សណ្ឋាគារនានានៅក្រុងហ្លួងព្រះបាងកំពុងស្វាគមន៍ភ្ញៀវទេសចរណ៍ ពេញៗឡើងវិញ

0

ដោយៈ សុខុម

វៀងចន្ទន៍: ក្រោយពីប្រទេសចិន បានលុបចោលការរឹតបន្តឹងព្រំដែនអន្តរជាតិកាលពីខែមុន បន្ទាប់ពីវិបត្តិកូវីដ-១៩ ចំនួនភ្ញៀវទេសចរចិន ដែលមកដើរលេងនៅប្រទេសឡាវ មានការកើនឡើង ជាពិសេសនៅទីក្រុងហ្លួងព្រះបាង ដែលជាទីក្រុងបេតិកភណ្ឌពិភពលោក របស់អង្គការយូណេ ស្កូ។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ ខែកុម្ភៈ ឱ្យដឹងថា សណ្ឋាគារនានាទទួលបាន ការកក់បន្ទប់ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន។

លោក Daophet Bouphaphanh អនុប្រធានសមាគមសណ្ឋាគារ និងផ្ទះសំណាក់ក្នុងក្រុងហ្លួងព្រះបាង បានលើកឡើងថា ភ្ញៀវទេសចរចិន យ៉ាងច្រើន កំពុងចូលមកប្រទេសឡាវ ដោយមធ្យោបាយធ្វើដំណើរតាមរថយន្តទេសចរណ៍ ឬរថយន្តឯកជន។

ភ្ញៀវទេសចរចិន មួយចំនួនក៏បាននិងកំពុងដើរលេង និងស្នាក់នៅក្នុងទីក្រុងហ្លួងព្រះបាង ដោយដេកតាមរថយន្តផ្ទះចល័ត ឬរថយន្តបោះតង់ ជាហេតុបង្កការព្រួយបារម្ភ ក្នុងចំណោមពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងដ៏ស្ងប់ស្ងាត់មួយនេះ។

ទោះជាយ៉ាងណា  លោក Daophet Bouphaphanh លើកឡើងថា បច្ចុប្បន្នអាជ្ញាធរទេសចរណ៍ខេត្ត កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកែលម្អសេវាស្នាក់នៅ និងបដិសណ្ឋារកិច្ច ដើម្បីដោះស្រាយបញ្ហារំហូរភ្ញៀវទេសចរដ៏ច្រើន ខណៈធានាថាភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍ដ៏ល្អ អំឡុងពេលស្នាក់នៅទីក្រុងភាគខាងជើង ដ៏ពេញនិយមមួយនេះ។

លើសពីនេះ សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន នៅក្នុងតំបន់ពេញនិយមនានា បានចាប់ផ្តើមជួលបុគ្គលិក ដែលចេះនិយាយភាសាអង់គ្លេស និងភាសាចិន ដើម្បីងាយស្រួលទំនាក់ទំនងជាមួយភ្ញៀវទេសចរ។

ក្រុមមន្ត្រីនៅច្រកទ្វារអន្តរជាតិបូតេន (Boten) នៅហ្លួងណាំថា ក៏បានអះអាងកាលពីពេលថ្មីៗនេះដែរថា ជនជាតិចិន យ៉ាងច្រើនបានចូលមកប្រទេសឡាវ ក្នុងគោលបំណងទេសចរណ៍ ចាប់តាំងពីការបើកច្រកព្រំដែនឡើងវិញ។

កាលពីខែមុន ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីក្រសួងព័ត៌មានវប្បធម៌ លោក Ounthouang Khaophan បានរៀបចំវេទិកាមួយ ដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ប្រទេសឡាវ សម្រាប់ទទួលយករំហូរចូលភ្ញៀវទេសចរចិន ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋាភិបាល៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here