វិភាគៈតើបំណុល​ឯកជន​របស់​កម្ពុជា ​ជា​ហានិភ័យ ឬ​សញ្ញា​នៃ​កំណើន?

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ខណៈដែលមានការព្រួយបារម្ភ អំពីសមាមាត្រដ៏ខ្ពស់នៃបំណុ លឯកជននៅកម្ពុជា ធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់ អ្នកដឹកនាំឧស្សាហកម្មមួយចំនួនជឿជាក់ថា វានៅតែស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

ជាមួយនឹងការកើនឡើងជាង២០ភាគរយក្នុងមួយឆ្នាំ និងការកើនឡើងសរុបដល់១៨០ភាគរយ នៃផលិតផលក្នុងស្រុកសរុប បំណុលឯកជនរបស់កម្ពុជា បានចាប់ផ្តើមបង្កើនការព្រួយបារម្ភ រួមជាមួយនឹងការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ (NPLs) ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ប្រាក់កម្ចីរបស់វិស័យឯកជន បានកើនឡើងដល់៥៦,១ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង២០,២ភាគរយបើធៀបនឹងឆ្នាំ២០២១។

ធនាគារជាតិបានវាយតម្លៃថា ការកើនឡើងនៃបំណុលឯកជនជាពិសេសនៅឆ្នាំ២០២២ ជាការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច ហើយនេះអាចបណ្តាលមកពីវិធានការស្តារឡើងវិញ ដែលបានធ្វើឡើងបន្ទាប់ពីវិបត្តិកូវីដ។

ខណៈប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ ដែលផ្តល់ដល់វិស័យឯកជនមានចំនួនជាង៤៦ពាន់លានដុល្លារ នោះប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានរហូតដល់ទៅ៩,៧ពាន់លានដុល្លារ។ ប្រាក់កម្ចីធនាគារពាណិជ្ជបានកើនឡើង១៩,៣ភាគរយ រីឯកម្ចីមីក្រូហិរញ្ញវត្ថុ បានកើនឡើង២៥ភាគរយកាលពីឆ្នាំមុនធៀបនឹងឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់NBC បានឱ្យដឹងថា “ប្រហែល៣២ភាគរយ នៃប្រាក់កម្ចីឯកជនត្រូវបានប្រើប្រាស់ ដោយវិស័យលំនៅដ្ឋាន សំណង់ និងអចលនទ្រព្យ”។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺចំពេលមានកំណើនយ៉ាងខ្លាំងនៃបំណុលឯកជននេះ បំណុលសាធារណៈរបស់កម្ពុជា នៅតែជាអត្រាទាបបំផុតមួយក្នុងតំបន់អាស៊ាន គឺត្រឹមតែ៩,៩ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំ២០២២។ នេះគឺជាកម្រិតទាបបំផុត ក្នុងចំណោមក្រុមសមាជិកទាំង១០នៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រ៊ុយណេ។

យោងតាមស្ថិតិបំណុលសាធារណៈរបស់កម្ពុជា ដែលបានចេញផ្សា យនាពេលថ្មីៗនេះបានឱ្យដឹងថា ស្ថានភាពបំណុលសាធារណៈ នៅតែមាននិរន្តរភាព និងហានិភ័យទាបនៃវិបត្តិបំណុល ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាត និងកត្តាខាងក្រៅផ្សេងទៀតយ៉ាងណាក្តី។

តម្រូវការកើនឡើង ជាពិសេសពីវណ្ណៈកណ្តាល ដែលកំពុងកើនឡើង បានរួមចំណែកដល់ការកើនឡើងយ៉ាងខ្លាំង នៃបំណុលឯកជនរបស់កម្ពុជា។  ដូច្នេះនេះប្រហែលជាមិនមែនបញ្ហា ដែលត្រូវព្រួយបារម្ភនោះទេ ដោ យសារការកើនឡើង នៃសកម្មភាពអាជីវកម្ម អាចបណ្តាលឱ្យមានតម្រូវការប្រាក់កម្ចីកើនឡើង ហើយវាអាចជាសញ្ញានៃសកម្មភាពសេដ្ឋកិច្ចដ៏រ៉ឹងមាំ។

ប៉ុន្តែក្នុងឱកាសនោះដែរ វាក៏អាចបង្កើនហានិភ័យ នៃអស្ថិរភាពសេដ្ឋកិច្ចផងដែរ។  តាមរបៀបនោះ ការកើនឡើងនៃបំណុលឯកជនអាចចាត់ទុកថាជាដាវមុខ២។

លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិក (AmCham) នៅកម្ពុជា បានមានប្រសាសន៍ថា “កាលណាដែលបំណុលឯកជន កើនដល់ចន្លោះពី១០០ ទៅ១៥០ភាគរយនៃផលិតផលក្នុងស្រុកសរុប វានឹងដល់រារាំងកំណើនសេដ្ឋកិច្ច និងកាន់តែអាក្រក់ទៅទៀត ប្រសិ​នបើវាកើនឡើងយ៉ាងឆាប់រហ័ស ដែលអាចបណ្តាលឱ្យមានវិបត្តិហិរញ្ញវត្ថុ”។

លោកបានបន្តថា នៅឆ្នាំ២០២០ និងឆ្នាំ ២០២១ គោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងបន្ធូរបន្ថយបន្ទុករបស់កូនបំណុលបានរួមចំណែកដល់ការកើនឡើង។

លោកបន្ថែមថា “ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១មក ធនាគារជាតិនៃកម្ពុជាបានចាត់វិធានការ ដើម្បីចាប់ផ្តើមឡើងវិញនូវតម្រូវការផ្តល់សេវា ហើយលើសពីនេះទៀតធនាគារនេះ ក៏បានពង្រឹងការត្រួតពិនិត្យផងដែរ”។

ខណៈធ្វើបទបង្ហាញខ្លីៗ ដល់ប្រព័ន្ធផ្សព្វផ្សាយអំពីការរកឃើញនៃដំណើរការប្រឹក្សាអត្ថបទ 1V នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំមុន លោក Alasdair Scott ដែលជាប្រធានបេសកកម្មរបស់ IMF ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃបំណុលឯកជននេះផងដែរ។

បេសកកម្មរបស់ IMF បានកត់សម្គាល់ថា ប្រាក់កម្ចីដែលបានរៀបចំឡើងវិញរបស់អ្នកខ្ចីឯកជន នៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់១៣ភាគរយនៃ GDP គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ហើយប្រាក់កម្ចីមិនដំណើរការ (NPLs) បានកើនឡើងដល់ជិត៤,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

កម្រិត​នៃ​បំណុល​ឯកជន​គឺ​ខ្ពស់​ណាស់ ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ការ​អូសទាញ​សេដ្ឋកិច្ច​ ប្រសិន​បើ​អ្នក​ខ្ចី​ពិបាក​ក្នុង​ការ​សង​បំណុល។  កំណើ​ន​ឥណទាន ​បាន​កើន​លើស​កំណើន​ផលិតផល ​ក្នុងស្រុក​សរុប​បន្ទាប់បន្សំ​(Nominal GDP)ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា។

ទោះបីយ៉ាងនេះក្តី លោក Scott បានមានប្រសាសន៍ថា “បំណុលសាធារណៈរបស់កម្ពុជា នៅតែមានកម្រិតទាប ហើយបន្តស្ថិតក្នុងកម្រិតនិរន្តរភាព”។

ក្នុងរយៈពេលវែង ការចំណាយសាធារណៈនឹងត្រូវកើនឡើង ដើម្បីគ្របដណ្តប់លើការកើនឡើង នៃការចំណាយលើការអប់រំ ការថែទាំសុខភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការថាមពល។  រដ្ឋាភិបាល​ក៏​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា ​ប្រែប្រួល​អាកាសធាតុ​ ជាមួយ​នឹង​ការ​ចំណាយ​បន្ថែមផងដែរ។

សម្រាប់បំណុលឯកជនវិញ បេសកកម្ម IMF បានផ្តល់អនុសាសន៍ឱ្យ NBC បង្កើនការត្រួតពិនិត្យរបស់ខ្លួន។

លោក Scott បានមានប្រសាស៍ថា “NBC គួរតែស្ដារឡើងវិញនូវលក្ខខណ្ឌរូបិយវត្ថុជាបណ្តើរៗ ទៅកាន់យុគសម័យមុនជំងឺរាតត្បាត ដូចជាកម្រិតតម្រូវការអប្បបរមាសម្រាប់ធនាគារ”។

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះបានឱ្យដឹងថា លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា សូចនាករជាច្រើនអាចកំណត់ថាតើកម្រិតនៃបំណុលឯកជន នៅក្នុងប្រព័ន្ធធនាគារ គឺជាអ្វីដែលត្រូវព្រួយបារម្ភឬអត់។

សូចនាករទីមួយ គឺកំណើនអត្រាបំណុល។

លោកស្រី ជា សិរីបានពន្យល់​ថា​ “ប្រសិន​បើ​អត្រា​កំណើន​កើន​ឡើង​ពី ៥០ ភាគរយ​ទៅ១៨០ភាគរយ នោះ​វា​ពិត​ជា​បង្កឱ្យមាន​ការ​ព្រួយ​បារម្ភ”។

