វិនិយោគិនអចលនទ្រព្យលេចធ្លោមួយរូបព្យាយាមទាក់ទាញក្រុមហ៊ុន អាមេរិកចូលមកកម្ពុជា

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការទាក់ទាញវិនិយោគិនបរទេស ចូលមកកម្ពុជាក្នុងការបណ្ដាក់ទុនវិនិយោគ អចលនទ្រព្យនៅតែជាកត្តាចម្បង ក្នុងការបង្កើនការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះវិនិយោគិនក្នុងស្រុក ក៏មានចំណែកសំខាន់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស ក្នុងនោះវិនិយោគិនអចលនទ្រព្យដ៏លេចធ្លោមួយរូបបានអះអាងខ្លួន នឹងព្យាយាមទាក់ទាញក្រុមហ៊ុនអាមេរិក ចូលមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នបាននាំចូលយីហោអាមេរិក ល្បីមួយមកកម្ពុជារួចហើយ។

លោកបណ្ឌិតឧកញ៉ាគីម ហ៊ាង ប្រធានក្រុមហ៊ុនKW Cambodia បានមានប្រសាសន៍ថា កាលពីមុនមានមនុស្សមិនតិចទេ មិនជឿថាក្រុមហ៊ុនអាមេរិកធំៗ នឹងចូលមកកម្ពុជានោះទេ ជាក់ស្ដែងក្រុមហ៊ុនអាមេរិកលំដាប់ពិភពលោក KW គ្មានអ្នកណាជឿថា នឹងមានវត្តមាននៅកម្ពុជា ប៉ុន្តែពេលនេះ KW បានបង្ហាញវត្តមាននៅកម្ពុជា និងបានធ្វើឱ្យក្រុមហ៊ុនមានភាពជោគជ័យមួយកម្រិតនៅកម្ពុជា ។

លោកឧកញ៉ាបន្តថា “ខ្ញុំនឹងព្យាយាមទាក់ទាញ ក្រុមហ៊ុនអាមេរិកផ្សេងទៀតចូលមកកម្ពុជា ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់”។លោបន្តកថា “តាមរយៈសកម្មភាពការងាររបស់ក្រុមហ៊ុន KW នៅកម្ពុជាដែលយើងបាននាំចូលមក យើងក៏អាចមានលទ្ធភាព ក្នុងការយកក្រុមហ៊ុនអាមេរិកផ្សេងទៀត មកកម្ពុជាបានដែរ”។

លោកឧកញ៉ាបន្ថែមថា ជាការកត់សម្គាល់នៅពេល ដែលក្រុមហ៊ុនអាមេរិកទៅរកស៊ីនៅប្រទេសមួយណា គឺបង្ហាញពីប្រទេសនោះមានសេដ្ឋកិច្ចរឹងមាំ ច្បាប់ល្អទើបគេមក ។ ជាក់ស្ដែងក្រុមហ៊ុនអាមេរិកKW មានប្រទេសជាច្រើន ក្នុងតំបន់អាស៊ានចង់បានយីហោនេះ ទៅប្រទេសរបស់គេ  តែដោយសារតែលក្ខខណ្ឌ មិនទាន់គ្រប់គ្រាន់ទើបក្រុមហ៊ុនមិនឱ្យសិទ្ធិ ប៉ុន្តែគេបានផ្ដល់សិទ្ធិដល់កម្ពុជា ក្នុងការធ្វើអាជីវកម្ម ដោយប្រើយីហោរបស់គេ ។

ជាការសង្កេតជាក់ស្ដែងឃើញថា ក្រុមហ៊ុនអាមេរិកជាច្រើនកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងបានជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍអច​លនទ្រព្យ ហើយតាមរយៈក្រុមហ៊ុនទាំងនោះ ក៏បានជួយបង្រៀនធនធានមនុស្សកម្ពុជាកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជាកាន់តែ ទទួលបានការទទួលស្គាល់ និងមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់វិនិយោគិនបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here