អ្នកជំនាញរំពឹងបុណ្យទន្លេរនឹងអាចជំរុញឱ្យអចលនទ្រព្យខេត្តកំពង់ធំ ស្ទុះងើបឡើងវិញបន្តិច

0

ដោយៈ សុផារី

កំពង់ធំៈ ខេត្តកំពង់ធំជាខេត្ត ដែលមានទីក្រុងជាប់ដងទន្លេ ហើយនៅក្នុងឆ្នាំ២០២៣នេះ កំពង់ធំត្រូវបានជ្រើសរើសជាខេត្ត សម្រាប់រៀបចំបុណ្យទន្លេលើកទី៧។

តាមរយៈព្រឹត្តិការណ៍កម្រិតជាតិនេះ អ្នកជំនាញមូលដ្ឋានបានបង្ហាញក្តីសង្ឃឹមនៃលំហូរវិនិយោគិនលើទីផ្សារអចលនទ្រព្យ នៅក្នុងខេត្តមួយនេះ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុង​ជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

លោកចាន់ ចំណាន ប្រធានសាខាក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តកំពង់ធំ មានប្រសាសន៍ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ដោយសារការរៀបចំបុណ្យទន្លេនេះ ទីផ្សារអចលនទ្រព្យរំពឹងថា នឹងផ្តល់ជាសញ្ញាល្អប្រសើរ ក្នុងការទាក់ទាញវិនិយោគិន ពីបណ្តាខេត្តក្រុងផ្សេងមកកាន់ខេត្តកំពង់ធំ ហើយជះផលវិជ្ជមានដល់សន្ទុះតម្លៃដីធ្លីក្នុងខេត្ត។

លោក ចំណាន បានបន្តថា “ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពសាងសង់ អភិវឌ្ឍន៍លំនៅឋានក្នុងខេត្តកំពង់ធំ មានភាពល្អប្រ​សើរច្រើន បើទោះបីជាមិនសូវច្រើនដូចមុនវិបត្តិក្តី”។

លោកយល់ថា ការរៀបចំបុណ្យទន្លេ គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត និងជំរុញការចាយវាយនៅក្នុងខេត្ត។

លោកចាន់ ចំណានបានបន្តទៀតថា ចរន្តសេដ្ឋកិច្ច ក៏ជាក្តីសង្ឍឹមដល់ទីផ្សារអចលនទ្រព្យផងដែរ ជាពិសេសលើទីផ្សារដីធ្លី ដែលស្ថិតនៅទ្រឹងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពិធីបុណ្យនេះក៏ជាចលករមួយ ដែលនាំឱ្យខេត្តកំពង់ធំមានការរីកចម្រើន លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជា ផ្លូវថ្នល់ ទឹក ភ្លើង ។ល។ ហើយអាចទាក់ទាញវិនិយោគិន មកវិនិយោគក្នុងខេត្តបាន។

អ្នកនាង សរ រស្មី ប្រជាពលរដ្ឋមួយរូប ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ បានមានប្រសាសន៍ប្រាប់ Property Area នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈកន្លងមកថា ការរៀបចំបុណ្យទន្លេនៅក្នុងខេត្តនាពេលខាងមុខនេះ នឹងធ្វើឱ្យខេត្តមានភាពអ៊ូអរជាងមុន ហើយលោកស្រីសង្ឃឹមថា អាជីវកម្មរបស់លោកស្រី និងគ្រួសារនឹងលក់ដាច់ច្រើន ដោយសា​រមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត។

ឆ្លើយតបនឹងសំណួរថា តើមានការអភិវឌ្ឍច្រើនដែរឬទេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រីបានបញ្ជាក់ប្រាប់ថា ដោយសារតែវិបត្តិកូវីដ១៩ លោកស្រីសង្កេតឃើញថា គម្រោងបុរី ឬដីឡូតិ៍មានភាពស្ងប់ស្ងាត់ច្រើនជាងមុនវិបត្តិ ប៉ុន្តែក៏មានប្រជាជនមកពីបណ្តាខេត្តផ្សេងជាច្រើនបានមកទិញ ឬសាងសង់លំនៅឋាន ដើម្បីប្រកបអាជីវកម្មផងដែរ។

ពីធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” (Our River for Now and Next) ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ។

ពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងធ្វើឡើងនៅខេត្តកំពង់ធំនោះ គឺ ផ្តោតសំខាន់ លើការអប់រំផ្សព្វផ្សាយពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ប្រជាជននៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕

LEAVE A REPLY

Please enter your comment!
Please enter your name here