ផ្សារទំនើបAEON Mall3 កំពុងជំរុញសក្តានុពលដីធ្លីនិងការអភិវឌ្ឍ ក្នុងតំបន់ជុំវិញគម្រោង

0

ដោយៈ សុផារី

ភ្នំពេញ៖ គម្រោងវិនិយោគផ្សារទំនើបEAON Mall3  ដែលជាផ្សារទំនើបធំមួយ នៅក្នុងប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ បានកំពុងជំរុញការអភិវឌ្ឍតំបន់ជិតៗនោះ កាន់តែលឿនមួយកម្រិត មិនត្រឹមតែលើទីផ្សារផ្សារទំនើបតែប៉ុណ្ណោះទេ តែសម្រាប់អចលនទ្រព្យដីធ្លីទាំងមូល។

អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅថ្ងៃទី២២ ខែកុម្ភៈថា តំបន់នេះ គឺជាតំបន់ថ្មី ដែលត្រូវបានបង្កើតឡើង សម្រាប់ទាក់ទាញបណ្តុំនៃប្រជាជននៅក្នុងស្រុក ជាពិសេស ប្រជាជនដែលរស់នៅតំបន់តាខ្មៅ ព្រែកឯង ខណ្ឌមានជ័យ ចម្ការដូង។ល។ ដែលអនុញ្ញាតឱ្យមានការប្រកបអាជីវកម្មលក់ដូរ និងកំសាន្ត។ល។

លោកមានប្រសាសន៍ទៀតថា “ប្រជាជននឹងសម្លឹងមើលឱកាស នៅក្នុងការវិនិយោគ លើទីផ្សារអចលនទ្រព្យផងដែរ ដូច្នេះតំបន់នេះនឹងក្លាយទៅជាតំបន់ប្រមូលផ្តុំការជួបជុំ ប្រជុំដោយហាងលក់ទំនិញធំៗ អាហារដ្ឋាននានា”។

លើកឡើងពីសក្តានុពលនៃទីតាំងនេះ លោកសុខនីមបានបន្ថែមថា សក្តានុពល នឹងរីកសាយភាយទៅកាន់តំបន់កៀកៗ ទីតាំងផ្សារទំនើបផងដែរ ហើយអាចនឹងមានការអភិវឌ្ឍ និងវត្តមាននៃអាគារខ្ពស់ៗ បន្ថែមទៀត។

ជាមួយគ្នានេះ អ្នកស្រីGrace Racchny អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា នៅក្នុងចំណោមខណ្ឌទាំង១៤ នៃ រាជធានីភ្នំពេញ គេសង្កេតឃើញថាតម្លៃដីធ្លី នៅក្នុងទីតាំងសក្តានុពលមួយចំនួន មិនមានការធ្លាក់ចុះនោះទេ ព្រោះទីតាំងទាំងនោះនឹងវិវត្តពីទីតាំងលំនៅឋាន (Residential) ទៅជាទីតាំងពាណិជ្ជកម្ម (Commercial)។ ជាក់ស្តែង តំបន់ផ្សារទំនើបអ៊ីអន៣ ចាប់តាំងពីផ្សារទំនើ បនេះត្រូវបានបង្កើតឡើងមក តំបន់នេះចាប់ផ្តើមមានការរីកចម្រើនខ្លាំង។

លោកស្រីបានអះអាងថា ការវិនិយោគដីធ្លីនៅទីតាំងម្ដុំផ្សារទំនើបមួយនេះ នឹងតែងតែផ្ដល់ផលចំណេញដល់អ្នកវិនិយោគិនជានិច្ច។ លោកស្រីបន្តរថា “ការវិនិយោគផ្សារទំនើបដ៏ធំរបស់ជប៉ុនមួយនេះ គឺមិនមែនវិនិយោគតែទៅលើផ្សារទំនើបមួយមុខនោះទេ គឺគាត់ផ្តោតទៅលើទីផ្សារដីធ្លី៨០ ទៅ៩០ភាគរយ”។

លោកស្រីបន្តថា “Portfolio របស់គាត់ធំ អញ្ចឹងហើយបានជាគាត់សម្ពោធដាក់ដំណើរការផ្សារទំនើបAEON Mall3 នៅក្នុងពេលវិបត្តិដ៏ធំ ព្រោះពួកគាត់មានលំហូរសាច់ប្រាក់ល្អ គាត់ជាក្រុមហ៊ុនមួយដែលមានការរៀបចំផែនការល្អ”។

ផ្សារទំនើបអ៊ីអនម៉ល មានជ័យ ជាផ្សារទំនើបមានផ្ទៃដីធំជាងគេនៅប្រទេសកម្ពុជា ក្រោមទុនវិនិយោគតម្លៃជិត២៩០លានដុល្លារអាមេរិក និងមានទីតាំងស្ថិត នៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here