ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងម៉ាកាវ ប្រទេសចិនបានដណ្តើមតំណែងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្នុងនាមជាទីក្រុង ដែលមានសណ្ឋាគារលំដាប់ផ្កាយ៥ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានចាត់ថ្នាក់ដោយប្រព័ន្ធវាយតម្លៃ Forbes Travel Guide។
ទីក្រុងម៉ាកាវជាបណ្តុំ នៃសណ្ឋាគារលំដាប់ផ្កាយប្រាំចំនួន២២ ដែលទទួលបានសណ្ឋាគារ លំដាប់ផ្កាយ៥ថ្មីៗច្រើនជាងទិសដៅផ្សេងទៀត។ សណ្ឋាគារទាំងនោះរួមមាន សណ្ឋាគារ Galaxy Hotel សណ្ឋាគារ Grand Lisboa Palace Macau សណ្ឋាគារ The Karl Lagerfeld សណ្ឋាគារ Londoner Court និងសណ្ឋាគារ Londoner Hotel ។
ទីក្រុងឡុងដ៍បានធ្លាក់មកចំណាត់ថ្នាក់លេខ២វិញ ជាមួយនឹងសណ្ឋាគារលំដាប់ផ្កាយប្រាំចំនួន២១ រួមទាំងសណ្ឋាគារ Mandarin Oriental Hyde Park និងសណ្ឋាគារ The Langham ។
មគ្គុទ្ទេសក៍ទេសចរណ៍ Forbes គឺជាប្រព័ន្ធវាយតម្លៃសកលឯករាជ្យសម្រាប់សណ្ឋាគារប្រណីត ភោជនីយដ្ឋាន និងស្ប៉ា។
ដើម្បីចងក្រងបញ្ជីនេះ ក្រុមអ្នកត្រួតពិនិត្យបានចូលទៅកាន់សណ្ឋាគារដោយមិនឱ្យគេស្គាល់ ញ៉ាំអាហារនៅភោជនីយដ្ឋាន និងទទួលបទពិសោធន៍សេវាកម្មស្ប៉ា ដោយដាក់ខ្លួនជាភ្ញៀវធម្មតា។
យោងតាមការណែនាំ ពួកគេបានសាកល្បងស្តង់ដារ យ៉ាងម៉ត់ចត់រហូតដល់៩០០ ដូចជាស្តង់ដារសេវាកម្ម ការតុបតែង គុណភាព និងលក្ខខណ្ឌនៃគ្រឿងបរិក្ខារ ជម្រើសអាហារ និងភេសជ្ជៈ និងថាតើបន្ទប់មួយត្រូវបានបង្កើតឡើង ដើម្បីបង្កើនគុណភាពនៃការគេងដែរឬទេ៕