ដោយៈគង់ សូរិយា
ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកជា វ៉ាន់ដេតបានមានប្រសាសន៍ឲ្យដឹងថា គម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ដែលតភ្ជាប់ពីទីក្រុងហុងកុង មកកាន់ក្រុងព្រះសីហនុ ប្រវែងជិត៣០០០គីឡូម៉ែត្រ បានចាប់ផ្តើមដំណើរការហើយ។
លោកអះអាងថា បណ្តាញនេះនឹងបង្កើនសមត្ថភាពខ្ពស់ ក្នុងការផ្គត់ផ្គង់អ៊ីនធឺណិតល្បឿនលឿន។
លោកជា វ៉ាន់ដេតបានមានប្រសាសន៍ឲ្យដឹងបែបនេះកាលសប្តាហ៍មុន ក្នុងពេលលោកធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំ ចាប់ផ្តើមគម្រោងខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុង ហុងកុង-ក្រុងព្រះសីហនុ និងខ្សែកាបបន្តពីក្រុង ព្រះសីហនុ មករាជធានី ភ្នំពេញ នៅទីស្តីការក្រសួង។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួង។
ក្រសួងបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី១៨ ខែកុម្ភៈថា គម្រោងតបណ្តាញខ្សែកាប អុបទិក ក្រោមបាតសមុទ្រពីក្រុង ហុងកុង-ក្រុងព្រះសីហនុ មានប្រវែង ២ ៧១៥គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៤។ បណ្តាញនេះ នឹងបង្កើនសមត្ថភាពខ្ពស់ ក្នុងការផ្គត់ផ្គង់អ៉ីនធឺណិតល្បឿនលឿន និងកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕
