តំបន់ឬុស្សីកែវជ្រោយចង្វារនឹងបង្ហាញសក្ដានុពលកាន់តែខ្លាំងក្រោយសំណង់ហេដ្ឋារចនាសម្ព័ន្ធធំពីរដាក់ដំណើរការឆ្នាំនេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ខ័ណ្ឌឬស្សីកែវ និងជ្រោយចង្វារ នឹងកាន់តែបង្ហាញពីសក្ដានុពលផ្នែកអចលនទ្រព្យកាន់តែខ្លាំងឡើងបន្ថែមទៀត ស្របនឹងសំណង់ហេ ដ្ឋារចនាសម្ព័ន្ធធំៗពីរ នឹងត្រូវដាក់ដំណើរការនៅឆ្នាំ២០២៣នេះ ជាពិសេសនៅក្នុងត្រីមាសទី១នៃឆ្នាំ។

សំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗពីរ ដែលនឹងត្រូវដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៣នេះ រួមមានស្ពានអាកាសឬស្សីកែវនៅលើផ្លូវជាតិលេខ៥ និងស្ពានខ្សែកាបឆ្លងទន្លេពីឬស្សីកែវ ទៅកាន់ទីក្រុងរណបជ្រោយចង្វាររបស់OCICក្នុងនោះដែរ ស្ពានអាកាសឬស្សីកែវ នឹងត្រូវដាក់ដំណើរការនៅដើមខែ មីនា ២០២៣ និងស្ពានខ្សែកាបឆ្លងទន្លេរ នឹងគ្រោងដាក់ដំណើរការនៅមុនចូលឆ្នាំខ្មែរខាងមុខនេះ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានកត់សម្គាល់ឃើញថាតំបន់ណា ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ តំបន់នោះតែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិន ហើយតម្លៃអចលនទ្រព្យនៅតំបន់នោះ ក៏នឹងត្រូវឡើងថ្លៃមួយកម្រិតទៀតដែរ ។

ហេតុនេះរាជរដ្ឋាភិបាល ក៏បានខិតខំក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនជាពិសេសតំបន់ដែលមានតម្រូវការចាំបាច់។

អ្នកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service  បានថ្លែងនាពេលកន្លងមកឱ្យដឹងថា តំបន់ជ្រោយចង្វារនឹងក្លាយជាទីក្រុងថ្មីដ៏ពេញនិយម និងមានសក្ដានុពលខ្ពស់ ជាពិសេសទីក្រុងជ្រោយចង្វារ នឹងកាន់តែទាក់ទាញការអភិវឌ្ឍ ជាតំបន់ពាណិជ្ជកម្មនិងលំនៅឋានកាន់តែច្រើន ។

បើតាមរបាយការណ៍វាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញថា ដីធ្លីនៅខណ្ឌឬស្សីមានចាប់ពី៥០០ដុល្លារ ដល់៣៩០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ក្នុងនោះតំបន់ទួលសង្កែមានតម្លៃដីខ្ពស់ជាងគេ និងទាបជាងគេនោតំបន់សង្កាត់ស្វាយប៉ាក និងសង្កាត់គីឡូម៉ែត្រលេខ៦ ដែលមានតម្លៃពី៥០០ដុល្លារ ទៅ១០០០ដុល្លារអាមេរិកក្នុងម៉ែត្រការ៉េ។

ដោយឡែកតំបន់ជ្រោយចង្វារវិញតម្លៃដីធ្លីឃើញថា មានចន្លោះពី១៧០០ដុល្លារ ទៅ៣៩០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយតំបន់នៃខណ្ឌជ្រោយចង្វារ ដែលមានតម្លៃដីទាបជាងគេ គឺសង្កាត់កោះដាច់ដែលគេអាចរកបានក្នុងតម្លៃពី២០ដុល្លារអាមេរិក ទៅ៣៦០ដុល្លារអាមេរិកអាស្រ័​យទៅលើទីតាំងផ្លូវតូចឬផ្លូវធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here