ខណ្ឌជ្រោយចង្វារកំពុងវិវត្តខ្លួនទៅជាទីក្រុងដ៏ស៊ីវិល័យមួយនាប៉ែកខាងកើត

0

ដោយ៖ សុផារី

ភ្នំពេញ៖ ការអភិវឌ្ឍក្នុងខណ្ឌជ្រោយចង្វារ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះខ្លាំង មិនថាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍអចលនទ្រព្យ កំណើនប្រជាជន និងសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន។ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថាខណ្ឌមួយនេះកំពុងវិវត្តខ្លួនទៅជាទីក្រុងដ៏ស៊ីវិល័យមួយ ក្នុងពេលដ៏ខ្លីនេះ។

យើងសង្គេតឃើញថា គម្រោងស្ពានជាច្រើនត្រូវបានតភ្ជាប់ទៅកាន់ខណ្ឌមួយនេះ រួមមាន ស្ពាន មិត្តភាពកម្ពុជា – ជប៉ុន និងស្ពានព្រែកព្នៅ ស្របពេលដែលស្ពានបេតុងខ្សែកាប ភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់តំបន់ជ្រោយចង្វារក៏សម្រេចបានវឌ្ឍនភាពការសាងសង់ច្រើន និងគ្រោងបើកដំណើរការនៅក្នុងឆ្នាំ ២០២៣នេះផងដែរ។

ក្រៅពីនេះ គម្រោងបុរី ផ្ទះអាជីវកម្ម ផ្សារទំនើប អាផាតមិន ដីឡូតិ៍ និងខុនដូបានលេចរូបរាងលើងព្រោងព្រាតនៅគ្រប់ទីកន្លែងនៅក្នុងទឹកដីខណ្ឌនេះ។ ជាក់ស្តែង គម្រោងផ្សារម៉ាក្រូ ផ្សារបាយ័ន ផ្សារ 7-11 បានវិនិយោគក្នុងតំបន់នេះផងដែរ ដែលបានជំរុញឱ្យការរស់នៅកាន់តែមានភាពងាយស្រួល និងអ៊ូអរថែមទៀត។

ជាពិសេសនោះគឺ ខណ្ឌនេះស្ថិតនៅក្នុងគម្រោងបង្កើតទីក្រុងរណបជ្រោយចង្វារ ដែលគ្រប់ដណ្តប់ ផ្ទៃដីទំហំជាង១០០ហិកតា និងចំណាយទុនរាប់ពាន់លានដុល្លារអាមេរិក។ គម្រោងនេះជាគម្រោងពាណិជ្ជកម្មអន្តរជាតិ ដែលនឹងនាំវិសាលភាពអភិវឌ្ឍន៍មកកាន់ខណ្ឌនេះ។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងសំខាន់បំផុតរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួត កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះជាការបញ្ជាក់ច្បាស់ពីការគិតគូរ និងកំណត់ទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលមកកាន់តំបន់នេះ។ អមជាមួយគ្នានេះ សួនសត្វសាហ្វារី វិមានឈ្នះឈ្នះ និងតំបន់កំសាន្តជាច្រើនក៏ជាផ្នែកអភិវឌ្ឍន៍ថ្មី ដែលបំពេញនូវសក្តានុពលលើគ្រប់វិស័យនៃទឹកដីមួយនេះ។

លោកស្រី តាំង ហ៊ួរ អគ្គនាយិកាក្រុមហ៊ុន Amaktak Property Service បានមានប្រសាសន៍ថា ខណ្ឌជ្រោយចង្វារក្នុងតំបន់ផ្លូវ៦A នាពេលបច្ចុប្បន្ននេះមានការអភិវឌ្ឍលេចធ្លោជាងគេ និងលឿនជាងគេ។ ក្នុងនោះ មានគម្រោងបុរីធំៗជាច្រើនបានសម្រុកចូលទៅអភិវឌ្ឍ ក្នុងតំបន់ផ្លូវជាតិលេខ៦Aនេះ រួមមាន បុរីប៉េងហួត វិមានភ្នំពេញ បុរីជីបម៉ុងផាកលែន 6A ។ល។

លោកស្រីបញ្ជាក់ថា កត្តាមួយចំនួន ដែលធ្វើឱ្យតំបន់នេះមានវិនិយោគិនច្រើនចូលទៅវិនិយោគ ដោយសារទីតាំងជ្រោយចង្វារ គឺនៅក្នុងក្រុងស្រាប់ ផ្លូវថ្នល់ខ្វាត់ខ្វែងមានច្រើន ស្ពាន ការធ្វើដំណើរងាយស្រួល អមមកជាមួយពហុកីឡដ្ឋានជាតិមរតកតេជោផងនោះ ទើបធ្វើឱ្យវិនិយោគិនសម្រុកមកតំបន់នេះ។

លោកស្រីបានបន្តថា “ការអភិវឌ្ឍលឿននេះនឹងធ្វើឱ្យខណ្ឌជ្រោយចង្វារក្លាយខ្លួនជាទីក្រុងពេញនិយមក្នុងពេលអនាគតជាមិនខាន។ មកទល់នឹងពេលបច្ចុប្បន្ន អ្នកវិនិយោគក្នុងស្រុកហាក់មានច្រើនរួចមកហើយនៅទីនោះ។ សម្រាប់អ្នកវិនិយោគក្រៅស្រុកបែងចែកជាតំបន់ ដែលតំបន់លី យ៉ុងផាត់ ភាគច្រើនជាអ្នកវិនិយោគជនជាតិចិន និងសិង្ហបុរី”។

នៅមានកត្តាអំណោយផលជាច្រើនទៀត ដែលជំរុញឱ្យជ្រោយចង្វារជាតំបន់មានសក្តានុពលខ្លាំងក្នុងការវិនិយោគ នាពេលបច្ចុប្បន្ននិងអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here