ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមថ្នាក់ដឹកនាំនៃក្រុមអចលនទ្រព្យល្បីៗនៅកម្ពុជា បានប្រកាសអបអរសាទរចំពោះការប្រកាសចាប់ផ្តើមសាងសង់អាគារ Gold Tower42 ដែលជាកម្មសិទ្ឋរបស់ក្រុមហ៊ុន YUNWOO ឡើងវិញ ស្របពេលថ្នាក់ដឹកនាំក្រុមហ៊ុននេះបានប្តេជ្ញាចិត្តបញ្ចប់គំរោងនេះនៅចុងឆ្នាំ២០១។

-->
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៣ វិច្ឆិកានេះថា អ្នកនាងមានការសប្បាយចិត្តជាខ្លាំង ដែលម្ចាស់គំរោងនេះប្រកាសសាងសង់អាគារ Gold Tower42ឡើងវិញ ព្រោះយើងមិនចង់ឃើញអាគារនេះត្រូវទុកចោលបែបនេះទេ។ អ្នកនាងបន្តថា គំរោងនេះនឹងទទួលបានជោគជ័យ នៅពេលសាងសង់បញ្ចប់ និងលក់ក្នុងតម្លៃសមរមតាមទីផ្សារជាក់ស្តែង គឺតម្លៃប្រមាណ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកនាងបានបន្តថា “គំរោងនេះមានទំហំសមរម្យ មិនធំពេកនោះទេ ហេតុនេះគំរោងនេះនឹងទទួលបានជោគជ័យ។អ្នកនាងបន្តថា “គំរោងនេះទោះជាប្រកាសលក់នាពេលនេះក៏មិនជោគជ័យដែរ ដោយសារវាបាត់ទំនុកចិត្តក្នុងទីផ្សាររួចទៅហើយ ហេតុនេះនៅពេលសាងសង់ចប់ ទើបប្រកាសលក់ជារឿងត្រឹមត្រូវ។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងស្រដៀងគ្នាថា ពិតជារឿងអបអរសាទរដែលអាគារនេះត្រូវបានប្រកាសសាងសង់ឡើងវិញ ព្រោះវាជាមុខមាត់របស់ប្រទេសជាតិ និងមុខមាត់របស់ក្រុមហ៊ុនដែលសម្រេចសាងសង់អាគារនេះ ប៉ុន្តែសំណូរគួរសួរថា តើក្រុមហ៊ុននេះពិតជាសាងសង់ឡើងវិញពិតឬយ៉ាងណា។

លោកបន្តថា “នៅពេលនិយាយពីជោគជ័យឬបរាជ័យរបស់គំរោងនេះ នៅពេលសាងសង់ចប់ វាអាស្រ័យលើការដាក់តម្លៃ ដែលតម្លៃជាអ្នកកំណត់ទីផ្សារ។លោកបន្តថា “ខ្ញុំគិតថាខុនដូនៅទីតាំងនេះបើលក់ក្នុងតម្លៃចន្លោះពី២០០០ទៅ២៥០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េនឹងជោគជ័យ ព្រោះបើនិយាយពីទីតាំងគំរោងនេះអាចជាទីតាំង Best Of The Best ហើយ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានថ្លែងស្រដៀងគ្នាថា លោកពិតជាមានក្តីរីករាយ ដែលគំរោងនេះប្រកាសសាងសង់ឡើងវិញ និងរំពឹងបញ្ចប់ការសាងសង់តាមផែនការរបស់ក្រុមហ៊ុន ព្រោះតំបន់នេះ ជាតំបន់ល្អ ដោយសារវាស្ថិតនៅជាប់ផ្លួវធំៗពីរ ហេតុនេះនៅពេលគំរោងនេះសាងសង់ចប់ វានឹងជួយលើកកំពស់តម្លៃអចលនទ្រព្យនៅតំបន់នេះបន្ថែមទៀត។

