អ្នកជំនាញៈឆ្នាំ២០២៣ជាការបើកទំព័រថ្មីនៃទីផ្សារអចលនទ្រព្យកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ ទីផ្សារអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៣នេះរំពឹងនឹងមានកំណើនលូតលាស់ល្អប្រសើរឡើងវិញ បើធៀបនឹងឆ្នាំ២០២២។

អ្នកជំនាញបានបង្ហាញ ពីទស្សនវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៣ ដោយប្រៀបប្រដូចនឹងការបើកទំព័រថ្មីមួយ ប្រកបដោយក្តីសង្ឃឹមលើទីផ្សារមួយនេះ។

លោក ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុន INVA Real Estate Investment and Valuation បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កន្លងមកនៅក្នុងឆ្នាំ២០២២ វិស័យអចលនទ្រព្យស្ថិតនៅក្នុងគំនាបមួយ អ្នកដែលមានតម្រូវការ ក្នុងការទិញអចលនវត្ថុមិនហ៊ានសម្រេចចិត្ត ក្នុងការទិញ ដែលនេះហើយជាកត្តាមួយជំរុញឱ្យការទិញមានការធ្លាក់ចុះ។

លោកលើកឡើងថា នៅក្នុងឆ្នាំ២០២៣គឺជាទំព័រថ្មីមួយ នៃទស្សនវិស័យទីផ្សារអចលនទ្រព្យកម្ពុជា ដោយសារក្តីសង្ឃឹមលំហូរវិនិយោគទុនបរទេ​សនឹងអាចវិលត្រលប់មកវិញច្រើនជាងមុន។

លោកបន្តថា “ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ គឺជាឆ្នាំមួយដែលខ្ញុំជឿថា ក្នុងរយៈពេលមួយឆ្នាំដែលតឹងខ្លាំង ក្នុងឆ្នាំ២០២២នេះ វាធ្វើឱ្យឆ្នាំ២០២៣ គឺជាឆ្នាំបើកទំព័រថ្មីសម្រាប់វិស័យអចលនទ្រព្យ ដែលអ្នកទិញគាត់នឹងចាប់ផ្ដើមគិតឡើងវិញ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ”។

អ្នកជំនាញរូបនេះ បានបន្ថែមទៀតថា “នៅក្នុងឆ្នាំ២០២៣នេះ វិនិយោគិនបរទេស នឹងចូលប្រទេសកម្ពុជាយើងកាន់តែច្រើន ហើយសម្លឹងរកមើលឱកាសវិនិយោគ ព្រោះថាតម្លៃពលកម្មនៅប្រទេសកម្ពុជា មានតម្លៃទាប ដែលនេះជាឱកាសក្នុងការទាក់ទាញ វិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា”។

ជាមួយគ្នានេះ លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានបង្ហាញសុទិដ្ឋិនិយមខ្ពស់លើវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៣ នឹងអាចមានកំណើនល្អប្រសើរឡើងវិញមួយកម្រិតបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយសម្រាប់វិស័យអចលនទ្រព្យ។

លោកស្រីបញ្ជាក់ថា “ដោយសារការបើកប្រទេសរបស់ចិន ដែលអាចឱ្យមានការធ្វើដំណើរចេញ ចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័ក របស់ចិន នឹងជួយស្តារ និងជំរុញកំណើនវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here