទាំង២ ពោលគឺប្រទេសចិន ឬសហរដ្ឋអាមេរិក នោះ ២ភាគ៣នៃអ្នកឆ្លើយតប ឬស្មើនឹង៦១%នឹងបោះឆ្នោតជ្រើសយកសហរដ្ឋអាមេរិក។

ការជ្រើសយកប្រទេសចិន ជាជម្រើសបានធ្លាក់ចុះពី៤៣% កាលពីឆ្នាំមុនមកនៅត្រឹម៣៨,៩%ក្នុងឆ្នាំ២០២៣ ខណៈសហរដ្ឋអាមេរិក ទទួលបានការគាំទ្រកាន់តែច្រើន ដោយបានកើនឡើងប្រជាប្រិយភាពពី៥៧%៕  CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here