អ្នកជំនាញៈដីធ្លីនៅតំបន់អរិយក្សត្រនឹងមានសន្ទុះខ្លាំងនៅពេលស្ពាន ចាប់ផ្តើមសាងសង់

0

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងសាងសង់ស្ពានឆ្លងទន្លេរបានកំពុងធ្វើឱ្យតំបន់អរិយក្សត្រ ក្លាយជាតំបន់មួយដែលមានសក្ដានុពលខ្ពស់ ហើយបង្កើនភាពងាយស្រួល និងធ្វើឱ្យការអភិវឌ្ឍកាន់តែមានភាពអ៊ូអរ ហើយត្រូវបានរំពឹងនឹងប្រែក្លាយជាទីក្រុងរណបមួយនាពេលខាងមុខនេះ។

យ៉ាងណាក្តី យោងតាមការសង្គេតរបស់អ្នកជំនាញ ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់នេះ នៅមិនទាន់មានសន្ទុះខ្លាំងណាស់ណានោះទេ ដោ​យគេត្រូវរង់ចាំ រហូតដល់គម្រោងស្ពានមិត្តភាពកម្ពុជា កូរ៉េចាប់ផ្តើមលេចរូបរាង ហើយមានការរៀបចំគម្រោង ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន  ឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីនៅក្នុងក្រុងអរិយក្សត្រនៅមិនមានការឡើងថ្លៃខ្លាំងនោះទេ ពីព្រោះទាំងប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅបន្តប្រឈមនឹងវិបត្តិនៅឡើយ។

លោកបញ្ជាក់ថា “តម្លៃដីធ្លីនៅទីនោះនឹងអាចមានកំណើនឡើង នៅពេលដែលគម្រោងស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលឆ្លងទន្លេរមេគង្គ និងទន្លេរសាប ទៅកាន់តំបន់អរិយក្សត្រ ត្រូវបានសាងសង់រួច និងដាក់ឱ្យដំណើរការជាផ្លូវការ”។

លោកមានប្រសាសន៍ថា “ផលចំណេញពីអចលនទ្រព្យ ក្នុងតំបន់នោះអាស្រ័យលើការអភិវឌ្ឍ និងយន្តការ ការពង្រីកទីក្រុង ឬតំបន់ប្រជុំជនទៅច្រើន។ ប្រសិនបើមានតំបន់ប្រជុំជនច្រើន នោះការអភិវឌ្ឍនៅតំបន់អរិ​យ​ក្សត្រនោះនឹងកើនឡើង”។

អ្នកជំនាញរូបនេះលើកឡើងថា តាមរយៈគម្រោងស្ពាននេះ បានជួយសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋទៅមករវាងភ្នំពេញ និងអរិយក្សត្រ ដែលជួយឱ្យចំណេញពេលវេលា និងថវិកា ជាពិសេសវាថែមទាំងជួយជំរុញនូវកំណើនសេដ្ឋកិច្ច ពង្រីកសក្ដានុពលតំបន់ និងជួយជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងផងដែរ។

ជាមួយគ្នានេះ លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុន ចាន់ណាលែន បានបង្ហាញពីសញ្ញាល្អប្រសើរ តាំងពីមានការប្រកាសនូវគម្រោងស្ពានមិត្តភាពមកថា មានប្រជាពលរដ្ឋ និងអ្នកវិនិយោគមួយចំនួនធំបានចាប់យកឱកាសក្នុងការទិញដី ឬលំនៅឋាន នៅប៉ែកខាងអរិយក្សត្រច្រើនជាងមុន។ តាមរយៈលំហូរប្រជាជនចូលមកតាំងទីលំនៅ និងវិនិយោគ លោកជឿជាក់ថា តំបន់នេះនឹងមានភាពអ៊ូអរកាន់តែខ្លាំងឡើង។

លោកបន្តថា “ទោះបីជាគម្រោងស្ពាន មិនទាន់ត្រូវបានបុកគ្រឹះសាងសង់ក្តី ប៉ុន្តែគម្រោងនេះ បានបង្ហាញដោយថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលរួចរាល់ហើយ”។ លោកបន្តថា “ដូច្នេះមិនយូរ មិនឆាប់ គម្រោងនេះនឹងចេញរូបរាង ហើយតម្លៃអចលនទ្រព្យនៅក្នុងមូលដ្ឋាន នឹងមានការកើនឡើងខ្លាំង នៅពេលស្ពានចាប់ផ្តើមដំណើរការ”។

ស្របពេលជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្តាល កាលពីដើមសប្តាហ៍កន្លងមក បានរៀបចំកិច្ចប្រជុំ ក្នុងគោលបំណងពន្លឿនកិច្ចការក្នុងការរៀបចំ និងដាក់ឱ្យដំណើរការក្រុងអរិយក្សត្រ និងក្រុងសំពៅពូន និងរៀបចំគម្រោងផែនការ និងថវិកា ដើម្បីសាងសង់សំណង់អគាររដ្ឋបាលក្រុង ឱ្យបានឆាប់រហ័ស។

ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ) គ្រោងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅក្នុងឆ្នាំ២០២៣នេះ ដោយទទួលកម្ចីចំនួន២៤៥លានដុល្លារអាមេរិក ពីប្រទេសកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here