ក្រុមហ៊ុនអចលនទ្រព្យថៃមួយរំពឹងពីការកើនឡើងនៃការលក់ដីធ្លីរបស់ខ្លួន ខណៈមានកំនើនតម្រូវការពីវិនិយោគិនចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឧស្សាហកម្ម Pinthong Industrial Park Plc (PIN) បានបង្ហាញសញ្ញាសុទិដ្ឋិនិយមថា ការលក់ដីរបស់ខ្លួននៅក្នុងខេត្ត Chon Buri និង Rayong នឹងកើនឡើងដល់៦៧,២ហិកតា ដែលជំរុញដោយការវិនិយោគ ពីប្រទេសចិនក្នុងការផលិតរថយន្តអគ្គិសនី (EV)។

កំណើននៃការលក់ដី បានកើតឡើងស្របពេលដែលរដ្ឋាភិបាលបន្តលើកកម្ពស់ការផលិត និងការប្រើប្រាស់រថយន្តអគ្គិសនី(EV) តាមរយៈការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធននៅឆ្នាំ២០២៣នេះ។

លោក Pira Patamavorakulchai នាយកប្រតិបត្តិនៃក្រុមហ៊ុន PIN បានមានប្រសាសន៍ថា “ការវិនិយោគពីឧស្សាហកម្មផ្សេងទៀត រួមទាំងការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ ក៏ត្រូវបានរំពឹងថានឹងជំរុញការលក់ដីឧស្សាហកម្មផងដែរ”។

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលថៃ និងចិនបានបើកប្រទេ​សរបស់ពួកគេ ហើយនេះបានដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការវិនិ​យោគបន្ថែមទៀតនៅក្នុងប្រទេសថៃ”។

លោក Pira បានបន្តថា កំណើននៃការលក់ដីធ្លី រួមជាមួយនឹងប្រភពចំណូលផ្សេងទៀត រួមទាំងអាជីវកម្មរបស់ខ្លួនដែលជួលរោងចក្រ និងឃ្លាំងស្តុកទំនិញ នឹងធ្វើឱ្យក្រុមហ៊ុនរីកចម្រើនបន្ថែមទៀតនៅឆ្នាំនេះ។

នៅក្នុងឆ្នាំ២០២២ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន បានកើនឡើង៩៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់១,១ពាន់លានបាត ខណៈដែលប្រាក់ចំណេញ បានកើនឡើង១២៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់៣២៥លានបាត។

លោក Pira បានវាយតម្លៃថា “ដំណើរការអាជីវកម្មដ៏រ៉ឹងមាំនេះ បណ្តាលមកពីការកើនឡើង នៃការលក់ដីឧស្សាហកម្ម និងប្រាក់ចំណូលពីអាជីវកម្មរោងចក្រ និងឃ្លាំង ព្រមទាំងសេវាកម្មហេដ្ឋារចនាសម្ព័ន្ធផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here