លោកបន្តថា “ការទុកចោលអាគារបែបនពយូរមិនមែនជារឿងល្អទេ តែការប្រកាសសាងសង់ពេលនេះជារឿងត្រូវអបអរសាទរ ព្រោះវានឹងជួយលើកកំពស់សោភ័ណភាពក្រុងភ្នំពេញបន្ថែមទៀត។
ក្រុមហ៊ុន YUNWOO Co, Ltd ម្ចាស់ GOLD TOWER42 កាលពីថ្ងៃម្សិលម៉ិញបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្រុមហ៊ុនSHENGZHENG HONGTOAO Decoration និងក្រុមហ៊ុនWAIMAN Construction& Engineering (Macao China) ដើម្បីចាប់ផ្តើមសាងសង់អាគារនេះឡើងវិញ នៅដើមឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ជាផ្លូវការនៅឆ្នាំ២០១៩ខាងមុខនេះ។
លោក KIM TAE YEON អគ្គនាយកក្រុមហ៊ុន YUNWOO Co, Ltd បានថ្លែងប្រាប់ក្រុមអ្នកសារព៌តមាន ក្រោយបញ្ចប់ពិធីចុះកិច្ចព្រមព្រៀងសាងសង់ឡើងឡើងវិញនូវមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ២៤០លានដុល្លារនេះថា “ខ្ញុំបានសន្យាជាមួយនាយករដ្ឋមន្ត្រីហ៊ុន សែននិងប្រជាជនកម្ពុជាថា នឹងបញ្ចប់ការសាងសង់អាគារនេះ នៅចុងឆ្នាំ២០១៩ខាងមុខនេះយ៉ាងពិតប្រាកដ។ លោកបន្តថា “អាគា រGold Tower 42 នឹងចាប់ផ្តើមលក់ជាថ្មីនៅពេលគ្រោងអាគារនេះបញ្ចប់ ហើយយើងនឹងផ្តល់ឲ្យអតិថិជនដឹងថា អាគារនេះមានលក្ខណៈពិសេសដូចម្តេច នៅពេលសាងសង់ចប់ហើយយើងមានទំនុកចិត្តថា វានឹងទទួលបានជោគជ័យ។

អាគារ Gold Tower 42 បានបញ្ចប់ការសាងសង់ដល់ជាន់ទី៣១រួចហើយ។ អាគារនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានចំណតយានយន្តក្រោមដីចំនួន៥ជាន់ និងចាប់ពីជាន់ទី១ដល់ទី៣ ជាផ្សារទំនើប ចាប់ពីជាន់ទី៤ដល់ជាន់ទី១២ ជាអាគារការិយាល័យ និងពីជាន់ទី១៣ដល់ជាន់ទី៤២ជាខុនដូ ដែលមានផ្ទះចំនួន៣៩៩យូនីត។
លោក Kim Tae Yeon បានបន្តថា រហូតមកទល់ពេលនេះ អាគារ Gold Tower បានចំណាយប្រាក់អស់១០០លានដុល្លាររួចហើយ ហើយយើងនឹងចំណាយទឹកប្រាក់១៤០លានដុល្លារទៀត ដើម្បីបញ្ចប់គំរោងនេះជាផ្លូវការ។
អគ្គនាយកក្រុមហ៊ុន SHENGZHENG HONGTAO DECORATION Co, Ltd លោក LIU NIAN XIN បានមានប្រសាសន៍ថា លោកបានចាប់អារម្មណ៍ចំពោះអាគារនេះ និងមានភាពរីករាយ ដើម្បីសហការសាងសង់អាគារនេះបញ្ចប់នាចុងឆ្នាំ២០១៩ខាងមុខ។ លោកបន្តថា ប្រសិនជានៅប្រទេសចិនវិញ ការសាងសង់អាគារនេះនឹងមិនចំណាយពេលយូរទេ ព្រោះគុណភាពសំណង់របស់អាគារនេះនៅល្អណាស់ មិនមានបញ្ហាអ្វីនោះទេ។

លោកបន្តថា “ខ្ញុំនឹងបញ្ចប់ការសាងសង់អាគារនេះតាមផែនការ និងធ្វើឲ្យប្រាកដថាអាគារនេះនឹងមានភាពលេចធ្លោ និងអស្ចារ្យសម្រាប់ជា Landmark នៃទីក្រុងភ្នំពេញ។លោកបន្តថា “គ្រោងអាគារនេះនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៨ ហើយអាគារទាំងមូលនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខ។
អាគារនេះបានផ្អាកការសាងសង់ នៅកំឡុងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០០៨ និងបានសាងសង់ឡើងវិញនៅកំឡុងឆ្នាំ២០១០ ដែលធ្វើឲ្យអាគារនេះសាងសង់សម្រេចបាន៣១ជាន់ ហើយបានផ្អាកការសាងសង់ឡើងវិញរហូតមកទល់ពេលនេះ៕