គម្រោងហេដ្ឋារចនាសម្ព័ន្ធធំ៣គ្រោងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣នេះ និងរំពឹងជំរុញទីផ្សារដីធ្លីបន្ថែម

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២៣នេះ គម្រោងអភិវឌ្ឍន៍ធំៗចំនួន៣ ដែលមានទឹកប្រាក់រាប់រយលានដុល្លារអាមេរិក នឹងដាក់ឱ្យប្រើប្រាស់ ដែលគម្រោងទាំង៣នេះ នឹងជំរុញទីផ្សារដីធ្លីក្នុងរាជធានីភ្នំពេញបន្ថែម ។

គម្រោងអភិវឌ្ឍន៍ទាំងបីនេះ រួមមាន ស្ពានអាកាសឬស្សីកែវ ស្ពានខ្សែកាបឆ្លងទន្លេរពីឬស្សីកែវទៅជ្រោយចង្វារ និងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣។

គម្រោងស្ពានអាកាសឬស្សីកែវ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី ១មីនា ២០២៣នេះ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលគម្រោងនេះជាសមិទ្ធផលថ្មី នៅតំបន់ប៉ែកខាងជើងភ្នំពេញ ខណៈស្ពានឆ្លងទន្លេរ នៅជាប់នឹងគម្រោងនឹងនេះដែរ នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុង នៅអំឡុងមុនចូលឆ្នាំខ្មែរខាងមុខនេះ។

ដោយឡែកគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលបានពន្យារពេលសាងសង់ជាងកន្លះឆ្នាំមកហើយនោះ ក៏នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៣នេះដែរ ។

គម្រោងអភិវឌ្ឍន៍ទាំងបីនេះ នឹងជួយជំរុញឱ្យទីផ្សារដីធ្លីនៅតំបន់ទាំងនោះ មានកំណើនបន្ថែមទៀត ជាពិសេសនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ដោយសារតំបន់ទាំងនោះ ជាតំបន់នៅជាយក្រុង។ ដូច្នេះអត្រានៃការឡើងថ្លៃដី នៅមានកម្រិតខ្ពស់ជាងតំបន់នៅជាយក្រុង ។

ក្នុងពេលចុះពិនិត្យវឌ្ឍនភាព គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីចុងខែកុម្ភៈមុននេះ លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងត្រូវបញ្ចប់នៅអំឡុងខែឧសភា ២០២៣ ហើយរាជរដ្ឋាភិបាល ក៏មានគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងបន្ថែមទៀត  ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងបញ្ជៀសចរាចរណ៍នៅក្នុងក្រុងភ្នំពេញ ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ថា សក្ដានុពលនៅតំបន់ ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នឹងមានភាពល្អប្រសើរ ជាពិសេសតម្លៃដីធ្លី។ ជាក់ស្ដែងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម នឹងជួយជំរុញទីផ្សារដីធ្លី នៅតាមបណ្ដោយផ្លូវនោះមានភាពទាក់ទាញបន្ថែមទៀត ។

ជាមួយគ្នានេះ លោកឧកញ៉ាឃាង ពុទ្ធីប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ ២០២៣នេះ តំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់ោះនឹងសក្ដានុពល ក៏ដូចជា តម្លៃដីធ្លីមានសន្ទុះមួយកម្រិត ប៉ុន្តែតំបន់ណាដែលមិនមានគម្រោងអភិវឌ្ឍន៍ ដូចជា ហេដ្ឋារចនាសម្ព័ន្ធជាដើមនោះគឺស្ថានភាពអាចនឹងនៅទ្រឹង ឬអាចមានកំណើនតិចតួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here