ផ្សារទំនើបបែបសហគមន៍មួយនឹងលេចរូបរាងនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

0

   ដោយៈ ជេស៊ីកា

       ព្រៃវែងៈ អ្នកអភិវឌ្ឍន៍ក្នុងស្រុកមួយក្រុម បាននិងកំពុងរៀបចំសាងសង់ផ្សារទំនើបបែបសហគមន៍ ជាលើកដំបូងនៅក្នុងទីប្រជុំជន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជាតំបន់ដែលស័ក្តិសម នឹងរៀបចំជាទីក្រុងមួយនាពេលអនាគត ដោ យសារកំណើនប្រជាសាស្រ្ត ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋ និងស្ថិតនៅចំណុចកណ្តាលនៃស្រុក និងខេត្តព្រៃវែង ត្បូងឃ្មុំ និងខេត្តកណ្តាល ទីប្រជុំជនស្រុកស្វាយអន្ទរបច្ចុប្បន្នមានហាងទំនើបៗ ហាងកាហ្វេ មានបុរីដ៏ស្រស់ស្អាត ដែលផ្តល់បទពិ​សោធន៍ដល់ប្រជាជនក្នុងតំបន់ និងអ្នកនៅជុំវិញតំបន់នោះ បានមករស់នៅក្នុងជីវិតស៊ីវិល័យបែបទីក្រុងមួយ ដែលនិន្នាការរស់នៅបែបនេះ កំពុងផ្លាស់ប្តូរបែបផែនជីវិតមនុស្សសម័យថ្មី និងគុណភាពជីវិតរបស់ពួកគេ។

លោកឌិន សុមេធារិទ្ឋម្ចាស់គំរោង មង្គលវីឡា-ព្រៃវែងបុរីបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគបុរីនេះឡើង លោកចង់​ផ្តល់បទពិសោធន៍ នៃការរស់នៅបែបសម័យថ្មី ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែង និងបណ្តាខេត្តជុំវិញ ជាមួយនឹងសកម្មភាពលំហែរ សកម្មភាពអាជីវកម្ម ដែលអ្នករស់នៅតំបន់នេះអាចធ្វើអាជីវកម្ម ក្នុងគំរោងរបស់យើង ដែលមានទំហំរហូតដល់ជាង៥០ហិកតា។

លោកបន្តថា “អ្នកទិញលំនៅដ្ឋាននៅបុរីរបស់យើង នឹងទទួលបានកន្លែងលក់បន្លែ និងកសិផលដោយឥតគិតថ្លៃ នៅផ្សារកសិផលរបស់យើង ដែលកំពុងរៀបចំឡើង”។លោកបន្តថា “លើសពីនេះ យើងនឹងបង្កើតផ្សារទំនើបបែបសហគំន៍ជាលើកដំបូងនៅទីនេះ ដើម្បីឲ្យប្រជាជនរស់នៅក្នុងតំបន់នេះ ស្គាល់ពីបែបផែនជីវិតទាន់សម័យ ក៏ដូចជារួមចំណែកអភិវឌ្ឍន៍​សេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ”។

បុរីនេះ មានទីតាំងនៅចំណុចប្រសព្វគ្នារវាង ផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ដែលជាទីប្រជុំជន និងជាតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកឌិន សុមេធារិទ្ឋ ដែលជាអ្នកសិក្សាជំនាញផ្នែករៀបចំទីក្រុង ជាអ្នកមានឈាមជ័រជាអ្នកព្រៃវែង បានបង្កើតគំរោងនេះ ដើម្បីអភិវឌ្ឍន៍នៅស្រុកកំណើតរបស់លោក ក៏ដូចជាចូលរួមអភិវឌ្ឈន៍ជាមួយរដ្ឋាភិបាល ដើម្បីលើកកំពស់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here