ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ព្រមទាំងប្រធានសាខាទាំង៥ និងសមាជិក សរុបចំនួន១៧រូប កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣។
កម្មវិធីដ៨ធំនេះ នឹងចាប់ពីថ្ងៃទី១៨-២១ ខែកុម្ភៈខាងមុខ ដែលមានសមាជិកចូលរួមសរុបខ្ទង់ម៉ឺននាក់ មកពី៥២ប្រទេស និង៥ទ្វីបលើពិភពលោក ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានចាត់ទុកកម្មវិធីជួបជុំដ៏ធំ និងដំណើរទស្សនកិច្ចជាង១សប្ដាហ៍នេះ គឺជាការបោះជំហានថ្មីមួយទៀត សម្រាប់សមាជិកក្រុមហ៊ុន KW Cambodia ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យអចលនទ្រព្យជាសកល ក៏ដូចជាការរៀនសូត្រពីបណ្ដាប្រទេសចូលរួម ដើម្បីពាំនាំយកមកអនុវត្ត និងពង្រឹងប្រសិទ្ធភាពការងាររកស៊ីក្នុងវិស័យដីធ្លី ស្របតាមស្ដង់ដារអន្ដរជាតិ ដោយយកច្បាប់ជាគោល ។
កាលពី៥ឆ្នាំមុន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានចុះហត្ថលេខាទិញសិទ្ធិ (Franchise) ពីក្រុមហ៊ុនអចលនទ្រព្យអាមេរិក Keller Williams Realty (KW) យកមកប្រទេសកម្ពុជា ដោយលោកបង្ហាញសុទិដ្ឋិនិយមថា ពុំមានប្រទេស ឬសមាជិកណាជឿថា ក្រុមហ៊ុនយក្សអាមេរិកនេះមកកម្ពុជានោះទេ។ ប៉ុន្ដែដោយសារកត្ដាសេដ្ឋកិច្ច ច្បាប់ ពិសេសការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ទើបលោកអាចនាំយក KW មកកម្ពុជា និងបង្កការចាប់អារម្មណ៍ជាខ្លាំង ។
តាមរយៈការចូលរួមកម្មវិធីជួបជុំមហាគ្រួសារ KW ប្រចាំឆ្នាំនៅអាមេរិកនេះ បណ្ឌិតគីម ហ៊ាងបានសម្តែងសុទិដ្ឋិនិយមថា “អ្វីដែលខ្ញុំរំពឹង ពីឥឡូវតទៅមុខទៀត គឺKW ជាម៉ូដែលមួយដែលបង្ហាញថា កម្ពុជាគឺជាប្រទេសមួយ ដែលក្រុមហ៊ុនអាមេរិកអាចរកស៊ីបាន”។ លោកបន្ថែមថា “អ៊ីចឹងយើងនឹងព្យាយាមផ្សព្វផ្សាយ គឺជាក្រុមហ៊ុនអាមេរិក ហើយអាមេរិកមករកស៊ីនៅស្រុកខ្មែរ ។ នៅពេលក្រុមហ៊ុនអាមេរិកដឹងថា មានក្រុមហ៊ុនធំ មកស្រុកខ្មែរហើយ គាត់នឹងមករកស៊ីកាន់តែច្រើនថែមទៀត”។
ទន្ទឹនជាមួយគ្នាលោកឧកញ៉ា សំ សុខនឿន ប្រធានសាខា KW ខណ្ឌសែនសុខ បានសម្ដែងក្ដីរីករាយ ដែលបានចូលរួមកម្មវិធី ដ៏មានអត្ថប្រយោជន៍នេះជាថ្មី ដ្បិតលោកមើលឃើញថា ការចូលរួមកម្មវិធីខាងលើជាឱកាសសិក្សារៀនសូត្រផង និងផ្សព្វផ្សាយពីសក្ដានុពល និងការអភិវឌ្ឍប្រទេសជាតិផង ។
អ្នកជំនាញរូបនេះបន្ដថា “យើងរំពឹងថា ការចូលរួមនេះ យើងនឹងបានរៀនសូត្រពីគ្រប់បណ្ដាប្រទេសដទៃ ដែលមានការរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ ដើម្បីនាំបទពិសោធទាំងអស់នោះ មកចែករំលែក និងរួមចំណែកអភិវឌ្ឍន៍ វិស័យអចលនទ្រព្យប្រទេសកម្ពុជា ឲ្យរីកចម្រើន និងមានស្ដង់ដារដូចនៅអាមេរិកដែរ”៕