Hattha top Banner

លោកបណ្ឌិតហ៊ុន ម៉ាណែត៖ វិស័យអចលនទ្រព្យបន្តដើរតួសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

0

ដោយ៖ Property Area

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមក។

ថ្លែងក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃគម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence) របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិតបានមានប្រសាសន៍ថា ការបន្តរីកចម្រើនលូតលាស់ នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយ ដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបណ្ឌិតបានបន្តថា ខណៈពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញប្រកបដោយក្តីសង្ឃឹម ការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើន នៃកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ជាពិសេស ការកើនឡើងនៃចំនួនប្រជាជន ដែលមានចំណូលមធ្យម រួមជាមួយនឹងការកើនទ្បើងនូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹងបរិស្ថាននៃការរស់នៅ។

 

លោកបណ្ឌិតបានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ នៅក្រោយការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានអនុញ្ញាតឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចឡើងវិញ។ តាមរយៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺក្នុងរង្វង់ប្រមាណ៥,២ភាគរយ នៅក្នុងឆ្នាំ២០២២ និងប្រមាណ៥,៦ភាគរយ នៅក្នុងឆ្នាំ២០២៣។ តួលេខនេះ គឺស្ថិតលើគន្លងឆ្ពោះទៅកាន់កំណើន កាលពីមុនវិបត្តិនៃជំងឺកូវីដ១៩។

លោកបណ្ឌិតបញ្ជាក់ថា តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមកផងដែរ។ ដូច្នេះការបន្តរីកចម្រើនលូតលាស់ នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយ ដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here