ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceនិងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រីតាំង ហួរបានសម្តែងសុទិដ្ឋិនិយម ពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងមានសភាពប្រសើរបន្តិចម្តងៗនាពេលឆាប់ៗនេះ។
លោកស្រីបានមានប្រសាសន៍ឲ្យដឹង បណ្តាញតេឡេក្រាម កាលពីដើមសប្តាហ៍នេះថា ការរីកចម្រើននៃទីផ្សារនេះ កំពុងបន្តទោះបីជាមានសញ្ញាយឺតយ៉ាវបន្តិចក្តី ប៉ុន្តែនិន្នាការទីផ្សារនៅតែដំណើរការទៅមុខ ដោយសកម្មភាពទិញ លក់ ជួលនៅតែបន្តមាននៅក្នុងសកម្មភាព និងចរន្តទីផ្សារ។
-->
លោកស្រីតាំង ហួរបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមថាទីផ្សារនេះ នៅតែមានសញ្ញា កាន់តែល្អប្រសើរនាពេលខាងមុខ ដោយសារកត្តាសំខាន់ៗមួយចំនួន”។ លោកស្រីបន្តថា “កត្តាសំខាន់ៗទាំងនោះ រួមមានកិច្ចប្រជុំកំពូលអាស៊ាន ដ៏ជោគជ័យកាលពីចុងឆ្នាំមុន កម្ពុជាត្រៀមរៀបចំកីឡាស៊ី ហ្គេម កំណើនសេដ្ឋកិច្ចកម្ពុជានៅតែល្អប្រសើរ ការបើកឡើងវិញនូវសេដ្ឋកិច្ចរបស់ចិនជាដើម”។

លោកស្រីបន្តថា ក្នុងស្ថានភាពនេះ យើងនៅតែមានសង្ឃឹម និងជឿជាក់ក្នុងទីផ្សារ ដោយសារចរន្តទិញលក់នៅក្នុងតំបន់ទីក្រុង និងជាយក្រុងនៅតែមានតម្រូវការ ហេតុនេះវិស័យនេះនឹងមិនជាប់គាំងឬស្លាប់នោះទេ បើទោះជាស្ថានភាពទីផ្សារមានសភាពយឺតយ៉ាវបន្តិចក្តី៕