ក្រុមអ្នកជំនាញៈឆ្នាំ២០២៣សកម្មភាពអចលនទ្រព្យមានភាព ផុសផុលឡើងវិញ

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ( CVEA ) បានមានប្រសាសន៍ក្នុងសន្និសីទតុមូលមួយនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះថា សកម្មភាពនៃការវិនិយោគ ក៏ដូចជាការទិញលក់អចលនទ្រព្យក្នុងឆ្នាំ ២០២៣នេះចាប់ផ្ដើមមានសកម្មភាពឡើងវិញជាបន្តបន្ទាប់ បើធៀបនឹងរយៈពេល៣ឆ្នាំកន្លងមកនេះ។

លោកបន្តថា ឆ្នាំ២០២៣នេះ កម្ពុជាបានបើកកាន់ទូលាយដល់ការធ្វើទីផ្សារអចលនទ្រព្យ និងការអនុញ្ញាតឱ្យវិនិយោគិនបរទេស ចូលមកកម្ពុជាកាន់តែច្រើន ។ ក្នុងនោះដែរកាលពីពេលថ្មីៗនេះ ប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញ ដែលវាជាសញ្ញាណល្អ សម្រាប់ទីផ្សារអចលនទ្រព្យនិងការវិនិយោគពីប្រទេសចិន ។

លោកសន សៀបបានបន្តថា កម្ពុជាក៏បានរៀបចំទទួលអ្នកដំណើរមកពីប្រទេសចិន និងប្រទេសផ្សេងៗទៀត ទាំងភ្ញៀវទេសចរនិងវិនិយោគិន ហើយវត្តមានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅប្រទេសចិនកាលពីពេលថ្មីៗនេះ ក៏នឹងជួយឱ្យទំនាក់ទំនងរវាងកម្ពុ ជានិងចិន កាន់តែស្អិតរមួត។

លោកបន្តថា “យើងក៏ជឿជាក់ថារដ្ឋាភិបាលប្រទេសចិន នឹងជំរុញទេសចរណ៍ ក៏ដូចជាវិនិយោគិនរបស់ខ្លួនមកកម្ពុជាកាន់តែច្រើនឡើង”។

លោកបន្ថែមថា ក្រៅពីចិន កម្ពុជាក៏មានវិនិយោគិនជនជាតិដទៃទៀតដែរ កំពុងបណ្ដាក់ទុនវិនិយោគដូចជប៉ុន កូរ៉េខាងត្បូងជាដើម ដោយយើងបានឃើញថា គម្រោងរបស់វិនិយោគិន នៃប្រទេសទាំងនោះក៏បាននិងកំពុងលេចធ្លោជាបន្តបន្ទាប់ ក្នុងប្រទេសកម្ពុជាផងដែរ។

លោកសន សៀបបានបញ្ជាក់ថា “បណ្ដាប្រទេសអាស៊ាន ក៏ជាប្រភពទុន នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែរ ហើយប្រទេសអាស៊ានទាំងនោះ ក៏បានដាក់ទុនវិនិយោគនៅកម្ពុជាច្រើន”។លោកបន្ថែមថា “កម្ពុជាក៏មិនចាប់យកប្រទេសណាមួយហើយ លែងប្រទេសផ្សេងទៀតដែរ គឺកម្ពុជាស្វាគមន៍រាល់បរទេសណាដែលមានបំណងចូលមកវិនិយោគ”។

ជាមួយគ្នានេះ លោកឌឹត ចណ្ណា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យឡាក់គី ក៏បានលើកឡើងផងដែរថា ឆ្នាំ២០២៣ជាឆ្នាំដែលកម្ពុជានឹងទទួលបានការវិនិយោគពីបរទេសឡើងវិញ ជាពិសេសប្រទេសចិន។ ដូច្នេះដើម្បី  ឱ្យកម្ពុជាទទួលផលចំណេញ ពីការវិលត្រលប់មកវិញនៃវិនិយោគិនចិន យើងចាំបាច់ត្រូវត្រៀមខ្លួន សម្រាប់ធ្វើការជាមួយពួកគេ ដូចជា ចំណេះជំនាញនិងរបៀបពីការរកស៊ីជាមួយវិនិយោគិននិងធុរជនចិន ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែរ ក្រុមហ៊ុនវិនិយោគិននិងធុរជនចិនមួយក្រុមមកពីខេត្តហៃណាន់ ប្រទេសចិនក៏បានមកកម្ពុជា ដើម្បីសិក្សាពីឱកាសនៃការវិនិយោគជាពិសេស ទៅលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ហើយពួកគេក៏បានប្រាប់ធុរជនកម្ពុជា ពីការត្រៀមខ្លួនទទួលអ្នកដំណើរការជនជាតិចិន ដែលចេញពីប្រទេសជាង៩០លាននាក់ក្នុងឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here