ខេត្តក្វាងទុងគ្រោងផ្ដល់ហិរញ្ញប្បទាន២១៧ពាន់លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យក្នុងឆ្នាំ២០២៣

0

ដោយៈ សុខុម

ប៉េកាំង: ក្រោយផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្សចិន China Evergrande ដែលជាប់បំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក វិស័យអចលនទ្រព្យចិន ពេលនេះចាប់ផ្ដើមបង្ហាញសញ្ញាល្អប្រសើរគួរឱ្យកត់សម្គាល់ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការជាហូរហែរ ដើម្បីជួយស្ដារវិស័យដ៏សំខាន់នេះឡើងវិញ។

តួយ៉ាងសាលាខេត្តគ័ងតុង ឬ ក្វាងទុង (Guangdong) នៃប្រទេសចិន បានប្រកាសថា ខ្លួននឹងផ្តល់ហិរញ្ញប្បទានរហូតដល់ទៅ២១៧,២៦ពាន់លានដុល្លារអាមេរិក សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់គម្រោងធំៗ និងវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ នេះ។

សេចក្ដីប្រកាសមួយរបស់សាលាខេត្តក្វាងទុង បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ថា ការសន្យាផ្ដល់ហិរញ្ញប្បទានរាប់ពាន់លានដុល្លារអាមេរិក នេះគឺធ្វើឡើងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចចិន ជារួម។

សេចក្តីជូនដំណឹងដដែលបង្ហាញថា ខេត្តភាគខាងត្បូងមួយនេះក៏នឹងផ្តល់ហិរញ្ញប្បទាន ជាង១៤០ពាន់លានដុល្លារអាមេរិក សម្រាប់ផលិតកម្ម និងនវានុវត្តន៍បច្ចេកវិទ្យានៅឆ្នាំនេះផងដែរ។

ក្វាងទុង គឺជាខេត្តជាប់មាត់ឆ្នេរនៅភាគខាងត្បូង នៃប្រទេសចិន។ វាគឺជាខេត្តដែលមានប្រជាជន រស់នៅច្រើនបំផុតជាមួយនឹងចំនួនប្រជាជនប្រមាណ១២៦លាននាក់គិតមកទល់នឹងឆ្នាំ២០២០។

យោងតាម Wikipedia បង្ហាញថា ខេត្តក្វាងទុង មានទំហំផលទុនជាតិសរុប (GDP) រហូតដល់ទៅ១.៨៦៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូលពលរដ្ឋម្នាក់ៗប្រចាំឆ្នាំ  (GDP per capita) ១៤.៨០០ដុល្លារអាមេរិក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here