និន្នាការធ្លាក់ចុះតម្លៃអចលនទ្រព្យក្នុងទីផ្សារនឹងផ្តល់ឱកាសចំណេញ ដល់អ្នកវិនិយោគ

0

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងស្ថានភាពទីផ្សារដ៏លំបាក វាបានផ្ដល់ឱកាស និងជម្រើសល្អច្រើន សម្រាប់អ្នកវិនិយោគ ដែលមានធនធានអាចទាញប្រយោជន៍ពីការធ្លាក់ចុះនៃតម្លៃ តួយ៉ាងដូចជាទីផ្សារខុនដូជាដើម។

លោក Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន realestate.com.kh បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា “នៅមុនពេលមានជំងឺកូវីដ១៩ គម្រោងអភិវឌ្ឍន៍មួយចំនួន ត្រូវបានលក់ចេញក្នុងតម្លៃលើសកម្រិតទីផ្សារជាក់ស្តែង។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ តម្លៃនៃទីផ្សារខុនដូបានធ្លាក់ចុះ ដែលធ្វើឱ្យអចលនទ្រព្យកាន់តែមានភាពងាយស្រួល សម្រាប់អ្នកទិញនៅក្នុងប្រទេសកម្ពុជា និងក្រុមអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនឡើង។

លោក O’Sullivan បាននិយាយថា “ទីផ្សារអចលនទ្រព្យកំពុងបង្ហាញសញ្ញាគួរឱ្យចាប់អារម្មណ៍ កើនឡើងកាន់តែច្រើន នៅដើមឆ្នាំនេះ ហើយតម្លៃនៃទីផ្សារនីមួយៗ គឺកាន់តែខិតទៅជិតភាពប្រាកដប្រជា”។លោកបានបន្តថា “នៅពេលនេះ គឺជាពេលវេលាល្អ ជាទីផ្សារសម្រាប់អ្នកទិញនាពេលឥលូវនេះ ដោយសារពួកគាត់មានជម្រើសល្អៗជាច្រើន ដែលអាចធ្វើការពិចារណាទិញបាន”។

លោកបានប៉ាន់ប្រមាណថា ខុនដូចំនួន៤១.០០០យូនីត នឹងត្រូវបានបញ្ចប់ការសាងសង់ រហូតមកទល់នឹងឆ្នាំ២០២៣នេះ ខណៈខុនដូចំនួន៣៤.០០០យូនីតផ្សេងទៀត នឹងត្រូវបញ្ចប់ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ជាមួយគ្នានេះ លោក Marc Townsend អគ្គនាយកក្រុមហ៊ុនជាន់ខ្ពស់CBREប្រចាំតំបន់ បានមានប្រសាសន៍ដោយព្យាករណ៍ថា តម្លៃខុនដូនៅក្នុងប្រទេសកម្ពុជា នឹងបន្ដធ្លាក់នៅក្នុងឆ្នាំ២០២៣។

លោកថា “ដោយសារតែកត្តាខ្វះវិនិយោគិនក្រៅស្រុក ក៏នឹងធ្វើឱ្យតម្លៃខុនដូបន្តធ្លាក់នៅក្នុងឆ្នាំ២០២៣។ ក្រៅពីមិនសូវមានវិនិយោគិនពីបរទេស ចំនួនការផ្គត់ផ្គង់ខុនដូ គឺមានច្រើនហួសកម្រិត ដែលធ្វើឱ្យតម្លៃកាន់តែធ្លាក់ចុះ”។

លោកបន្តថា ម្ចាស់ខុនដូ ភាគច្រើននឹងពន្យារពេលសាងសង់គម្រោង រហូតដល់ពួកគេលក់បានគ្រប់ចំនួន ហើយករណីធ្ងន់ធ្ងរគឺនឹងមិនសង់គម្រោងតែម្ដង។ ដោយឡែក ម្ចាស់គម្រោងដែលសង់រួចហើយ អាចនឹងប្ដូរមុខងារអគារឱ្យទៅជាអ្វីផ្សេង ដើម្បីរកចំណូល។

ជាមួយគ្នានេះ អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនិងប្រឹក្សានៃក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា “ចំនួនអចលនទ្រព្យលក់ប្រញាប់ តម្លៃក្រោមទីផ្សារ រំពឹងថានឹងមានការកើនឡើង ដោយ​សារតែការអត្រាការប្រាក់កើនឡើង និងការយកកម្ចីវិនិយោគមានការលំបា​កជាងមុន។ ប៉ុន្តែក្នុងស្ថានភាពទីផ្សារបែបនេះ ផ្ដល់ឱកាសកម្រសម្រាប់អ្នកវិនិយោគ ដែលមានធនធានអាចទាញប្រយោជន៍ពីការធ្លាក់ចុះនៃតម្លៃ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here