ប្រាក់ចំណូល​ប្រេង​និង​ឧស្ម័ន​របស់​រុស្ស៊ី​ដាំក្បាលចុះ​ជិត​៤០ភាគរយ ខណៈការកំណត់តម្លៃនិងទណ្ឌកម្មចាប់ផ្តើមជះឥទ្ធិពល

0

ដោយ: គង់ លាងហួរ

ក្រុងមូស្គូ: ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រាក់ចំណូលរបស់ប្រទេសរុស្ស៊ី ដែលបានមកពីការនាំចេញប្រេង និងឧស្ម័នបានដាំក្បាលចុះជិត៤០ភាគរយ នៅក្នុងខែមករា ដោយសារការកំណត់តម្លៃ និងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

ប្រាក់ចំណូលពីការនាំចេញប្រេង និងឧស្ម័នរបស់រុស្ស៊ីមានចំនួន១៨,៥ពាន់លានដុល្លារក្នុងខែមករា ធ្លាក់ចុះ៣៨ភាគរយ បើធៀបនឹងប្រាក់ចំណូល៣០ពាន់លានដុល្លារ ដែលទីក្រុងម៉ូស្គូទទួលបានក្នុងខែមករា ឆ្នាំ២០២២ មួយខែមុនពេលរុស្ស៊ី បើកការលុកលុយរបស់ខ្លួន មកលើអ៊ុយក្រែន។

នាយកប្រតិបត្តិរបស់ IEA លោក Fatih Birol បានមានប្រសាសន៍ថា “វិធានការរបស់លោកខាងលិច ដែលតម្រង់គោលដៅលើការនាំចេញថាមពលរបស់រុស្ស៊ី បានសម្រេចគោលបំណងរបស់ពួកគេ ក្នុងការធ្វើឱ្យទីផ្សារប្រេងមានស្ថិរភាព និងកាត់បន្ថយប្រាក់ចំណូល របស់ទីក្រុងម៉ូស្គូពីការនាំចេញប្រេង និងឧស្ម័ន”។

លោក​បាន​បន្ត​ថា​ “ការ​រំពឹង​ទុក​របស់​យើង​នោះគឺ​ថា​ ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ពី​ប្រេង​និង​ឧស្ម័ន​នេះ ​នឹង​មាន​កម្រិត​កាន់​តែ​ខ្លាំង ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ហើយ​កាន់តែ​ចោត​ខ្លាំង​ទៀត​ ដោយសារ​កង្វះ​លទ្ធភាព​ទទួលបាន​បច្ចេកវិទ្យា និង​ការវិនិយោគ​”។

ការកំណត់តម្លៃប្រេង៦០ដុល្លារ ក្នុងមួយបារ៉ែល ពីសំណាក់ក្រុមប្រទេ​ស G7 បានធ្វើឱ្យប្រេងឆៅ Urals របស់រុស្ស៊ីត្រូវបានលក់បន្ថោកតម្លៃយ៉ាងខ្លាំង ទៅនឹងប្រេងឆៅ Brent ដែលត្រូវបានជួញដូរកាលពីថ្ងៃអង្គារក្នុងតម្លៃប្រហែល៨៤ដុល្លារក្នុងមួយបារ៉ែល។

សហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេស ក៏បានហាមឃាត់ការនាំចូលប្រេងតាមផ្លូវសមុទ្រ របស់រុស្ស៊ីចាប់តាំងពីខែធ្នូ និងបានដាក់ទណ្ឌ​កម្មលើការនាំចេញ ទៅកាន់ប្រទេសរុស្ស៊ីនូវបច្ចេកវិទ្យា ដែលត្រូវការសម្រាប់ការចម្រាញ់ប្រេង។ ដូចគ្នាដែរ សហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានដាក់កំហិតលើការនាំចូលប្រេងពីរុស្ស៊ីផងដែរ។

កាលពីឆ្នាំ២០២២ ទីក្រុងមូស្គូបានពឹងផ្អែកលើ ប្រាក់ចំណូលពីប្រេង និងឧស្ម័នប្រហែល១១,៦ពាន់ពាន់លានរូប្លែ (១៥៥ពាន់លានដុល្លារ) ដើ​ម្បីផ្តល់មូលនិធិដល់ការចំណាយថវិការបស់ខ្លួន និងត្រូវបង្ខំចិត្តលក់ទុនបម្រុងអន្តរជាតិ ដើម្បីគ្របដណ្តប់លើឱនភាព ដែលកើនឡើងដោយសារការចំណាយលើសង្គ្រាមនៅអ៊ុយក្រែនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here