អាកាសយានដ្ឋានក្រុងឌូបៃ នឹងទទួលបានអ្នកដំណើរដល់៧៨លាន នាក់ក្នុងឆ្នាំ២០២៣នេះ

0

ដោយៈ សុខុម

រីយ៉ាដ: ដោយសារក្រុងឌូបៃ គ្រោងនឹងទទួលរៀបចំព្រឹត្តិការណ៍ធំៗដូចជាសន្និសីទអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ (UN Climate Change Conference) ជាដើម អាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃ (Dubai International Airport) រំពឹងថា អ្នកដំណើររហូតដល់ទៅ៧៨លាននាក់ នឹងឆ្លងកាត់ច្រកទ្វាររបស់ខ្លួននៅឆ្នាំ២០២៣។

ការព្យាករនេះធ្វើឡើង បន្ទាប់ពីចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិមួយនេះ បានកើនឡើងជាងទ្វេដងក្នុងឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ។

ក្រុមហ៊ុន DXB ដែលជាប្រតិបត្តិករអាកាសយានដ្ឋាននេះបានចេញសេចក្ដីថ្លែងការណ៍ថា អាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃ ដែលស្ថិតក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិធំៗ បំផុតរបស់ពិភពលោកទទួលបានអ្នកដំណើររហូតដល់៦៦លាននាក់ក្នុងឆ្នាំ២០២២ ដោយកើនឡើង១២៧​ភាគរយ ដោយសារតែចំនួនអ្នកដំណើរកើនឡើងខ្លាំង ក្នុងត្រីមាសទី៤ ចុងឆ្នាំកន្លងទៅ។

អំឡុងពេលនេះ អាកាសយានដ្ឋាននេះ បានកត់ត្រាឃើញចំនួនអ្នកដំណើរ១៩,៧២លាននាក់ ដោយកើនឡើង៦៧%បើធៀបនឹងត្រីមាសទី៤ ចុងឆ្នាំ២០២១ ដែលធ្វើឱ្យវាក្លាយជាត្រីមាស ដែលទទួលបានចំនួនអ្នកដំណើរច្រើនបំផុតចាប់តាំងពីឆ្នាំ២០១៩។

លោក Paul Griffiths នាយកប្រតិបត្តិក្រុមហ៊ុន DXB បានលើកឡើងថា “ដោយសារ DXB ព្យាករណ៍ថា អាកាសយានដ្ឋានអន្តរជាតិនេះនឹងទទួលបានអ្នកដំណើរចំនួន៧៨លាននាក់ក្នុងឆ្នាំនេះ ខណ:ទីក្រុងឌូបៃ នឹងទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ រួមទាំង Dubai Airshow និង​សន្និសីទអង្គការសហប្រជាជាតិស្តីពី បម្រែបម្រួលអាកាសធាតុCOP28 ផងដែតនោះ វានឹងក្លាយជាឆ្នាំនៃការប្រកួតប្រជែង និងឱកាសថ្មីមួយទៀត ហើយយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងទាំងនោះ”។

ចំនួនជើងហោះហើរសរុប ដែលផ្ដល់ដោយក្រុមហ៊ុន DXB មានចំនួន៩៦.៧០១ជើងអំឡុងត្រីមាសទី៤ ចុងឆ្នាំ២០២២ ដែលធ្វើឱ្យចំនួនជើងហោះហើរសរុបប្រចាំឆ្នាំ ឈានដល់៣៤៣.៣៣៩ជើង ដែលជាកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤៧%៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here