ការ​លក់​ផ្ទះ​នៅ​ប្រទេសចិន​ប្រកាស​ពីការ​កើន​ឡើង​ប្រចាំ​សប្តាហ៍​ ទី​៣ជាប់​ៗគ្នា

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមការស្ទង់មតិឯកជនមួយ បានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទនេះថា ការលក់ផ្ទះថ្មីនៅទីក្រុងចំនួន១៦ របស់ប្រទេសចិនបានកើនឡើង នៅក្នុងសប្តាហ៍ទី៣ជាប់ៗគ្នា ក្រោយទីក្រុងប៉េកាំងបានបញ្ចប់នយោ បាយសូន្យកូវីដ និងចាត់វិធានការគាំទ្របន្ថែមទៀត ដែលបានធ្វើឱ្យតម្រូវការមានស្ថិរភាព។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មាន Reuter នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

យោងតាម China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនវត្ថុឯករាជ្យ ដ៏ធំបំផុតមួយរបស់ប្រទេសចិនបានឱ្យដឹងថា ការលក់ផ្ទះ គិតជាផ្ទៃក្រឡាបានកើនឡើង៧,៩ភាគរយ ក្នុងកំឡុងថ្ងៃទី១២ ដល់ទី១៨ខែកុម្ភៈ បើធៀបនឹងរយៈពេលប្រាំពីរថ្ងៃមុននេះ។  សម្រាប់ថ្ងៃទី៥ ដល់ទី១១ខែកុម្ភៈ កំណើនប្រចាំសប្តាហ៍ស្ថិតក្នុងរង្វង់៤០,៩ភាគរយ។

កំណើននៃការលក់ផ្ទះនៅក្នុងទីក្រុងនានា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងបន្តិចបន្តួច នៃតម្លៃផ្ទះជាតិ ដោយបន្ថែមលើភស្តុតាងដែលថា វិស័យអចលនទ្រព្យចិន កំពុងមានស្ថិរភាព ទោះបីជាការស្ទុះងើបឡើងវិញ នៅតែមានភាពយឺតយ៉ាវយ៉ាងណាក្តី។

ទោះជាយ៉ាងណាក្តី ការធ្លាក់ចុះនៃកំណើននៃការលក់បណ្តាលមកពីការថយចុះ នៃប្រតិបត្តិការនៅក្នុងទីក្រុងលំដាប់ទី១។  ការលក់ផ្ទះនៅទីក្រុងសៀងហៃ បានធ្លាក់ចុះ២០,២ភាគរយ នៅក្នុងខែកុម្ភៈ ចាប់ពីថ្ងៃទី១២ ដល់ទី១៨ ធៀប នឹងការកើនឡើង១០៣,៨ភាគរយកាលពីសប្តាហ៍មុន។

រដ្ឋបាលក្នុងតំបន់នានា បានបន្ធូរបន្ថយការទប់ស្កាត់ លើអ្នកទិញផ្ទះ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីជំរុញតម្រូវការ និងជំរុញការលក់ រួមទាំងការបញ្ចុះអត្រាប្រាក់កម្ចីទិញផ្ទះ និងគាំទ្រផ្នែកហិរញ្ញប្បទានរបស់ក្រុមហ៊ុន។

លើសពីនេះទៀត ទីក្រុងចិនមួយចំនួនក៏បានបន្ធូរបន្ថយច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ចុះបញ្ជីតែផ្ទះណា ដែលបានបញ្ចប់ការសាងសង់សម្រាប់ដាក់លក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here