តំបន់ផ្លូវ៥១កំពុងប្រែពីតំបន់ដីឡូត៏ទៅជាតំបន់ឧស្សាហកម្មនិង លំនៅឋាន

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុននេះ តំបន់ផ្លូវ៥១ ជាតំបន់ដែលមានសក្ដានុពល និងពេញនិយមខ្លាំងលើការអភិវឌ្ឍដីឡូត៏ ដោយមានអ្នកអភិវឌ្ឍន៍ជាច្រើនចូលទៅអភិវឌ្ឍន៍តំបន់នោះជាដីឡូត៏ និងមានអតិថិជន ប្រជាពលរដ្ឋជាច្រើន បានចូលទៅទិញដីឡូត៏ពីក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះ។

ប៉ុន្តែមកដល់បច្ចុប្បន្ននេះ តំបន់ផ្លូវ៥១បាននិងកំពុងប្រែក្លាយទៅជាឧស្សាហកម្មនិងលំនៅឋានដ៏មានសក្ដានុពល ។

លោកផូន សុអុនដែនប្រធានផ្នែកលក់នៃក្រុមហ៊ុន KH Land បានថ្លែងប្រាប់តាមទូរសព្ទឱ្យដឹងថា ការអភិវឌ្ឍដីឡូត៏បានថមថយបន្តិចហើយនៅតំបន់តាមបណ្ដោយផ្លូវ៥១ ដោយជំនួសមកវិញនូវការអភិវឌ្ឍជាតំបន់ឧស្សាហកម្ម និងលំនៅឋានដូចជាបុរីជាដើម។

លោកបន្តថា “ពីមុនតំបន់នេះ ពិតជាសំបូរទៅដោយការអភិវឌ្ឍដីឡូត៏មែន ដោយសារតែតម្លៃដីធ្លីនៅមានតម្លៃទាប តែនៅពេលតម្លៃដីធ្លីកាន់តែឡើងថ្លៃធ្វឱ្យតំបន់នោះ មិនអាចអភិវឌ្ឍន៍ជាដីឡូត៏បានទៀតនោះទេ”។

លោកផូន សុអុនបានបន្តថា បច្ចុប្បន្ននេះ នៅតំបន់តាមបណ្ដោយផ្លូវ៥១គឺមានការអភិវឌ្ឍទៅជាឧស្សាហកម្ម និងលំនៅឋានហើយក៏មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើន បានចូលទៅអភិវឌ្ឍន៍ជាបន្តបន្ទាប់ ស្របនឹងក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មមួយចំនួន ក៏បានធ្វើសកម្មភាពអភិវឌ្ឍន៍ដើម្បីផ្គត់ផ្គង់ជូនអ្នកវិនិយោគផងដែរ ។ តម្លៃដីធ្លីនៅតំបន់នោះ បានហក់ឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោកសន្និដ្ឋានថា នៅពេលអនាគត តំបន់ផ្លូវ៥១នឹងអាចដូចមហាវិថីឈ្នះ ឈ្នះនាពេលបច្ចុប្បន្ននេះ ស្របនឹងផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងតែអនុវត្តជាបន្តបន្ទាប់ដូចគ្នានោះដែរ ។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោក វ៉ា វីរៈបានលើកជាទស្សនថា តំបន់ខាងលិចភ្នំពេញ នឹងទាក់ទាញខ្លាំងទៅលើឧស្សាហកម្ម ហើយវិនិយោគិនបរទេសចូលមកថ្មីៗ ក៏កំពុងតែចាប់អារម្មណ៍នៅតំបន់ខាងលិចសម្រាប់ គម្រោងអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួនផងដែរ ដូចជាតំបន់សេដ្ឋកិច្ចពិសេស គម្រោងរោងចក្រ សហគ្រាសនានា ។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺលោកវ៉ី សំណាងបានថ្លែងកាលពីពេលថ្មីៗនេះថា ដោយសារតែវត្តមានរោងចក្រ សហគ្រាស នៅក្នុងខេត្តកំពង់ស្ពឺបានធ្វើឱ្យតម្លៃដីធ្លី នៅតំបន់មួយចំនួននៅខេត្តកំពង់ស្ពឺ ហក់ឡើងជាបន្តបន្ទាប់ និងធ្វើឱ្យតំបន់ខ្លះដែលធ្លាប់តែធ្វើស្រែចំការ ឬជាតំបន់កសិ​កម្ម ក្លាយជាតំបន់ឧស្សស្សាហកម្ម ជំរុញតម្លៃដីឡើងថ្លៃ ធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here