តើការអភិវឌ្ឍខុនដូបានជួយអ្វីខ្លះដល់សេដ្ឋកិច្ចនៃប្រទេស ?

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍខុនូនៅក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ ហើយអ្វីដែលពិសេសនោះ ការអភិវឌ្ឍខុនដូ ក៏បានធ្វើពិពិធកម្មពីអ្នកអភិវឌ្ឍន៍ជាជនបរទេសភាគច្រើន មកជាអ្នកអភិវឌ្ឍន៍ជាជនជាតិខ្មែរបន្តបន្ទាប់។

នៅពេលមានការអភិវឌ្ឍខុនដូកាន់តែច្រើន វាបានជួយអ្វីខ្លះដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា?។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia បានមានប្រ​សាសន៍ថា ការអភិវឌ្ឍខុនដូ បានផ្ដល់ជាអត្ថប្រយោជន៍ ដល់សេដ្ឋកិច្ចនិងចំណូលប្រជាពលរដ្ឋ រាប់តាំងពីចាប់ផ្ដើមគម្រោងម្ល៉េះ ។ នៅពេលចាប់ផ្ដើមសាងសង់ គ្រប់គម្រោងខុនដូត្រូវការកម្មករសំណង់ រាប់រយរាប់ពាន់នាក់ក្នុងមួយគម្រោង។ ម្យ៉ាងទៀតនៅពេលសាងសង់គម្រោងនីមួយៗ គឺត្រូវសម្ភារៈជាច្រើនដូចជាខ្សាច់ ស៊ីម៉ង់ ថ្មីនិងការ៉ូជាដើម ហើយទាំងនោះសុទ្ធតែជាការផ្ដល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច ។

លោកបន្តថា “ក្នុងអំឡុងពេលសាងសង់ ម្ចាស់គ្រោងចាប់ផ្ដើមលក់ខុនដូ។ ដូច្នេះភ្នាក់ងារលក់ខុនដូនៃគម្រោងនីមួយៗ នឹងទទួលបានប្រាក់ចំណូល ហើយអ្នកទិញខុនដូ ក៏អាចទិញសម្រាប់ទុកវិនិយោគជាបន្ត សម្រា​ប់ទុកជួលដល់អតិថិជន នៅពេលគម្រោងនោះបានសាងសង់រួច”។ លោក​បន្តថា “ដូច្នេះ សម្រាប់ការអភិវឌ្ឍខុនដូទាំងមូល គឺវាបានផ្ដល់ប្រយោជន៍ជាច្រើនទៀតដល់សេដ្ឋកិច្ច”។

លោកខន គង្គា បានឱ្យដឹងថា ការអភិវឌ្ឍខុនដូអាចនិយាយបានថាជាចំណែកដ៏ធំ ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ការអភិវឌ្ឍខុនដូមិនថាតែនៅកម្ពុជា ឬនៅបណ្ដាប្រទេសណានោះឡើយ គឺត្រូវមានការប្រកួតប្រជែង ដូច្នេះអ្នកជំនាញផ្នែកដេគ័រ ផ្នែកឌីហ្សាញ នឹងអាចរកចំណូលបានពីការអភិវឌ្ឍនេះផងដែរ ។

លោកបញ្ជាក់ថា “អនាគតទីផ្សារខុនដូ នឹងកាន់តែមានកំណើនឡើងកាន់តែខ្លាំងបន្ថែមទៀត ទាំងការផ្គត់ផ្គង់និងតម្រូវការ ហើយក៏នឹងធ្វើឱ្យសកម្មភាពនៃការទិញ លក់ខុនដូ នៅកម្ពុជាកាន់តែមមាញឹក។ ដូច្នេះហើយនៅពេលអនាគតឆាប់ៗនេះ អ្នកទិញខុនដូនឹងបានផលចំណេញខ្ពស់”។

តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញផងដែរថា សកម្មភាពនៃការវិនិយោគខុនដូ នៅកម្ពុជាមានសន្ទុះខ្លាំង នៅមុនវិបត្តិកូវីដ១៩ ហើយក៏បានថមថយបន្តិចវិញនៅក្នុងវិបត្តិ ដោយគម្រោងខ្លះផ្អាកដំណើរការ គម្រោងខ្លះទៀតពន្យារពេលបញ្ចប់។

ប៉ុន្តែបន្ទាប់ពីស្ថានភាពបានធូរស្រាលបន្តិច គម្រោងអភិវឌ្ឍន៍មួយចំនួ​ន បានចាប់ផ្ដើមបន្តសកម្មភាពសាងសង់ និងមានគម្រោងថ្មីៗមួយចំនួនទៀ​​តចាប់ផ្ដើមដំណើរការជាបន្តបន្ទាប់ ប៉ុន្តែមិនមានច្រើននោះទេ។ ចំណែកតម្លៃខុនដូ ក៏ឃើញថាមានការថមថយបន្តិចផងដែរ នៅក្នុងអំឡុងកូវីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here