ដោយៈ សុខុម
វៀងចន្ទន៍: តំបន់សេដ្ឋកិច្ចពិសេសស៊ីថានដន (Sithandon SEZ) បានចាប់ផ្តើមសាងសង់ហើយ នូវសណ្ឋាគារដែលមានរាង ដូចឧបករណ៍ភ្លេងគែន នៅលើកោះ៤.០០០ ស្ថិតក្នុងភូមិសាស្ត្រស្រុកខុង (Khong) នៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។
ការសាងសង់សណ្ឋាគារឈ្មោះថា Mekong Intercontinental Hotel នេះគឺជាផ្នែកមួយនៃការអភិវឌ្ឍដំណាក់កាលដំបូង នៃតំបន់សេដ្ឋកិច្ចពិសេសស៊ីថានដន (Sithandon SEZ) ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៧ និងទុនវិនិយោគតម្លៃ៦០០លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ។
ប្លង់គម្រោងសណ្ឋាគារមានរាងដូចគែន ដែលជាឧបករណ៍ជាតិប្រពៃណីរបស់ប្រទេសឡាវ នេះត្រូវបានសម្រេចចុងក្រោយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ហើយគេរំពឹងថា វានឹងក្លាយជាសណ្ឋាគារខ្ពស់បំផុត ប្រចាំប្រទេសឡាវ ជាមួយនឹងកម្ពស់២៣៨ម៉ែត្រ។
ក្រៅពីរចនាបថឧបករណ៍ភ្លេងបុរាណគែន សណ្ឋាគារនេះក៏មានរចនាបថជាកញ្ជើយក្សមួយ ដែលនៅអមនឹងគែនផងដែរ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ tourismmekong.com ឱ្យដឹងថា សណ្ឋាគារនេះ នឹងមានបន្ទប់គេងចំនួនជាង៤០០បន្ទប់។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់ជាផ្លូវការពីកាលបរិច្ឆេទ បញ្ចប់ការសាងសង់ និងការសម្ពោធដាក់ឱ្យដំណើរការ សណ្ឋាគារនេះនៅឡើយទេ៕ Laotian Times៕