សូចនាករទីពីរ គឺថាតើគុណភាពនៃឥណទានល្អឬអត់ ដោយសំដៅទៅលើសមត្ថភាពរបស់ម្ចាស់បំណុល ក្នុងការសងបំណុលរបស់ពួកគេ។  ជាចុងក្រោយ ការធ្វើពិពិធកម្មឥណទានរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបានពិនិត្យជាប្រចាំដោយធនាគារជាតិ NBC ដើម្បីពិនិត្យមើលថាតើវិស័យណាខ្លះទទួលបានឥណទានច្រើនជាងនេះ។

ទោះបីជាយ៉ាងនេះក្តី អ្នកដឹកនាំឧស្សាហកម្មមួយចំនួនជឿជាក់ថា ទំហំបំណុលឯកជន នៅតែស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល (GRA) ប្រចាំនៅរាជធានីភ្នំពេញ និងជាអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិនបានមានប្រសាសន៍ថា ខណៈពេលដែលបំណុលឯកជនកើនឡើងគួរឲ្យព្រួយបារម្ភ ប៉ុន្តែវានៅតែអាចគ្រប់គ្រងបាននៅក្នុងប្រទេសកម្ពុជា។

លោកបានទទូចថា “វាជារឿងសំខាន់សម្រាប់ធនាគារ និងស្ថាប័នផ្តល់ប្រាក់កម្ចី ដើម្បីពិនិត្យមើលយ៉ាងដិតដល់នូវគោលនយោបាយ និងនីតិវិធីនៃការផ្តល់ប្រាក់កម្ចីរបស់ពួកគេ បន្ទាប់ពីមានការកើនឡើងនៃការព្រួយបារម្ភ​អំពីទំហំបំណុល”។  លោក​បាន​បន្ត​ថា​ “ដោយ​មើល​ឃើញ​ពី​ការ​ព្រួយ​បារម្ភ​ដែល​កំពុង​កើន​ឡើង ធនាគារ​គួរ​តែ​ដាក់​ចេញនូវជំហាន ​សមស្រប​សម្រាប់​វាយ​តម្លៃ​សមត្ថភាព​របស់​អ្នក​ខ្ចី​ក្នុង​ការ​សង​បំណុល”។

លោកឡោ វិចិត្របានបន្ថែមថា បំណុលឯកជនក៏មានទិដ្ឋភាពវិជ្ជមានផងដែរ។  បំណុលឯកជននឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងការរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយសារតែអ្នកខ្ចីត្រូវរកប្រាក់បន្ថែម ឬធ្វើការបន្ថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម ដើម្បីផ្តល់ហិរញ្ញប្បទានដល់បំណុល ដែលកើនឡើងរបស់ពួកគេ។

លោកបានបញ្ជាក់ថា “ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការងា​របន្តជំរុញកំណើនសេដ្ឋកិច្ច ម្យ៉ាងវិញទៀត ប្រសិនបើអ្នកខ្ចីគ្មានការងារធ្វើដោយសារការបញ្ឈប់របស់ក្រុមហ៊ុន ឬដោយសារការខាតបង់អាជីវកម្ម នោះ NPLs នឹងកើនឡើង”។

លោក ឡោ វិចិត្រ បានអះអាងថា “សមាសភាពនៃប្រាក់កម្ចីក៏សំខាន់ផងដែរ ប្រសិនបើប្រាក់កម្ចីភាគច្រើន គឺខ្ចីមកសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម នោះវាមិនអីទេ”។  ប៉ុន្តែប្រសិនបើប្រាក់កម្ចីភាគច្រើន សម្រាប់ទិញផលិតផលប្រើប្រាស់ដូចជារថយន្ត ឬគ្រឿងអេឡិចត្រូនិច នោះវាអាចជាកត្តាគួរឱ្យព្រួយបារម្ភ។

ចំណែកលោក គី សេរីវឌ្ឍន៍ អគ្គនាយកវិទ្យាស្ថានសិក្សាចិននៃរាជ​បណ្ឌិត្យសភាកម្ពុជា ក៏បានចែករំលែកទស្សនៈថា ការកើនឡើងនៃអត្រាការប្រាក់ មិនមែនជាដំណោះស្រាយដ៏ល្អនោះទេ។

លោកបានបន្តថា “ទោះបីជាបំណុល​ឯកជន ​ស្ថិត​ក្នុង​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ​ក៏​ដោយ ប៉ុន្តែ​វានៅតែ​អាច​គ្រប់គ្រង​បាន​”។

លោក គី សិរីវឌ្ឍន៍ បានអំពាវនាវឱ្យគោរពច្បាប់ និងបទប្បញ្ញត្តិដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យបានហ្មត់ចត់ ខណៈពេលដែលបន្តផ្តល់ប្រាក់កម្ចីដល់ភាគីឯកជន។

លោក​បាន​ស្នើ​ថា​ “លទ្ធភាព​សង​បំណុល​របស់​អតិថិជន ​គួរតែ​ជា​គន្លឹះ​សំខាន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here