GGGIគ្រោងសិក្សាលើកកំពស់គុណភាពខ្យល់នៅទីក្រុងសំខាន់ចំនួន២របស់កម្ពុជា

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ វិទ្យាស្ថានកំណើនបៃតងសកល (GGGI) គ្រោងនឹងសិក្សា អំពីគម្រោងលើកកម្ពស់គុណភាពខ្យល់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប នៃខេត្តសៀមរាប។

ការសិក្សាគម្រោងនេះ គ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខ ដែលប៉ាន់ស្មានថា នឹងត្រូវចំណាយរយៈពេលសិក្សាចំនួន២ឆ្នាំ ដែលទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD។

ព៌តមានដ៏សំខាន់នេះ ត្រូវបានលើកឡើងដោយកញ្ញាShomi Kim តំំណាងវិទ្យាស្ថានGGGI ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារ​ណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៦ មិនាកន្លងមកនេះ។

លើសពីនេះគម្រោងសិក្សាទាក់ទង នឹងការគ្រប់គ្រងកាកសំណ​ល់ និងលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅ ក៏ត្រូវបានបញ្ចូលទៅក្នុងផែនការរបស់វិទ្យាស្ថាន ក្នុងពេលខាងមុខផងដែរ។

ជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិ​នបើការសិក្សាសម្រេចបាន លទ្ធផលជោគជ័យតាមការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានសម្តែងនូវសុទិដ្ឋនិយម និងឆន្ទៈក្នុងការគាំទ្រ លើរាល់សកម្មភាពដែលវិទ្យាស្ថានកំពុង ក៏ដូចជាគ្រោងនឹងអនុវត្តនាពេលអនាគត នៅក្នុងប្រទេសកម្ពុជា។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោ​យ​ថាមពលអគ្គិសនី លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា ក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើន ការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថាន ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន។

ទេសរដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយ បញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើន នៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា។

ប្រតិភូGGGI បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ លើគម្រោងអភិវឌ្ឍន៍នានា ដែលទាក់ទងនឹងការលើកកម្ពស់អនាម័យ បរិស្ថាន និងបានសម្តែងនូវការកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការងារមួយនេះ ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

វិទ្យាស្ថានកំណើនបៃតងសកល (GGGI) គឺជាអង្គការអន្តររដ្ឋាភិបាល អន្តរជាតិ មានមូលដ្ឋានលើសន្ធិសញ្ញា ដែលគាំទ្រ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងនិរន្តរភាព នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here