លោកស៊ុន ចាន់ថុលៈ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣លែងពន្យារ ពេលទៀតហើយ

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែង៥៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ ដល់ផ្លូវជាតិលេខ៤ និងបន្តទៅផ្លូវឈ្នះឈ្នះ ឆ្ពោះទៅផ្លូវជាតិលេខ៦ក្នុងទម្រង់ជាខ្សែក្រវ៉ាត់មួយជុំ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ។

តាមផែនការផ្លូវនេះ ត្រូវសង់ឱ្យរួចរាល់នៅអំឡុង ខែកញ្ញា២០២២ ប៉ុន្តែដោយសារតែបញ្ហាមួយចំនួន និងការដោះស្រាយផលប៉ះពាល់ផ្លូវនេះបានពន្យារពេល១ឆ្នាំ ប៉ុន្តែតាមការបញ្ជាក់របស់រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីថ្ងៃទី២៨ កុម្ភៈថា ផ្លូវនេះនឹងបញ្ចប់នៅអំឡុងខែឧសភា ២០២៣និងលែងពន្យារពេលទៀតហើយ។ លោកបានថ្លែងបែបនេះ ក្នុងអំឡុងពិនិត្យវឌ្ឍនភាពផ្លូវក្រវ៉ាត់ក្រុងទី៣ ។

លោកបន្តថា តាមពិតទៅផ្លូវក្រវ៉ាត់ក្រុងទី៣នេះ គឺតាមផែនការត្រូវធ្វើឱ្យចប់នៅខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែដោយសារតែប្រើសម្រាប់ដោះស្រាយផលប៉ះពាល់ផង និងការងារមួយចំនួនទៀត ក្រុមហ៊ុនសាងសង់បានស្នើសុំពេលពន្យារមួយឆ្នាំ។ យ៉ាងណាក្រសួង ក៏បានជំរុញឱ្យក្រុមហ៊ុនបញ្ចប់ការសាងសង់ឱ្យបានលឿន ហើយជាការព្រមព្រៀង ក្រុមហ៊ុនក៏បានយល់ព្រមបញ្ចប់នៅខែឧសភា ២០២៣នេះ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា “ដូច្នេះផ្លូវនេះមិនបានពន្យារ១២ខែនោះទេ គឺពន្យារត្រឹមតែ៨ខែប៉ុណ្ណោះ ហើយក៏នឹងសម្រេចទៅតាមនោះផងដែរ ។

លោកស៊ុន ចាន់ថុលក៏បានថ្លែងថា បើសិនជាបញ្ចប់នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ វាពិតជាប្រសើរណាស់ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវនេះ និងអាចកាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្រុងភ្នំពេញ ។

លោកបានមានប្រសាសន៍ថា ជាទូទៅក្រុមហ៊ុនរបស់ចិន មិនដែលធ្វើយឺតយ៉ាវនោះទេ ប៉ុន្តែគាត់បានសុំពេលវេលាយើង ដើម្បីដោះស្រាយរាល់បញ្ហាជួបប្រទះនានា។

លោកបន្ថែមថា “ផ្លូវនេះ ផ្លូវដ៏សំខាន់ សម្រាប់ការដោះស្រាយបញ្ហាស្ទះចរាចរណ៍នៅក្រុងភ្នំពេញ  ក្នុងនោះប្រជាពលរដ្ឋ ដែលធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ មិនចាំបាច់ធ្វើដំណើរកាត់ក្រុងភ្នំពេញទៀតនោះទេ”។លោកបន្តថា  ដូចជាអ្នកធ្វើដំណើរមកពីសៀមរាប ចង់ទៅលេងកំពតអាចធ្វើដំណើរតាមផ្លូវក្រវ៉ាត់ក្រុងនេះ ពីមហាវិថីឈ្នះឈ្នះ ឡើងទៅផ្លូវក្រវ៉ាត់ក្រុង និងចុះទៅផ្លូវជាតិលេខ៣វិញ។

សូមបញ្ជាក់ផ្លូវនេះដែរ ក៏ឃើញមានសកម្មភាព​​ នៃការអភិវឌ្ឍអចលនទ្រព្យជាបន្តបន្ទាប់ផងដែរ ដូចជា តំបន់ឧស្សាហកម្ម និងលំនៅឋាន ពិសេសនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ដោយសារតែនៅខាងត្បូងរាជធា​នី មានការអភិវឌ្ឍលើព្រលានយន្តហោះអន្តរជាតិថ្មី ផ្សារទំនើបធំៗ  ដែលជំរុញឱ្យវិនិយោគិនក្នុងស្រុក និងបរទេសបណ្ដាក់ទុន លើគម្រោងអភិវឌ្ឍន៍របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here