វិបត្តិអចលនទ្រព្យនៅប្រទេសចិនអាចនឹងបញ្ចប់ ខណៈតម្លៃផ្ទះនឹងស្ទុះងើបឡើងវិញខ្លាំងនៅឆមាសទី២

0

ដោយ: គង់ លាងហួរ
ប៉េកាំង: តម្លៃផ្ទះថ្មីនៅប្រទេសចិននឹងធ្លាក់ចុះកាន់តែជ្រៅនៅក្នុងឆមាសទី១ មុនពេលស្ទុះងើបឡើងវិញក្នុងល្បឿនដ៏លឿនក្នុងឆ្នាំ២០២៣នេះ ដែលជំរុញមកពីការលុបចោលវិធានការទប់ស្កាត់កូវីដ និងគោលនយោបាយជំរុញនានា។

តម្លៃផ្ទះថ្មីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆមាសទី១ ធៀបនឹងការធ្លាក់ចុះ០,៥ភាគរយ ដែលបានព្យាករណ៍កាលពីខែវិច្ឆិកា។ នេះបើយោងតាមអ្នកវិភាគនិងអ្នកសេដ្ឋកិច្ចចំនួន១៣រូប ដែលត្រូវបានស្ទង់មតិដោយសារពត៌មាន Reuters។

សម្រាប់ឆ្នាំ២០២៣ទាំងមូល តម្លៃផ្ទះថ្មីត្រូវបានគេរំពឹងថា នឹងកើនឡើង២,៥ភាគរយ ពោលគឺលឿនជាងការកើនឡើង១ភាគរយដែលបានព្យាករណ៍ទុកនៅក្នុងការស្ទង់មតិលើកមុន។

លោក Lu Zhe ប្រធានសេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Topsperity Securities បានមានប្រសាសន៍ថា “ប្រាក់ចំណូល និងការរំពឹងទុករបស់អ្នកប្រើប្រាស់កំពុងងើបឡើងវិញបន្តិចម្តងៗ ហើយការផ្គត់ផ្គង់លំនៅដ្ឋានគឺលើសពីតម្រូវការនៅក្នុងបណ្តាទីក្រុងតូចៗ”។

លោក Lu បានបន្តថា “ការស្ទុះងើបឡើងវិញនៃតម្រូវការនឹងជំរុញឱ្យមានការកែលម្អតម្លៃ ជាមួយនឹងសេដ្ឋកិច្ចងើបឡើងវិញនៅក្នុងឆមាសទី២នៃឆ្នាំ២០២៣នេះ”។

ការរស់ឡើងវិញនៃវិស័យអចលនទ្រព្យចិនបណ្តោះអាសន្នត្រូវបានគេមើលឃើញនៅក្នុងខែមករា ដោយតម្លៃផ្ទះបានកើនឡើងជាលើកដំបូងក្នុងមួយឆ្នាំ ដែលជំរុញដោយការគាំទ្រពីរដ្ឋាភិបាលយ៉ាងខ្លាំងក្លា ការបន្ទាបអត្រាកម្ចីទិញផ្ទះ និងការលុបចោលនយោបាយសូន្យកូវីដ។

ទោះជាយ៉ាងនេះក្តី តម្រូវការនឹងនៅតែបន្តធ្លាក់ចុះ ដែលជាឧបសគ្គដ៏ចម្បងមួយចំពោះការស្ទុះងើបឡើងវិញរយៈពេលវែង ប៉ុន្តែអ្នកវិភាគរំពឹងថា ការងើបឡើងវិញប្រកបដោយនិរន្តរភាពនឹងចាប់ផ្តើមឆ្ពោះទៅរកឆមាសទី២នៃឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here