ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន កាលពីចុងសប្តាហ៍មុន លោកWei Qianjiang ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd បានសន្យាថា លោកនឹងរៀបចំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា នៅប្រទេសឡាវឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពជាងនេះ ដើម្បីទាក់ទាញទេសចរឡាវ និងទេសចរចិនផងដែរ។
លោកបានបន្តថា ក្រុមហ៊ុន Alpha Data Technology Lao Sole របស់លោកគ្រោងនឹងសាងសង់ រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រ នៅខេត្តព្រះសីហនុ ដែលអាចទាក់ទាញទេសចរទាំងក្នុងនិងក្រៅស្រុក។
ក្រុមហ៊ុនរបស់ឡាវមួយនេះ គឺប្រតិបត្តិការលើការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសឡាវ និងវិនិយោគលើវិស័យអចលនវត្ថុ ហើយពិសេសទៀតនោះ ក៏ជាក្រុមហ៊ុនវិនិយោគ លើវិស័យទេសចរណ៍ធំមួយផងដែរ។
ឆ្លើយតបនឹងសំណើរបស់ភាគីកម្ពុជា លោក វ៉ី ឈានជាំង សន្យាថានឹងជួយជំរុញឱ្យមានការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។
លោក ថោង ខុន បានរំឭកពីជំនួបរវាងនាយករដ្ឋមន្រ្តីឡាវ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាជាគោលដៅទេសចរណ៍ ដែលអាចទាក់ទាញទេសចរឡាវ និងទេសចរចិនដែលមកតាមរថភ្លើងពីប្រទេសចិន។
លោករដ្ឋមន្ត្រីក៏បានស្នើ ឱ្យតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំនៅប្រទេសឡាវ ធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយ និងសហការជាមួយផ្នែកឯកជន ដើម្បរៀបចំលក់កញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរឡាវ និងទេសចរចិនមកទស្សនារាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់សមុទ្រ ដែលអាចទាក់ទាញទេសចរឡាវច្រើន ព្រោះប្រទេសឡាវពុំមានសមុទ្រនោះទេ។
លោកបានបន្ថែមទៀតថា នៅថ្ងៃទី១២-១៥ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ លោកនឹងដឹកនាំប្រតិភូ និងក្រុមហ៊ុនឯកជនចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តី ថ្នាក់អគ្គនាយ និងផ្នែកឯកជននៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហការផ្សព្វផ្សាយ និងជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ។ លោកថែមទាំងបានស្នើឱ្យលោក វ៉ី ឈានជាំង ចូលរួមកិច្ចប្រជុំផ្នែកឯកជននាពេលនោះដែរ៕