ការអភិវឌ្ឍតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣កំពុងលេចរូបរាងជាបន្តបន្ទាប់ស្របពេលគំរោងត្រៀមបញ្ចប់

0

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ស្របនឹងគម្រោងផ្លូវក្រវាត់ក្រុងទី៣ នៅមិនទាន់បញ្ចប់ជាស្ថាពរ តែការអភិវឌ្ឍអចលនទ្រព្យនៅតាមបណ្ដោយផ្លូវនេះ ត្រូវបានសង្កេតឃើញថា កំពុងមានសកម្មភាពលេចរូបរាងជាបន្តបន្ទាប់ និងរំពឹងថាសកម្ម​ភាពនៃការអភិវឌ្ឍនេះ នឹងកាន់តែមានកំណើនឡើងបន្តទៀត នាពេលអនាគត។

គម្រោងផ្លូវក្រវាត់ទី៣នេះ បាននិងកំពុងទាក់ទាញនូវគម្រោងអភិវឌ្ឍន៍នានា ទៅកាន់តំបន់នោះកាន់តែច្រើន ស្របនឹងគម្រោងនេះអាចនិយាយបានថាកាន់តែជិតរួចរាល១០០ភាគរយ។ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលនៅជិតៗ ឬក្បែរនឹងគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ភាគច្រើនឃើញថាជាគម្រោងសង់ឃ្លាំងស្តុកទំនិញ គម្រោងលំនៅឋាន និងម្ចាស់គម្រោងខ្លះទៀតកំពុងចាក់ដីបំពេញដើម្បីអភិវឌ្ឍន៍នាពេលឆាប់ៗនេះ ។

តាមរយៈគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះដែរ ក៏បាននិងកំពុងជំរុញឱ្យតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវនោះ មានកំណើនជាបន្តបន្ទាប់ផងដែរ បើទោះ​បីជាស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី ក៏តម្លៃនៅតំបន់នោះឃើញថាមានកំណើនដែរ ។

អ្នកជំនាញ នៃវិស័យអចលនទ្រព្យបានមើលឃើញថា ការអភិវឌ្ឍផ្លូវក្រវាត់ក្រុងទី៣បាន និងកំពុងជំរុញឱ្យមានការអភិវឌ្ឍ លើអចលនទ្រព្យនៅតំបន់នោះបានមួយកម្រិតទៀតផងដែរ។ ជាក់ស្ដែងគម្រោងអភិវឌ្ឍន៍ជាច្រើន បានយកគម្រោងផ្លូវក្រវាត់ក្រុងជាយុទ្ធសាស្ត្រ ក្នុងការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍន៍របស់ខ្លួនផងដែរ ។

អ្នកនាងអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia បានលើកឡើងឱ្យដឹងថា តំបន់ក្បែរៗផ្លូវក្រវាត់ទី៣ មានភាពទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅឋាន ជាក់ស្ដែ​ងតំបន់នៅក្បែរកម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ មានការអភិវឌ្ឍដែលកំពុងតែជំរុញឱ្យគម្រោងផ្សេងទៀត នឹងអភិវឌ្ឍន៍នៅពេលខាងមុខផងដែរ ដូចជាផ្សារទំនើបអ៊ីអនមានជ័យ គម្រោងព្រលានយន្តហោះអន្តរជាតិតេជោជាដើម ។

អ្នកនាងបានមានប្រសាសន៍ថា ក្រៅពីផ្លូវក្រវាត់ក្រុងទី៣នេះ ក៏មានផ្លូវជាច្រើនខ្វាត់ខ្វែងទៀត នៅក្បែរនឹងផ្លូវក្រវាត់ក្រុងនោះ ដែលជាការជួយឱ្យមានការអភិវឌ្ឍ លើគម្រោងរបស់ក្រុមហ៊ុនឯកជនជាច្រើនទៀត និងបានធ្វើឱ្យតម្លៃដីធ្លី នៅតាមបណ្ដោយផ្លូវទាំងនោះ ទទួលបានកំណើនមួយកម្រិតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here